សាន សៅយ៉ាន់៖ បើខ្ញុំមិនជាប់គ្រូជម្រើសជាតិទេធ្វើស្រែទៀតទៅ

309

អតីតៈ​អ្នក​ប្រដាល់​ឆ្នើម​ និង​ល្បី​ល្បាញ​បំផុត​ក្នុង​អំឡុង​ឆ្នាំ​២០០០​ លោក​ សាន ​សៅ​យ៉ាន់​ ដែល​ស្វែង​រក​ធ្វើ​ជា​គ្រូ​បង្វឹក​កីឡា​ប្រដាល់​សហព័ន្ធ​ ឃិគ​បុក​សឹង​កម្ពុជា ​ត្រូវ​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​។​ គម្រោង​ស្នើ​សុំ​ពី​ដំបូង​ដែល​គេ​អាច​សន្និដ្ឋាន​ថា​នឹង​មាន​លទ្ធភាព​ជាប់​ជា​គ្រូ​ជំនួយ​ជម្រើស​ជាតិប៉ុន្តែ​គិត​មក​ដល់​ម៉ោង​នេះ​ ​បច្ចុប្បន្ន​មាន​ឈ្មោះ​គ្រូ​គ្រប់​ចំនួន​ហើយ​។​ សម្រាប់​ សាន ​សៅ​យ៉ាន់​ ដែល​បាន​ស្នើ​ឈ្មោះ​តាំង​ពី​លើក​ដំបូង​ជា​មួយ​អតី​តៈ​ បីត ​ខាំ ​គ្មាន​ចម្លើយ​។​ទោះ​ជា​យ៉ាង​នេះ​ក្តី​ សាន ​សៅ​យ៉ាន់​ បាន​អះអាង​កាល​ពី​ព្រឹក​​មិញ​តាម​ទូរស័ព្ទ​ថា​៖​ មិន​ដឹង​ថា​សហព័ន្ធ​គេ​ជ្រើស​រើស​វាយ​តម្លៃ​ពី​សមត្ថភាព​ផ្អែក​លើ​ចំណុច​ណា​ខ្លះ​​ទេ​ប៉ុន្តែ​បើ​ខ្ញុំ​មិន​ជាប់​ទេ​នៅ​ធ្វើ​ស្រែ​ចំការ​ទៀត​ទៅ​។​

សហព័ន្ធ​ ឃិត​បិក​សឹង ​ដែល​ឆ្នាំ​២០២១ ​នេះ​ទទួល​បាន​ការ​អនុញាត​ឲ្យ​ប្រ​មូល​ផ្តុំ​ក្រុម​ជម្រើស​ជាតិ​ជា​លើក​ដំ​បូង ​ខណៈ​ដែល​ឆ្នាំ​មុនៗ​ជ្រក​ក្រោម​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​បាន​ចេញ​ទៅ​ចូល​រួម​ប្រ​កួត​ស៊ី​ហ្គេម​ដណ្តើម​បាន​មេដាយ​សំរិទ្ធិ​ជូន​ជាតិ​ផង​ដែរ​។​ សក្តានុពល​ និង​ធន​ធាន​របស់​សហព័ន្ធ​មួយ​នេះ​មាន​ប្រភព​មក​ពី​ប្រដាល់​គុន​ខ្មែរ​ និង​ប្រ​ដាល់​សកល​ខណៈ​ដែល​មន្ត្រី​ថ្នាក់​ដឹក​នាំ​ទំនង​ដូច​ជា​ក្នុង​ក្រុម​តែ​មួយ​​។​

លោក ​ហេង​ សុឃន ​អនុ​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ ​ត្រូវ​បាន​តែង​តាំង​​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​ ឃីកបុ​កស៊ីង​កម្ពុជា ​ខណៈ​ដែល​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​លោក​បាន​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ជួយ​កីឡា​ប្រដាល់​ហើយ​ឋានៈ​ និង​តួនាទី​របស់​លោក​បាន​ឡើង​យ៉ាង​លឿន​លេច​ធ្លោ​តាម​សកម្មភាព​រស់​រវើក​របស់​លោក​។​ យើងមិន​អាច​សុំ​សម្ភាស​ន៍​លម្អិត​បញ្ហា​លក្ខខ័ណ្ឌ​នៃ​ការ​​ជ្រើស​រើស​អត្តពលិក​គ្រូ​ជម្រើស​ជាតិ​ និង​សមាស​ភាព​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ​២០២១ ​ដែល​ក្រ​សួង​បានសម្រេច​រួច​ហើយ​បាន​ទេ​ដោយ​លោក​ប្រធាន​សហព័ន្ធ​ជម្រុញ​ឲ្យ​ទៅ​សុំ​ខាង​ក្រ​សួង​អប់​រំ​យុវជន​ និង​កីឡា​។​

