ឡុងបេនលឿនសុំសាកល្បងជាមួយរាមច្បងផលសោភ័ណ្ឌក្រោយ​ឈ្នះ​ជើង​ខ្លាំង​ជា​បន្ត​បន្ទាប់​

109

អ្នក​ប្រដាល់​ដែល​មាន​បទ​ថ្មី​ក្នុង​រយៈ​ពេល​ត្រឹម​៣​ឆ្នាំ​កីឡាករ​ឡុង​បេន​លឿន​ក្លិប​សាលវ័ន្ត​កីឡា​ដែល​មួយ​រយៈ​នេះ​កំពុង​ទទួល​បាន​លទ្ធផល​ឈ្នះ​ជើង​ខ្លាំង​ជា​បន្ត​បន្ទាប់​សឹង​រក​គូ​ប្រ​កួត​មិន​បាន​។​ ​សមត្ថភាព​កំពុង​តែ​ឡើង​នេះ​ត្រូវ​បាន​គណៈ​កម្មការ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​ជើង​ចាស់​បទ​ពិសោធ​ន៍​ចាស់​វស្សា​កីឡាករ​ផល​សោភ័ណ្ឌ​នៃ​ក្លិប​តាឡី​មាន​រិទ្ធ​​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នា​ថ្ងៃ​សុក្រ​ទិ​៩​ខែ​មេសា​ឆ្នាំ​២០២១​នៅ​សង្វៀន​បាយ័ន​ជា​គូ​ឯក​ប្រចាំ​សប្តាហ៍​កម្ម​វិធី​ប្រដាល់​KUBOTA​។​

បើ​និយាយ​ពី​បទ​ពិសោធន៍​លើ​សង្វៀន​ប្រ​កួត​វិញ​ផល​សោភ័ណ្ឌ​ខ្លាំង​ទាំង​ប្រ​ដាល់​សកល​ខ្លាំង​ទាំង​ប្រដាល់​គុន​ខ្មែរ​ហើយ​ជា​កិឡាករ​ដែល​ខ្លាំង​លំដាប់​ជួរ​មុខ​ជំនាញ​កណ្តាប់​ដៃ​និង​ប្រ​កួត​ជា​មួយ​ជើង​ខ្លាំង​បរទេស​ញឹក​ញាប់​ប៉ុន្តែ​មួយ​រយៈ​នេះ​ទំនង​មាន​កម្លាំង​ធ្លាក់​ចុះ​បន្តិច​ខណៈ​ដែល​ការ​ប្រ​កួត​ចុង​ក្រោយ​ថ្មីៗ​នេះ​បាន​ចាញ់​កីឡាករ​លន​បញ្ញា​មក​ពី​ក្រ​សួង​ការ​ពារ​ជាតិ​ដោយ​សន្លប់​ក្នុង​ទឹក​ទី៣​។​ចំណែក​កីឡាករ​ឡុង​បេន​លឿន​វិញ​ទោះ​បី​មាន​បទ​ពិសោធ​ខ្ចី​ប៉ុន្តែ​មួយ​រយៈ​នេះ​ឈ្នះ​ជើង​ចាស់​ល្បីៗ​មួយ​ចំនួន​សឹង​រក​គូ​ប្រ​កួត​មិន​បាន​។​ថ្មីៗ​នេះ​ឡុង​បេន​លឿន​ធ្លាប់​ឈ្នះ​សេក​គឹម​រួន​ឈ្នះ​រិន​សារ័ត្ន​​ឈ្នះ​ឌុម​កែវ​ដា​និង​ឈ្នះ​សូត្រ​ខេវិន​ដែល​ចាស់​វស្សាជាង​។​

លោក​ឡុង​សាលវ័ន្ត​គ្រូ​បង្វឹក​ទទួល​ស្គាល់​ថា​ឡុង​បេន​លឿន​នៅ​ខ្ចី​វស្សា​ជាង​ផល​សោភ័ណ្ឌ​មែន​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រ​កួត​ឈ្នះ​ជា​និច្ច​ពិសេស​ជើង​ចាស់​ខ្លាំងៗ​មួយ​ចំ​នួន​។​លោក​ឡុង​សាលវ័ន្ត​បន្ថែម​ថា​ចំ​ពោះ​ការ​ប្រ​កួត​ប៉ះ​ជា​មួយ​ផល​សោភ័ណ្ឌ​ទោះ​បី​វា​ចាញ់​ក៍​ទទួល​បាន​បទ​ពិសោធ​ន៍​ល្អ​ដែរ​ពី​ព្រោះ​ប៉ះ​ជើង​ខ្លាំង​ពិត​ជា​ដក​ស្រង់​បាន​បច្ចេកទេស​ល្អ​ៗ​។​យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ត្រឹម​៥០​ភាគ​រយ​ប៉ុណ្ណោះ​តែ​ធានា​ថា​ចាញ់​ឬ​ឈ្នះ​តឹង​តែង​ណាស់​មិន​ងាយ​ស៊ី​ផុយ​ឡើយ​។​

