កីឡាការិនីរត់ចម្ងាយ​កូនកាត់​ខ្មែរ-បារាំង​ម្នាក់ចង់ក្លាយជាម្រើសជាតិកម្ពុជាក្រោយ​គ្រង​ជើងឯក៣លើកជាប់គ្នា

499

សៀមរាបៈ កីឡាការិនីរត់​ចម្ងាយ Phai Laurie ដែលមាន​ឪពុក​ជា​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​បារាំង បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង ក្រោយ​បាន​ចូលរួម​ព្រឹត្តិការណ៍ Angkor Ultra Trail 2019 នៅ​ខេត្តសៀមរាប ក្នុងនាម​កីឡាការិនី​កម្ពុជា ហើយ​បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ ៣២គីឡូម៉ែត្រ ៣ឆ្នាំ​ជាប់​គ្នា ។

ទន្ទឹម​ជាមួយគ្នា នាង​ក៏បាន​បង្ហើប​ពី​ក្ដី​ស្រ​ម៉ៃ ចង់​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា​ទៀតផង ។

Phai Laurie បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ តាំងពី​ឆ្នាំ២០១៧ មកម្ល៉េះ ដោយ​រត់​លើ​វិញ្ញាសា ៣២គីឡូម៉ែត្រ ហើយ​តែង​រត់​ដល់ទី​មុនគេ តែ​ឆ្នាំនេះ នាង​ធ្វើបាន​កាន់តែ​ល្អ ដោយ​ប្រើ​រយ:ពេល​រត់ ២ម៉ោង ៤៤នាទី និង ៣៨វិនាទី ។ តែ​អ្វីដែល Laurie សប្បាយចិត្ត​ខ្លាំង មិន​ត្រឹមតែ​ការទទួលបាន​ចំណាត់ថ្នាក់​លេខ១ នោះទេ គឺ​នាង​សប្បាយ​បាន​ចូលរួម​តំណាង​ឲ្យ​កម្ពុជា ដែលជា​ប្រទេស​កំណើត​របស់​ឪពុក​ខ្លួន ។ នេះ​បើតាម​ការបញ្ជាក់​ក្រោយ​ពិធី​បំពាក់​មេដាយ​កាលពី​ម្សិលមិញ ។

កីឡាការិនី​កូនកាត់​ខ្មែរ-បារាំង​រូបនេះ និយាយថា «ខ្ញុំ​ចូលរួម​រត់ ៣២គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra trail ព្រោះ​ខ្ញុំ​មាន​ឪពុក​ជា​ខ្មែរ ។ ខ្ញុំ​ពិតជា​មាន​មោទនភាព​មែនទែន ដែល​បានមក​ចូលរួម​ក្នុងនាម​តំណាង​ជាតិខ្មែរ» ។ បន្ទាប់មក​នាង បាន​ឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​បំណងប្រាថ្នា​ក្លាយជា​កីឡាការិនី​ជម្រើសជាតិ​ថា «នេះ​គឺជា​ក្ដី​សុបិន​របស់ខ្ញុំ បើសិន​មានលទ្ធភាព​ចូល​ជម្រើសជាតិ​កម្ពុជា គឺ​ខ្ញុំ​រីករាយ និង​សប្បាយចិត្ត​ណាស់ ហើយ​បើសិនជា​អាចជួយ​ឲ្យ​កីឡា​ខ្មែរ​រីកចម្រើន​ទៀត ខ្ញុំ​កាន់តែ​សប្បាយចិត្ត» ។

ទន្ទឹម​ជាមួយគ្នា​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) បាន​សម្ដែង​ការពេញចិត្ដ​ខ្លាំង ចំពោះ​កីឡាការិនី​កូនកាត់​ខាងលើ ដែលមាន​មនសិការ​ស្នេហា​ជាតិ​ខ្ពស់ និង​ចង់​ជួយ​ជាតិ ខុសពី​មនុស្ស​នៅក្រៅ​ប្រទេស​មួយចំនួន​តូច ដែល​កំពុង​បំផ្លាញ​ជាតិ ។

ដោយហេតុនេះ​លោក​រដ្ឋមន្ដ្រី បាន​សម្ដែង​ការស្វាគមន៍ និង​លើកទឹកចិត្ត​កីឡាការិនី Phai Laurie ឲ្យ​បន្ដ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែមទៀត ដើម្បី​សម្រេច​បំណងប្រាថ្នា​របស់ខ្លួន ពិសេស​គឺ​ការប៉ង​រត់​ម៉ា​រ៉ា​តុង ក្នុង​ស៊ី​ហ្គេម ឆ្នាំ២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​តែម្ដង ។

បន្ថែម​លើ​នេះ លោក ថោង ខុន ក៏បាន​បញ្ជាក់​ពី​ជោគជ័យ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ Angkor Ultra Trail លើក​ទី៤ ឆ្នាំ២០១៩ ដែលមាន​កំណើន​អ្នកចូលរួម ៣៥% ពិសេស​កា​រត់​ចម្ងាយ​ឆ្ងាយ ១២៨គីឡូម៉ែត្រ ដោយ​រត់​កាត់​ស្បៃ​រាត្រី កាត់​ភូមិ-ឃុំ និង​តំបន់​បេតិកភណ្ឌ​សៀមរាប​អង្គរ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​សន្ដិភាព​ក្នុងប្រទេស​កម្ពុជា​យ៉ាង​ពេញលេញ ធ្វើ​ឲ្យ​អ្នកចូលរួម​មានការ​សប្បាយ​ចិត្ត និង​រត់​ដល់ទីគ្រប់ៗគ្នា ក្នុងនោះ​ក៏មាន​ការចូលរួម​ស្វាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​រាត្រី​ផងដែរ ។

ដូច្នេះ​លោក​សង្ឃឹមថា ឆ្នាំក្រោយ​នឹងមាន​អ្នកចូលរួម​កាន់តែច្រើន ស្របពេល​គណៈកម្មការ​ត្រៀម​រៀបចំ​កាន់តែ​ធំ ដើម្បី​អបអរ​ខួប ៥ឆ្នាំ ៕

Loading...