កីឡាករចំនួន ៦៤នាក់ មកពី ១៧ក្លឹបនៃរាជធានី-ខេត្តនានា បានចូលរួមប្រកួតប្រជែងជើងឯក នៅក្នុងការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដោយបើកការប្រកួតនៅព្រឹកថ្ងៃអង្គារ ទី ៥ រហូតដល់ថ្ងៃទី ៧ ខែមករា ឆ្នាំ២០២១ នេះ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានឱ្យដឹងថា កីឡាករដែលចូលរួមចំនួន ៦៤ នាក់នេះ មកពី ១៧ក្លឹប ដោយ ៧ក្លឹប មកពីខេត្តចំនួន ៧ និង ១០ក្លឹប ទៀតនៅរាជធានីភ្នំពេញ ក្រោមការរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងទទួលបានថវិកាគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានៃគម្រោងថវិកា ៣មុខសញ្ញា គឺរដ្ឋបាល ២០ភាគរយ ការបណ្តុះបណ្តាល ៣៥ភាគរយ និងការប្រកួត ៤៥ភាគរយ។
សហព័ន្ធបានចាត់ទុកថា ការប្រកួតនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរមរតកដូនតាខ្មែរ ដើម្បីបន្តការអរិរក្ស និងអភិវឌ្ឍន៍ប្រភេទកីឡាប្រពៃណីវប្បធម៌ជាតិមួយនេះទាំងថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ ជាពិសេសគឺសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។
នេះជាលើកទី៣ ដែលសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឡើង ចាប់តាំងពីសហព័ន្ធត្រូវបានបង្កើតឡើងជាផ្លូវការ ចាប់តាំងពីឆ្នាំ២០១៧ មក៕