ឆ្នាំ២០២០ជាឆ្នាំយុទ្ធសាស្ត្រសម្រាប់កីឡាកាយសម្ព័ន្ធកម្ពុជាត្រៀមឈានទៅដណ្ដើមមេដាយពីស៊ីហ្គេមឆ្នាំ២០២៣

78

មន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានចាត់ទុកឆ្នាំ ២០២០ ថា ជាឆ្នាំយុទ្ធសាស្ត្រសម្រាប់ឈានទៅដណ្ដើមមេដាយពីស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានថ្លែងបែបនេះ គឺក្នុងពេលដែលអ្នកសារព័ត៌មានបានជួបផ្ទាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីពេលថ្មីៗនេះ។ លោកថា តាមផែនការមេស៊ីហ្គេម គឺសហព័ន្ធមានគម្រោងបញ្ជូនអត្តពលិកចេញទៅហ្វឹកហាត់នៅប្រទេសជឿនលឿនផ្សេងៗ ហើយក៏មានគម្រោងអញ្ជើញគ្រូពីបរទេសឲ្យមកជួយបង្វឹកបង្ហាត់កីឡាករ-ការិនីនៅក្នុងស្រុក ក៏ដូចជាអញ្ជើញអ្នកជំនាញពីសហព័ន្ធអន្តរជាតិឲ្យមកជួយបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសរបស់យើងឲ្យមានសមត្ថភាពកម្រិតអន្តរជាតិផងដែរ ប៉ុន្តែអ្វីៗត្រូវបានអាក់ខានទាំងអស់ដោយសារវិបត្តជម្ងឺកូវីដ១៩។

លោកថា ទោះបីជាមានឧបស័គ្គ រារាំងបែបនេះក្ដីក៏សហព័ន្ធបានខិតខំរៀបចំកម្មវិធីឲ្យកីឡាករ-ការិនី ព្យាយាមហ្វឹកហាត់ដោយខ្លួនឯងតាមផ្ទះមិនដែលអាក់ខានឡើយ។ ដូច្នេះលោកសង្ឃឹមថា ស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាមគឺជាវេទិកាសម្រាប់ធ្វើតេស្តសមត្ថភាពកីឡាករ-ការិនីកម្ពុជា ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។ លោកអគ្គលេខាធិការបានបន្ថែមថា នៅស៊ីហ្គេមឆ្នាំ២០២៣សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានដាក់ទិសដៅថាត្រូវតែរកមេដាយឲ្យបានទោះបីមិនទាន់ហ៊ានធានាបានដល់មេដាយមាសក៏ដោយ។

សូមបញ្ជាក់ថា កាយសម្ព័ន្ធជាប្រភេទកីឡាអូឡាំពិកមួយដែលមានការពេញនិយមខ្លាំងលើពិភពលោក ។ កីឡាបែបសម្ដែងមួយនេះបានហូរចូលមកកម្ពុជាជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែហាក់ពុំសូវមានសក្ដានុពលលើឆាកអន្តរជាតិប៉ុន្មានទេ ពោលគឺរាល់ការប្រកួតកម្រិតអន្តរជាតិនានា ដូចជា កម្រិតអាស៊ានស៊ីហ្គេម កម្រិតអាស៊ី ឬ កម្រិតពិភពលោកជាដើម គឺអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជាមិនដែលទទួលបានផ្លែផ្កាធំដំមកជូនជាតិប៉ុន្មាននោះទេ ខណៈដែលស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះគឺសហព័ន្ធបានប្ដេជ្ញារកមេដាយឲ្យបានទោះជាមិនបានមេដាយមាសក៏ដោយ៕

Loading...