អ្នក​ប្រដាល់​ជើង​ថ្មី​ សំ​អាន​ ផ្ដួលជើងខ្លាំង ​សេន​កុសល​ និង​គង់​ហូវយក​ប្រាក់​រង្វាន់​សប្តាហ៍​ទី​៦៨​

110

អ្នក​ប្រដាល់​ជើង​ថ្មី​សំ​អាន​មក​ពី​ក្លិប​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​បាន​ឈ្នះ​ប្រាក់​លាន​ប្រ​ចាំ​សប្តាហ៍​ទី​៦៨​មួយ​លើក​ទៀត​បន្ទាប់​ពី​ចូល​ប្រ​កួត​កម្ម​វិធី​លក្ខណៈ​ម៉ារ៉ាតុង​គុន​ខ្មែរ​ដោយ​ផ្តួល​កីឡាករ​ជើង​ចាស់​សេន​កុសល​ក្លិប​ម៉ោង​ឬស្សី​ខេត្ត​បាត់​ដំបង​ឲ្យ​សុំ​ចុះ​ចាញ់​តដៃ​លែង​រួច​ក្នុង​ទឹក​ទី​២​ក្នុង​វគ្គ​​ជម្រុះ​និង​ឈាន​ទៅ​ផ្តួល​ជើង​ចាស់​ម្នាក់​ទៀត​កីឡាករ​គង់​ហូវ​មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​​ខេត្ត​សៀម​រាប​ឲ្យ​សន្លប់​ធំ​ដូច​គ្នា​ក្នុង​ទឹក​ទី​២​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​៤​ខែ​មេសា​ឆ្នាំ​២០២១​នៅ​សង្វៀន​ថោន​។​ជយ​ជម្នះ​នេះ​កីឡាករ​សំ​អាន​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​៣​លាន​៤​សែន​រៀល​ភ្លាមៗ​ក្នុង​សប្តាហ៍​ទី​៦៨​នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​២​ផង​ដែរ​។​មិន​តែ​ប៉ុណ្ណោះ​កេរ្ត៍​ឈ្មោះ​របស់​គេ​ចាប់​ផ្តើម​ល្បី​ក្នុង​រយៈ​ពេល​ខ្លី​បំ​ផុត​បន្ទាប់​ពី​ផ្តួល​កីឡាករ​ជើង​ចាស់ៗ​មួយ​ចំនួន​ឱ្យ​ចុះ​ចាញ់​ជា​រឿយៗ​កន្លង​មក​។​នៅ​ក្នុង​បច្ចេកទេស​ប្រ​កួត​សំ​អាន​មាន​លក្ខណៈ​វ៉ៃ​មិន​ចេះ​សំចៃ​កម្លាំង​ហើយ​របៀប​ប្រ​កួត​របស់​គេ​ទំនង​ដូច​ជា​សិស្ស​ច្បង​របស់​គេ​មក​ពី​ក្លិប​តែ​មួយ​គឺ​កីឡាករ​ថៃ​រ៉េត​មិន​ដែល​ប្រកួត​ឱ្យ​អាជ្ញា​កណ្តាល​តឿន​ឱ្យ​ប្រឹង​ប្រ​កួត​នោះ​ឡើយ​។​វា​ដូច​ទៅ​នឹង​ការ​តាំង​ចិត្ត ​យក​ឈ្នះ​មុន​ពេល​ប្រ​កួត​មក​ម្លេះ​សំ​អាន​ដែល​មាន​មហិច្ឆិតា​ធំ​មិន​ញញើត​ដៃ​គូ​រាម​ច្បង​សង្ឃឹម​មុត​មាំ​ថា​សង្ឃឹម​ឈ្នះ​ខ្ពស់​ហើយ​ជាក់​ស្តែង​គេ​ធ្វើ​បាន​សម្រេច​ជា​មួយ​នឹង​ឈ្នះ​ទឹក​ប្រាក់​សរុប​ចំនួន​៣លាន​៤​សែន​រៀល​។​

