អ្នក​ប្រដាល់​ឡៅ​ចិត្រា​ជា​សះ​ស្បើយ​ពី​កូវីដ​១៩​ខណៈ​ដែល​ភរិយា​កំពុង​ព្យាបាល​

124

អ្នក​ប្រដាល់​ល្បី​ល្បាញ​ ឡៅ ​ចិត្រា​ ជា​កីឡាករ​ម្ចាស់​ខ្សែ​ក្រវាត់​ ៣​ស្ថាប័ន​ និង​ជា​ម្ចាស់​មេដាយ​សំរិទ្ធ​ ស៊ី​ហ្គេម​ ពីរ​ជំនាន់​ជាប់ៗ​គ្នា​ឆ្នាំ​២០១៧ ​និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​ នៃ​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិ​សេស  ​បាន​ជា​សះ​ស្បើយ​ពី​ជម្ងឺ​កូវីដ​១៩​ហើយ​ និង​បាន​ចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​។​ ជា​មួយ​គ្នា​នេះ​បង​ប្រុស ​ឡៅ​ស៊ី ​ណាត ​ជា​គ្រូ​ជំនួយ​ជម្រើសជាតិ​​និង​កីឡាករ​ជា​បង​ប្រុស​ម្នាក់​ទៀត ​ឡៅ​ ចន្ទ្រា​ និង​សិស្ស​ប្អូន​ខេម ​ចាន់​ កំពុង​ជាប់​ធ្វើ​ចត្តា​ឡី​សក្តិ​រង់​ចាំ​ពិនិត្យ​សំណាក​ជា​ថ្មី​។​បន្ថែម​ពី​លើ​នេះ​ភរិយា​របស់​ ឡៅ ​ចិត្រា​ គឺ​គឺ​លោក​ស្រី ​វ៉េត ​ដារុន​កំ ពុង​សម្រាក​បាល​នៅ​ឯ​ស្រុក​កំណើត​ក្រុង​កែប​ខេត្ត​កែប​នៅ​ឡើយ​។​

ឡៅ​ ចិត្រា​ បាន​និយាយ​ថា​៖ ​ខ្ញុំ​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​កូវីដ​ ១៩ ​នេះ​ ក្នុង​បេសកកម្ម​បំរើ​ការងារ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព្យាបាល​ទូល​ពង្រ​ជិត​ផ្លូវ​វេង​ស្រេង​ក្នុង​រាជ​ធានី​ភ្នំពេញ​តាំង​ពី​ថ្ងៃ​ទី​១៨​ខែ​ឧសភា​ឆ្នាំ​២០២១ ​រយៈ​ពេល​ជាង​ ១០​ថ្ងៃ​ ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ឃើញ​អវិជ្ជមាន​ទើប​គ្រូ​ពេទ្យ​អនុញាត​ឲ្យ​ចេញ​មក​ផ្ទះ​។​ ចំណែក​ប្រពន្ធ​ខ្ញុំ​ដែល​បាន​ឆ្លង​ពី​ខ្ញុំ​នោះ​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​ក្រុង​កែប​ខេត្ត​កែប​ដែល​ចាប់​នៅ​ស្រុក​កំណើត​។​

ឡៅ ​ចិត្រា​ បន្ថែម​ថា​​ «ខ្ញុំ​បាទ​​ត្រូវ​បាន​គ្រូ​ពេទ្យ​ពិនិត្យ​ជា​លើក​ទី​៣​អស់​ជម្ងឺ​កូវីដ​១៩​ ហើយ​។ ​ខ្ញុំ​សូម​ អរគុណ​ខ្លាំង​ណាស់​ត្រេក​អរណាស់​ចំពោះ​ការ​យក​ចិត្តទុក​ដាក់​ព្យាបាល​ពី​គ្រូ​ពេទ្យ​ប៉ុន្តែ​នៅ​ប្រពន្ធ​ខ្ញុំ​កំពុង​សម្រាក​ព្យាបាល​នៅ​ឡើយ​។ ​ខ្ញុំ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ប៉ុន្តែ​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​ផ្ទះ​បន្ត​ទៀត​នៅ​ឯ​ភូមិ​អូ​ក្រសា​ ឃុំ​អូ​ក្រសា​ ក្រុង​កែប ​ខេត្ត​កែប​ជា​ស្រុក​កំណើត​ខាង​ប្រពន្ធ​។