ទោះ​ជា​យ៉ាង​នេះ​ក្តី​ក្រុម​ជម្រើស​ជាតិ​របស់​សហព័ន្ធ​ឃិត​បុក​សឹង​កម្ពុជា​ត្រូវ​បាន​គេ​ឃើញ​ឈ្មោះ​លោក ​ជា ​រិទ្ធ​ ជា​គ្រូ​ធំ​និង​មាន​ឈ្មោះ​គ្រូ​បង្វឹក​ជំនួយ​ពីរ​នាក់​ទៀត​គឺ​មាន​ឈ្មោះ​លោក​គ្រូជំនួយ ​រុំ​ ឆាវជ័យ ​ដែល​មិន​ធ្លាប់​ស្គាល់​ឈ្មោះ​ និង​លោក​គ្រូ​ សៅ ​ប៊ុនឿន​​ ពោល​បាន​បាត់​ឈ្មោះ​មនុស្ស​សំខាន់​ពីរ​នាក់​គឺ ​បីត ​ខាំ ​និង​ សាន ​សៅ​យ៉ាន់​។​

លោក សាន ​សៅ​យ៉ាន់​៖​ ម្ចាស់​ក្លិប​ប្រ​ដាល់​ឈ្មោះ​នាគា​សាន​សៅ​យ៉ាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ពី​ដំបូង​មាន​ឈ្មោះ​ជា​គ្រូ​ជំនួយ​បច្ចុប្បន្ន​បាន​បាត់​ឈ្មោះ​និយាយ​ថា​៖​​ ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​ការ​បាត់​ឈ្មោះ​ខ្ញុំ​នៅ​ឡើយ​ទេ​គិត​មក​ដល់​ពេល​នេះ​។ ​ប្រ​សិន​បើ​ខ្ញុំ​មិន​ជាប់​ជា​គ្រូ​ជម្រើស​ជាតិ​ទេ​គឺ​មាន​តែ​ទៅ​ធ្វើ​ស្រែ​ចំការ​ទៀត​ទៅ​។​លោក​សាន​សៅ​យ៉ាន់​បន្ថែម​ថា​៖​ប្រសិន​បើ​គ្មាន​ឈ្មោះ​ខ្ញុំ​​តើ​មាន​នរណា​គេ​មាន​សមត្ថភាព​បង្វឹក​ល្អ​លើស​ខ្ញុំ​​?​។ ​ខ្ញុំ​ក៍​មិន​ទទួល​បាន​ការ​ទៅ​ធ្វើ​តេស្តិ៍​ឬ​ប្រ​ឡង​អី​ដែរ​។​

លោក​បញ្ជាក់​ថា​កាល​ពី​មុន​មាន​លោក​ប្រធាន​សហព័ន្ធ​ប្រាប់​ថា​យក​ប្រ​វត្តិ​រូប​ខ្ញុំ​ទៅ​ហើយ​បើ​លោក​ជួយ​បាន​គឺ​ជួយ​។​គិត​មក​ដល់​ថ្ងៃ​នេះ​ខ្ញុំ​មិន​ទាន់​ទទួល​បានដំណឹង​ឬ​លទ្ធផល​យ៉ាង​ណា​ទេ​ប៉ុន្តែ​បើ​គេ​មាន​ឈ្មោះ​អស់​ហើយ​ហេតុ​អ្វី​គេ​មិន​ប្រាប់​ខ្ញុំ​ថា​ធ្លាក់?​។​ «​ខ្ញុំ​មិន​តូច​ចិត្ត​ទេ​មាន​តែ​ទៅ​ធ្វើ​ស្រែ និង​ចំការ​បន្ត​ទៀត​ចំណែក​ក្លិប​ប្រដាល់​របស់​ខ្ញុំ​ប្រឹង​ប្រែង​បន្តិចៗ​ទៅ​តាម​លទ្ធភាព​​ពី​ព្រោះ​កូន​សិស្ស​ឆ្នើម​ៗ​របស់​ខ្ញុំ​ជាង​ ១០​នាក់​ បាន​ជាប់​ជម្រើស​ជាតិ​តែ​ម្នាក់​គត់​គឺ​សុខ​រិទ្ធិ​»​។​

