
ភ្នំពេញ៖ នាវាដឹកវត្ថុធាតុដើមប្រមាណ ១៩១ទូបានចូលមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។
ជំងឺកូវីត១៩ ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាកខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន ៥០ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត ២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់។ ការព្យួរការងារនេះ រោងចក្រខ្លះព្យួរពីរសប្តាហ៍ ខ្លះព្យួរមួយខែ និងខ្លះទៀត សុំព្យួរពីរខែ។
គូសបញ្ជាក់ថា នាវាចំនួន៧គ្រឿងនេះ នឹងដឹកវត្ថុធាតុដើមទៅមករហូតដល់បញ្ហាបណ្តាលមកពីជំងឺកូវីត១៩ត្រូវបានបញ្ចប់។ ក្នុងនោះនាវា ៥គ្រឿង នឹងដឹកទំនិញចូលកំពង់ផែក្រុងព្រះសីហនុ រីឯនាវាពីរទៀតដឹកវត្ថុធាតុដើមចូលទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយដឹកបន្តតាមរថយន្តទៅផ្គត់ផ្គង់រោងចក្រនានានៅក្រុងបាវិត ខេត្តស្វាយរៀង៕