ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាដល់កីឡាករ-កីឡាការិនីជយលាភីចំនួន ៣ប្រភេទកីឡា រួមមានកីឡាវ៉ូវីណាម កីឡាហ្គីលម៉ូដូ និងកីឡាប៉េតង់ ដែលដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍អន្ដរជាតិនានាកាលពីឆ្នាំ២០១៩ នូវទឹកប្រាក់សរុបចំនួន ១,៤៣១លានរៀល។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្រោមវត្តមានលោក ប៊ូ ជុំសេរី និងលោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជយលាភី។
កីឡាវ៉ូវីវៀតណាម ជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ ដែលធ្វើនៅកម្ពុជា ដោយមាន ២៤ប្រទេសចូលរួម។ កម្ពុជាទទួលបានមេដាយមាស ៩គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរិទ្ធ ៩គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ១,១២១លានរៀល។
កីឡាតុងហ្គីលម៉ូដូ ជើងឯកពិភពលោក ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ ដែលមាន ២១ប្រទេសចូលរួម។ កម្ពុជាដណ្ដើមបានមេដាយសំរិទ្ធ ៣គ្រឿង ទទួលបានប្រាក់រង្វាន់សរុប ៥២លានរៀល។
កីឡាប៉េតង់ ជើងឯកអាស៊ី លើកទី៣ ឆ្នាំ២០១៩ នៅវៀតណាម មាន ១១ប្រទេសចូលរួម។ កម្ពុជាដណ្ដើមបានមេដាយមាស ៤គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង សរុបប្រាក់រង្វាន់ទទួលបានចំនួន ២៥៨លានរៀល៕