ជើង​ខ្លាំង​ជំនាញ​ស្នៀត​ទាត់​គង់​ហូវ​ដែល​វគ្គ​ជម្រុះ​ប៉ះ​ប្រ​កួត​ជា​មួយ​សេក​ថាវរី​ឈ្នះ​ទាំង​វេទនា​ខ្លួន​នោះ​ឡើង​មក​ប៉ះ​ប្រ​កួត​ជា​មួយ​កីឡាករ​សំ​អាន​បាន​តែ​ពីរ​ទឹក​ប៉ុណ្ណោះ​គឺ​ងើម​លែង​រួច​។​​គង់​ហូវ​និយាយ​ថា​៖​ខ្ញុំ​ពិត​ជា​ចាញ់​ដោយ​អស់​ចិត្ត​ពី​ព្រោះ​កម្លាំង​វ៉ៃ​ចេញ​របស់​សំ​អាន​នេះ​សន្ធាប់​ខ្លាំង​ណាស់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គ្មាន​ឱកាស​ប្រើ​ស្នៀត​ទាត់​បាន​ពី​ព្រោះ​កណ្តាប់​ដៃ​និង​ស្នៀត​កែង​របស់​គាត់​វាយ​ចេញ​​មក​លឿនៗ​ពេក​លំបាក​ទប់​ឬ​គេច​ណាស់​។​គង់​ហូវ​បន្ថែម​ថា​៖​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្សោយ​កម្លាំង​តាំង​ពី​វគ្គ​ដំបូង​ដែល​កិឡាករ​សេក​ថាវរី​ប្តូវ​កណ្តាប់​ដៃ​ជា​មួយ​ខ្ញុំ​សឹង​តែ​អស់​ខ្សល់​សន្លប់​ម្តងៗ​ទៅ​ហើយ​។​គង់​ហូវ​ដែល​មាន​ស្នៀត​ទាត់​បាន​ល្អ​បញ្ចាក់​ថា​៖​ខ្ញុំ​ធ្លាប់​ចាញ់​មួយ​រយៈ​នេះ​៤​លើក​ជាប់ៗ​គ្នា​មិន​ទាន់​មាន​លទ្ធភាព​ឈ្នះ​ទេ​ប៉ុន្តែ​ខ្ញុំ​មិន​បោះ​បង់​មុខ​របរ​ប្រ​ដាល់​នេះ​ឡើយ​ពី​ព្រោះ​ការ​ចាញ់​បែប​នេះ​មក​ពី​ខ្ញុំ​ហ្វឹក​ហាត់​មិន​បាន​ល្អ​ធ្លាក់​កម្លាំង​ហើយ​ងាក​មក​ការ​ងារ​បន្ថែម​ដើម្បី​ប្រាក់​ចំណូល​ជួយ​គ្រួសារ​ដែល​ឪពុក​ម្តាយ​ចាស់ៗ​នៅ​ក្នុង​បន្ទុក​ផង​។​

ចំណែក​សេន​កុសល​ដែល​កន្លង​មក​សមត្ថភាព​ប្រ​កួត​លំដាប់​ខ្លាំង​មួយ​រូប​នេះ​ឃើញ​ការ​ប្រ​កួត​ទំនង​ដូច​ជា​ធ្លាក់​ចុះ​មែន​ទែន​​ដោយ​គ្មាន​សមត្ថភាព​​គ្មាន​លទ្ធភាព​តដៃ​ជា​មួយ​សំ​អាន​សោះ​។​ក្នុង​ការ​ប្រ​កួត​បាន​ចំនួន​ពីរ​ទឹក​សំ​អាន​បាន​ទាត់​ឲ្យ​ដួល​ញឹក​ញាប់​និង​វាយ​កែង​ឱ្យ​អាជ្ញា​កណ្តាប់​រាប់​ចំនួន​៣​លើក​ហើយ​នៅ​ពេល​ចប់​ទឹក​សុំ​ចុះ​ចាញ់​តែ​ម្តង​។​