លោក ​ឡៅ​ ស៊ី​ណាត ​ជា​បង​ប្រុស​ និង​ជា​គ្រូ​ជំនួយ​បាន​ប្រាប់​ថា​៖​ គ្រួសារ​ខ្ញុំ​កំពុង​ជាប់​ធ្វើ​ចត្តា​ឡី​ស័ក​ក្នុង​នោះ​ក៍​មាន​ប្អូន ​ឡៅ​ចន្ទ្រា​ និង​កីឡាករ ​ខេម ​ចាន់ ​ជា​សិស្ស​ប្អូន​ផង​ដែរ​ពី​ព្រោះ​ជាប់​ពាក់​ព័ន្ធ​គ្នា​។​​ លោក​ ឡៅ​ ស៊ី​ណាត ​បន្ថែម​ថា​៖ ​ចិត្រា​ វា​ត្រូវ​គ្រូ​ពេទ្យ​បាន​រក​ឃើញ​មាន​ផ្ទុក​មាន​វិជ្ជមាន​បន្ទាប់​ពី​វា​ចុះ​បេសកកម្ម​ចែក​អំណោយ​ផ្សេងៗ​ដែល​ការងារ​អង្គភាព​ដាក់​ឲ្យ​ធ្វើ​ការ​បំរើ​ប្រជាពល​រដ្ឋ​មាន​ចែក​អំណោយ​និ ង​ដឹក​ជញ្ជូន​ជា​ច្រើន​កន្លែង​ច្រើន​តំបន់​ពិសេស​តំបន់​មាន​បញ្ហា​ឆ្លងកូវីដ​១៩​​ហើយ​បន្ទាប់​មក​គ្រូ​ពេទ្យ​បាន​ពិនិត្យ​ឃើញ​វា​មាន​មេរោគ​កូវីដ១៩​ និង​បាន​ចូល​សម្រាក​ព្យាបាល​ជិត​កន្លះ​ខែ​មក​ហើយ​។​យ៉ាង​ណា​ក៍​ខាង​គ្រួសារ​ និង​កីឡាករ​ពាក់​ព័ន្ធ​ត្រូវ​បាន​គេ​ឲ្យ​ធ្វើ​ចត្តា​ឡី​ស័ក​មិន​ទាន់​បាន​ចប់​នៅ​ឡើយ​ហើយ​បន្ទាប់​មក​ត្រូវ​រង់​ចាំ​ការ​ពិនិត្យ​សំណាក​ជា​ច្រើន​លើក​សិន​ដែរ​។

គួរ​រម្លឹក​បញ្ជាក់​ថា​៖​ បង​ប្អូន​បង្កើត​ប្រុស​ទាំង​បី​នាក់​នេះ​ជា​កីឡាករ​ឆ្នើម​និង​ទទួល​បាន​ក្រប​ខ័ណ្ឌ​ជា​កង​ទ័ព​នៅ​ក្នុង​អង្គ​ភាព​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​(៩១១)​។​សម្រាប់​ឆ្នាំ​២០២១​នេះ​កីឡាករ​ឡៅ​ចិត្រា​រក្សា​ទម្ងន់​មិន​បាន​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រ​កួត​ប្រជែង​ជើង​ឯក​ប្រ​ចាំ​ឆ្នាំ​២០២០​ប៉ុន្តែ​សមត្ថភាព​និង​ស្នាដៃ​របស់​ឡៅ​ចិត្រា​ល្អ​ផ្តាច់​គេ​ពោល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន​៣​ស្ថាប័ន​ពិសេស​ចេញ​ប្រ​កួត​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​និង​ស៊ី​ហ្គេម​ឆ្នាំ​២០១៩​កន្លង​មក​ឈ្នះ​បាន​មេដាយ​សំរិទ្ធ​ចំនួន​ពីរ​លើក​។​សម្រាប់​ឆ្នាំ​២០២១​នេះ​ឡៅ​ចិត្រា​ជាប់​ជម្រើស​ជាតិ​ប្រដាល់​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គី​ឡូក្រាម​ស្ទួន​ជា​មួយ​កីឡាករ​លន​បញ្ញា​ខណៈ​ដែល​បង​ប្រុស​ឡៅ​ចន្ទ្រា​ជាប់​ជម្រើសជាតិ​ប្រ​ភេទ​ទម្ងន់​៧១​គីឡូក្រាម​ហើយ​បង​ប្រុស​ឡៅ​ស៊ីណាត​ជាប់​ជា​គ្រូ​ជំនួយ​ជម្រើស​ជាតិ​ផង​ដែរ​៕​

 

Loading...