ឡុង​បេន​លឿន​និយាយ​ថា​ខ្ញុំ​ឡើង​វ៉ៃ​គឺ​ធានា​អស់​ពី​សមត្ថភាព​តែ​រឿង​ចាញ់​ឬ​ឈ្នះ​មិន​ទាន់​ហ៊ាន​និយាយ​ទេ​ពី​ព្រោះ​គាត់​ជើង​ចាស់​មាន​ការ​ប្រ​កួត​យូរ​ហើយ​ខ្ញុំ​នឹង​ប្រឹង​ដើម្បី​ចង់​ឈ្នះ​ដែរ​។​ឡុង​បេន​លឿន​បន្ថែម​ថា​៖​ខ្ញុំ​រម្ពឹង​វ៉ៃ​ឈ្នះ​៥០​ភាគ​រយ​ដូច​គ្រូ​ដែរ​។​

លោក​ម៉ាក​សុខន​គ្រូ​បង្វឹក​ផល​សុភ័ណ្ឌ​និយាយ​ថា​៖​សោភ័ណ្ឌ​ហាត់​បាន​ល្អ​ហើយ​ជំនួប​ប្រ​កួត​​ជា​មួយ​ឡុង​បេន​លឿន​នេះ​ខ្ញុំ​យល់​ឃើញ​ថា​មិន​ឈ្នះ​កូន​សិស្ស​ខ្ញុំ​ទេ​ពី​ព្រោះ​បទ​ពិសោធ​ន៍​វា​ល្អ​ណាស់​ប៉ុន្តែ​វា​មាន​ចំណុច​ខ្សោយ​ផ្នែក​កម្លាំង​ឯ​បច្ចេកទេស​នៅ​តែ​ល្អ​ពី​ព្រោះ​វា​ចាស់​ដែរ​ហើយ​។​ លោក​ម៉ាក​សុខន​បន្ត​ថា​៖​ខ្ញុំ​និយាយ​មិន​អួត​ទេ​តាម​ខ្ញុំ​គិត​មើល​ខ្ញុំ​យល់​ថា​៩០​ភាគ​រយ​គឺ​ផល​សោភ័ណ្ឌ​នឹង​ឈ្នះ​ប៉ុន្តែ​ក៍​តឹង​តែង​ណាស់​ដែរ​។​បើ​និយាយ​ពី​បទ​ពិសោធ​ប្រ​កួត​វិញ​ឡុង​បេន​លឿន​មាន​ប្រ​វត្តិ​ប្រ​កួត​តិច​ជាង​ផល​សោភ័ណ្ឌ​ចំនួន​៤​ដង​ក្នុង​នោះ​បទ​ពិសោធ​រយៈ​ពេល​ស្គាល់​សង្វៀន​ទើប​តែ​៣​ឆ្នាំ​ឯ​ផល​សោភ័ណ្ឌ​ឆ្លង​កាត់​ជាង​១០​ឆ្នាំ​ឯណោះ​។​

គួរ​រម្លឹក​បញ្ជាក់​ថា​៖​ផល​សោភ័ណ្ឌ​ជា​កីឡាករ​ជាប់​ជម្រើស​ជាតិ​ប្រ​ដាល់​សកល​ច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​សម្រាប់​ជម្រើស​ជាតិ​ឆ្នាំ​២០២១​នេះ​គ្មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ឡើយ​។​ទោះ​ជា​យ៉ាង​ណា​ប្រភព​និង​មូល​ហេតុ​ដែល​ផល​សោភ័ណ្ឌ​គ្មាន​ជាប់​ឈ្មោះ​​ជម្រើស​ជាតិ​ឆ្នាំ​២០២១​នេះ​មិន​ទាន់​ដឹង​ថា​៖​បណ្តាល​មក​ពី​មូល​ហេតុ​ពិត​ប្រាកដ​អ្វី​នៅ​ឡើយ​ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ដែល​មាន​វត្តមាន​ជំនួស​ក្នុង​ទម្ងន់​៦៣​​គីឡូគ្រាម​មាន​វី​សំភ័ស​និង​៦៤​គីឡូគ្រាម​មាន​ឈ្មោះ​សែត​សារិទ្ធ​៕​

Loading...