ភ្នំពេញ: ក្រុមហ៊ុនចិន CONCH VENTER Holding Group គ្រោងនឹងវិនិយោគលើថាមពលពីសំរាមនៅខេត្តកំពង់ចាម ដើម្បីរួមចំណែកបង្កើនតម្រូវការប្រើប្រាស់ថាមពល។ នេះបើតាមអភិបាលខេត្ត។
លោក Ji Qiyin ប្រធានក្រុមហ៊ុន CONCH VENTER Holding Group បានបង្ហាញគម្រោងលើថាមពលពីសំរាមនៅក្នុងជំនួបពិភាក្សាជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃចន្ទ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមក្រុមហ៊ុនចិននេះបានចុះមកសិក្សាផ្ទាល់នៅទីតាំងចាក់សំរាម និងទីតាំងសម្រាប់ធ្វើការកែច្នៃសំរាមនៅខេត្តកំពង់ចាមកាលពីថ្ងៃចន្ទ។
លោកថ្លែងថា៖ «កំពុងសិក្សាពីលទ្ធភាពសំរាម ដើម្បីបំលែងជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅក្នុងខេត្តកំពង់ចាមជាជំហានបឋម ក្រុមហ៊ុននេះបានចុះមកពិនិត្យទីតាំងកន្លែងចាក់សំរាម និងទីតាំងសម្រាប់កែច្នៃដែលរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំទីតាំងមួយកន្លែងធ្វើការកែច្នៃសំរាម»។ លោកបន្ថែមថា បន្ទាប់ពីចុះមកសិក្សាផ្ទាល់ ក្រុមហ៊ុននេះនឹងបង្ហាញរបាយការណ៍ពីលទ្ធផលសិក្សាដល់អាជ្ញាធរខេត្តកំពង់ចាមក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃទៀត។
លោកបានបន្តថា៖ «ការបំលែងថាមពលអគ្គិសនីពីសំរាម វាជារឿងមួយល្អ ដែលស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាល និងការបម្រើជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ»។
បើតាមលោក អ៊ុន ចាន់ដា បច្ចុប្បន្នក្នុងខេត្តកំពង់ចាមមានសំរាមជាមធ្យម ២៥០ តោន ក្នុង ១ ថ្ងៃ ដែលត្រូវបានយកទៅចាក់បំពេញទីលានចាក់សំរាមស្ថិតនៅស្រុកចំការលើខេត្តនេះ។ លោកបន្តថា៖ «ប្រសិនបើគម្រោងនេះអាចកើតមានឡើង វានឹងជួយបំពេញតម្រូវការថាមពលដល់វិស័យរោងចក្រកាត់ដេរដែលមាន ១៦ ទីតាំងនៅទីនេះ ដើម្បីបង្កើនចង្វាក់ផលិតកម្ម»។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនចិន Li Yu Heng Cambodia Construction ក៏បានបង្ហាញផែនការការវិនិយោគការកែច្នៃសំរាមបំលែងទៅជាថាមពលនៅខេត្តព្រះសីហនុ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនលោក គួច ចំរើន ស្វាគមន៍គំនិតផ្តួចផ្ដើមនេះ និងជំរុញឲ្យក្រុមហ៊ុននេះសិក្សា និងចាប់ផ្ដើមគម្រោងនេះឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ លោកថ្លែងថា៖ «យើងស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុននេះក្នុងការវិនិយោគលើការផលិតថាមពល ដោយបំលែងពីសំរាម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីខែតុលាក៏បានសម្រេចឲ្យក្រសួងរ៉ែ និងថាមពលស្វែងរកការវិនិយោគបង្កើតរោងចក្រអគ្គិសនីដោយការដុតសំរាមផងដែរ។
ទិន្នន័យផ្លូវការបានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ប្រទេសចិនបានវិនិយោគប្រហែល ១៤,៧ ពាន់លានដុល្លារនៅកម្ពុជាចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦។ ចាប់ពីឆ្នាំ ១៩៩៣ ដល់ចុងឆ្នាំ ២០១៧ ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងកម្ចីសម្បទានជាមួយដៃគូអភិវឌ្ឍន៍ចំនួន ៩,៦ ពាន់លានដុល្លារ។
តួលេខចុងក្រោយបំផុតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្ហាញថា រដ្ឋាភិបាលបានអនុម័តការវិនិយោគប្រហែល ៥,២ ពាន់លានដុល្លារ នៅឆមាសទី ១ ឆ្នាំនេះ។ តួលេខនេះគឺកើនឡើង ៤៨,៥ ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមវិនិយោគិនក្នុងស្រុកមានចំនួន ៦៨,៤ ភាគរយ នៃការវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិនស្មើនឹង ២៥,៤ ភាគរយ៕