អេលីត​​ ចំរើន ឈ្នះ​ប្រាក់​លានដោយ​មិន​បាន​​ត្រៀម​ល្អ​ ខណៈ​ ប៊ុន​​ សុធា ​ខក​ចិត្ត​ខ្លាំង​

130

ភ្នំពេញ៖ ទឹក​ប្រាក់​រង្វាន់​ចំនួន ​៣លាន ​៤​សែន​រៀល​ នៃ​កម្ម​វិធី​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ប្រាក់​លាន​របស់​សង្វៀន​ថោន​ កាល​ពី​ព្រលប់​ថ្ងៃ​អាទិត្យ​​ត្រូវ​ធ្លាក់​ដល់​ដៃ​កីឡាករ​ អេលីត​ ចំរើន ​មក​ពី​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស​បន្ទាប់​ពិ​យក​ឈ្នះ​ពិន្ទុ​កីឡាករ ​ប៊ុន  ​ចំរើន ​នេះ​មិន​បាន​ត្រៀម​ប្រ​កួត​នោះ​ទេ​ប៉ុន្តែ​ទទួល​បាន​ឱកាស​ឡើង​មក​ជំនួស​កីឡា ​​បីត ​សង្ឃឹម​ដែល​មាន​បញ្ហា​សុខភាព​គ្រុន​ក្តៅ​ខ្លួន​ភ្លាមៗ​មុន​ប្រ​កួត​១​ថ្ងៃ​។ ​យ៉ាង​នេះ​ក្តី​សម្រាប់ ​ប៊ុន ​សុធា ​ដែល​ចាប់​ឆ្នោត​ប៉ះ​ប្រ​កួត​វគ្គ​ដំបូង​ជា ​អេលីត ​ចំរើន​ បាន​ចាញ់​ពិន្ទុ​ដោយ​មិន​អស់​ចិត្ត​ពិសេស​វត្តមាន​កីឡាករ​ អេលីត ​ចំរើន ​នេះ​បាន​រាំង​ស្ទះ​របស់​គេ​មិន​អាច​ដណ្តើម​បាន​ប្រាក់​លាន​ដូច​ក្តី​រម្ពឹង​។​ ជា​មួយ​គ្នា​នេះ​ដែរ​ បាង​ កាយ៉ាក ​ដែល​ឈ្នះ​ពិន្ទុ​ អ៊ូច ​ធារិទ្ធ ​នៅ​វគ្គ​ដំបូង​នោះ​បាន​ទៅ​ប៉ះ​ប្រ​កួត​ជា​មួយ ​អេលីត​ ចំរើន​ វគ្គ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​ខូច​ជើង​ដោយ​ស្នៀត​ទាត់​ផ្ទួនៗ​សុំ​ចុះ​ចាញ់​ត្រឹម​ទឹក​ទី​២ ​ដោយ​អស់​ចិត្ត​។​

តាម​រយៈ​កិច្ច​សម្ភាស​ន៍​ក្រោយ​ពេល​ប្រ​កួត​កីឡាករ​ ប៊ុន​ សុធា ​និយាយ​ថា​៖​ ខ្ញុំ​ត្រៀម​បាន​ល្អ​ហើយ​ប្រ​កួត​ក៍​បាន​ល្អ​មាន​ចេញ​បាន​ទាំង​បី​ច្រក​មាន​ទាត់​, ឱប​ឡើង​ជង្គង់​, កណ្តាប់​ដៃ ​ប៉ុន្តែ​លទ្ធផល​គេ​ឲ្យ​ពិន្ទុ​ខ្ញុំ​ចាញ់​ ១​ទល់​៤​ គឺ​ទៅ​តាម​នឹង​ទៅ ​ប៉ុន្តែ​ខ្ញុំ​ខក​ចិត្ត​ពី​ព្រោះ​ប្តូ​គូ​ហើយ ​អេលីត ​ចំរើន​ គាត់​ខ្លាំង​ផង​ដែរ​គឺ​លំបាក​ទប់​ទល់​មែន​។ ​​ប៊ុន​ សុធា​ បន្ត​ថា​ខ្ញុំ​ប្រឹង​អស់​លទ្ធភាព​ហើយ​ធ្វើ​ដូច​ម្តេច​បើ​គេ​ឲ្យ​ចាញ់​តែ​ខ្ញុំ​កិត​ថា​ការ​ប្រ​កួត​របស់​ខ្ញុំ​លើក​នេះ​ល្អ​ជាង​មុនៗ​។​ «​ខ្ញុំ​ធ្លាប់​ចាញ់​គាត់​នៅ ​PNN ​ម្តង​ចាញ់​នៅ​បាយ័ន​ម្តង​ និង​លើក​នេះ​ម្តង​ទៀត​គឺ​ ៣​លើក​ហើយ​ នៅ​តែ​មិន​អស់​ចិត្ត​នឹង​ចង់​ឡើង​ប្រ​កួត​សង​សឹក​ម្តង​ទៀត​»​។​