ប្រ​ភព​ពី​មន្ត្រី​សហព័ន្ធ​នៅ​ក្បែរ​នោះ​ឱ្យ​ដឹង​ថា​៖​សេន​កុសល​មាន​ឈ្មោះ​បំរ៉ុង​ជា​កីឡាករ​ជម្រើស​ជាតិ​ឃិត​បុកស៊ិង​ប៉ុន្តែ​តាម​រយៈ​ប្រកួត​បែប​នេះ​មិន​អាច​យក​បាន​ទេ​។​សេន​កុសល​ក្រោយ​ពេល​ប្រ​កួត​មិន​អាច​សុំ​សម្ភាស​បាន​ទេ​ខណៈ​ដែល​សួរ​ទៅ​គ្មាន​ចម្លើយ​តម​មក​វិញ​បាន​ត្រឹម​ដើរ​គេច​ចេញ​និង​ក្រវី​ក្បាល​។​

ជើង​ថ្មី​ថាវរី​ក្រោយ​ពេល​ចាញ់​និ​យាយ​ថា​៖​ខ្ញុំ​ចាញ់​មិន​អស់​ចិត្ត​ពី​ព្រោះ​ខ្ញុំ​វ៉ៃ​ចូល​ច្រើន​ធ្វើ​ឱយ​គង់​ហូវ​រក​សន្លប់​ទៅ​ហើយ​ប៉ុន្តែ​គេ​ធ្វើ​ពុត​ឈឺ​ម្តុំ​កន្លែង​ប្រ​ដាប់​ការ​ពារ​ពង​។​ខ្ញុំ​គិត​ថា​នេះ​ជា​ល្បិច​ពន្យា​ពេល​ដែល​អាជ្ញា​កណ្តាល​ជួយ​សម្រួល​បើ​មិន​ដូច​ឆ្នោះ​ទេ​គង់​ហូវ​មិន​អាច​គេ​ផុត​ពី​សន្លប់​បាន​ឡើយ​ពី​ព្រោះ​ទឹក​ទី​ ​៣​រត់​គេច​ពី​ខ្ញុំ​ជា​និច្ច​គ្មាន​ហ៊ាន​ប្រឈម​ឡើយ​។​

លោក​ជួប​វុត្ថា​និយាយ​ថា​កម្ម​វិធី​នៅ​សង្វៀន​ថោន​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​ជើង​ចាស់​និង​ជើង​ថ្មីៗ​វ័យ​ក្មេង​ដែល​តាំង​ចិត្ត​ប្រ​កួត​អស់​ពី​សមត្ថភាព​ដោយ​មិន​រើស​អើង​ប៉ុន្តែ​ជើង​ចាស់​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ប៉ុន្តែ​មិន​បាន​ហ្វឹក​ហាត់​ល្អ​ប្រ​កួត​មិន​ទាក់​ទាញ​មិន​ផ្តល់​ឱកាស​ឱ្យ​ឡើយ​។​លោក​បញ្ជាក់​ថា​«ខ្ញុំ​សរសើរ​គូវ័យ​ក្មេង​ប្រ​កួត​អស់​ពី​កម្លាំង​កាយ​ចិត្ត​​ដូច​ជា​គូ​បើក​ឆាក​វ័យ​ក្មេង​រវាង​កីឡាករ​ថេន​ខាំ​បញ្ញា​និង​សូដា​សុវណ្ណម៉ាយ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​គឺ​ជា​គូ​ថ្មី​ថ្មោង​ប៉ុន្តែ​ប្រ​កួត​ជក់​ចិត្ត​ខ្លាំង​ណាស់​ដែល​មហា​ជន​ចង់​ទស្សនា៕

Loading...