អេលីត ​ចំរើន​ និយាយ​ក្រោយ​ប្រ​កួត​ថា ​ខ្ញុំ​មក​ហាត់​ទើប​តែ​បាន​ ១​សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ត្រៀម​ប្រ​កួត​សប្តាហ៍​ក្រោយ​ប៉ុន្តែ​ដោយ​ បីត​សង្ឃឹម ​ឈឺ​គេ​ខ្វះ​គ្រូ​ផ្តល់​ឲ្យ​ខ្ញុំ​ប្រ​កួត​តែ​ម្តង​។ ​​នៅ​ពេល​ឡើង​សង្វៀន​ខ្ញុំ​ចាប់​ឆ្នោត​បាន​សិទ្ធិ​ជ្រើស​រើស​ដៃ​គូ​ប្រ​កួត​វគ្គ​ដំបូង​ខ្ញុំ​គិត​ថា​ឧបសគ្គ​របស់​ខ្ញុំ​រវាង​កីឡាករ​ទាំង​៣​នាក់​នេះ​គឺ ​ប៊ុន​ សុធា​ ហេតុ​នេះ​ខ្ញុំ​សុំ​ប្រ​កួត​ជា​មួយ​គាត់​វគ្គ​ដំបូង​តែ​ម្តង​ទៅ​ដើម្បី​ឲ្យ​ដឹង​ចាញ់​ឬ​ឈ្នះ​។​ អេលីត ​ចំរើន​​បន្ត​ថា​ចូល​វគ្គ​ផ្តាច់​ព្រ័ត្រ​ខ្ញុំ​ឡើង​ទៅ​ប៉ះ​ប្រ​កួត​ជា​មួយ​ បាង ​កាយ៉ាក ​ខ្ញុំ​គិត​ថា​មិន​បារម្ភ​ទេ​ទោះ​បី​កន្លង​មក​ខ្ញុំ​ធ្លាប់​ចាញ់​គាត់​ម្តង​ក៍​ដោយ​ប៉ុន្តែ​ខ្ញុំ​ប្រើ​ស្នៀត​ទាត់​យក​ឈ្នះ​ឲ្យ​បាន​ហើយ​លទ្ធផល​គឺ​ដូច​ដែល​ខ្ញុំ​រម្ពឹង​ទុក​គឺ​គាត់​ខូច​ជើង​ក្នុង​ទឹក​ទី​២​តែ​ម្តង​​។​

អេលីត​​ ចំរើន ​ម្ចាស់​ខ្សែ​ក្រ​វាត់​ចំនួន​ពីរ​ស្ថាប័ន​ និង​ជា​កីឡាករ​ឆ្នើម​ក្នុង​ទម្ងន់​ ៦០​គីឡូក្រាម​លំបាក​រក​ដៃ​គូ​ណាស់​។​ ប្រ​វត្តិ​ប្រ​កួត​ដែល​ឈ្នះ​បាន​ខ្សែ​ក្រ​វាត់​នៅ​សង្វៀន​ ONETV ​កាល​ពី​ឆ្នាំ​២០១៨​ យក​ឈ្នះ​ជើង​ខ្លាំង​ម៉ន​សាម៉េត​និង​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ PNN ​ផ្តួល​ជើង​ខ្លាំង​ វ៉ាន់ ​វឿន ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​។​

សម្រាប់​ការ​ចុះ​ចាញ់​យ៉ាង​ផុយ​ស្រួយ​របស់​កីឡាក ​បាង​ កាយ់ាក​ បាន​ប្រាប់​ពី​មូល​ហេតុ​ថា​៖​ ខ្ញុំ​បាន​យក​ឈ្នះ​ អ៊ូច ​ធារិទ្ធ​ ដោយ​ពិន្ទុ​ ៣​ទល់​២ ​ប៉ុន្តែ​ខ្ញុំ​បាន​ឈឺ​ជើង​រួច​ទៅ​ហើយ​។ ​អ៊ូច​ធារិទ្ធ​ បាន​ទាត់​ជើង​របស់​ខ្ញុំ​ឲ្យ​ខូច​តាំង​ពី​ទឹក​ទី​២​ ប៉ុន្តែ​ខ្ញុំ​ចេះ​តែ​ទ្រាំ​ៗ​ប្រ​កួត​មិន​ឲ្យ​គេ​ដឹង​។ ​មូល​ហេតុ​ចាញ់​របស់​ខ្ញុំ​គឺ​ឈឺ​ជើង​តាំង​ពី​ជុំ​ទី​១​ វគ្គ​ជម្រុះ​ហើយ ​អេលីត​ ចំរើន ​បាន​ទាត់​សន្ធាប់​នាំ​ឲ្យ​ខ្ញុំ​សុំ​ចុះ​ចាញ់​តែ​ម្តង​គឺ​ចាញ់​ដោយ​អស់​ចិត្ត​។​ កាល​ពី​ឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ឈ្នះ​ប៉ុន្តែ​ពេល​នេះ ​អេលីត​ ចំរើន​ល្អ ​ដាច់​ហើយ​។​

លោក ​ជួប ​វុត្ថា ​អ្នក​ផ្គូ​ផ្គង​កីឡាករ​ប្រ​កួត​នៅ​សង្វៀន​ថោន​ប្រាប់​ថា​៖​យើង​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​អវត្តមាន​ប្រ​កួត​របស់​កីឡាករ ​បីត​សង្ឃឹម​ ដែល​ក្តៅ​ខ្លួន​ឈឺ​ភ្លាមៗ​មុន​ការ​ប្រ​កួត​មក​ដល់​១​ថ្ងៃ​។ ​ការ​ដាក់​កីឡាក រ​អេលីត​ ចំរើន ​ចូល​ប្រ​កួត​ជំនួស​ពិត​ជា​មាន​សមត្ថភាព​ក្បាច់​គុន​ល្អ​ជាង​គេ​បន្តិច​មែន ​ប៉ុន្តែ​ជិត​ដល់​ថ្ងៃ​ប្រ​កួត​ហើយ​ពិត​ជា​គ្មាន​កីឡាករ​ណា​មក​ជំនួស​បាន​ឲ្យ​សក្តិ​សម​ឡើយ​។ ​លោក​បន្ត​ថា​នេះ​ជា​រឿង​ធម្មតា​ដែល​សឹង​តែ​គ្រប់​សង្វៀន​ដែល​បាន​ជួប​ពី​ព្រោះ​បញ្ហា​សុខ​ភាព​កីឡាករ​ដែល​មាន​បញ្ហា​សុខភាព​ឬ​មិន​ស្រួល​​ខ្លួន​គឺ​ទាំង​ពេទ្យ​ក៍​ដូច​សាម៉ឺ​ខ្លួន​ព្រម​ទាំង​ខាង​ខាង​គណៈកម្មការ​រៀប​ចំ​ត្រូវ​តែ​ឯក​ភាព​គ្នា​ផ្លាស់​ប្តូ​គូ​ភ្លាមៗ​បែប​នេះ​ហើយ​​៕​

Loading...