និយាយ​ពី​បទ​ពិសោធ​ន៍ ​និង​សមត្ថភាព​របស់​លោក ​សាន់​ សៅ​យ៉ាន់​ វិញ​ត្រូវ​បាន​មហា​ជន​ទទួល​ស្គាល់​ថា​គ្រូ​បង្វឹក​ឆ្នើម​ម្នាក់​ដែល​ផលិត​បាន​កីឡាករ​ល្អ​ៗ​លំដាប់​ប្រ​កួត​អន្តរជាតិ​ដូច​ជា​កីឡាករ​ សុខ​ រិទ្ធ​ កីឡាករ ​សុខ​ ធី​ កីឡាករ​ ឡាំ​កូស៊ីន​ ជា​ដើម​។​ កន្លង​មក​ សៅ ​យ៉ាន់ ​​ធ្លាប់​មាន​រឿង​ចម្រូង​ចម្រាស​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ការ​កាត់​ក្តី​របស់​គណៈ​កម្មការ​ប្រដាល់​គុន​ខ្មែរ​ឲ្យ​កូន​សិស្ស​របស់​លោក​ចាញ់​ដោយ​មិន​ប្រ​ក្រតី​បន្ទាប់​មក​លោក ​សាន់​ សៅ​យ៉ាន់​ បាន​បាត់​ឈ្មោះ​ពី​អាជ្ញា​កណ្តាល​ និង​ចៅ​ក្រម​ផង​ដែរ​។​

គួរ​រម្លឹក​បញ្ជាក់​ថា​៖​ កាល​ពី​នៅ​ជា​កីឡាករ​ សាន់​ សៅយ៉ាន ​ដែល​មាន​រហ័ស​នាម​កំពូល​អ្នក​លេង​កែង​រ៉ូស​មុខ​កាណូត​ធ្លាប់​ឈ្នះ​ខ្សែ​ក្រ​វាត់​ M150 សង្វៀន​ប៉ុស្តិ៍​លេខ​៥​ ឆ្នាំ​២០០២​។​ ភាព​ល្បី​ល្បាញ​របស់ ​សាន់ ​សៅ​យ៉ាន់ ​គឺ​មាន​ចំណុច​ខ្លាំង​ត្រង់​គេ​ទិញ​ឲ្យ​ប្រកួត​ធ្វើ​ចាញ់​មិន​លក់​។​ ហើយ​កាល​នោះ​ភាព​ល្បី​ល្បាញ​មួយ​ទៀត​គឺ​ប្រ​កួត​ឈ្នះ​កីឡាករ​ឆ្នើម​៣​នាក់​មាន​អ្នក​លេង​កណ្តាប់​ដៃ​ នួន ​បូរ៉ា​ ឈ្នះ​អ្នក​លេង​ជង្គង់ ​ឡុង​ វ៉ាន់​ថន ​និង​ឈ្នះ​អ្នក​លេង​ស្នៀត​ទាត់​ ប្រាក់​សម្ជស្ស​។ ​សាន់ ​សៅ​យ៉ាន់​ បញ្ជាក់​ថា​កាល​នៅ​ជា​កីឡាករ​ខ្ញុំ​ប្រ​កួត​មិន​ដែល​ខ្លាញ​ញញើត​នរណា​ទេ​​ហើយ​កីឡាករ​ជើង​ប៉ះ​ជាមួយ​ខ្ញុំ​មាន​ជើង​ល្បីៗ​​ នួន​ សូរិយា​, ភិន ​សុផល​, ឡុង ​វ៉ាន់​ថន​, ក្រាក់​​ សម្ផស្ស​, នួន បូរ៉ា​, ជ័យ ​កុសល ​ជា​ដើម​ប៉ុន្តែ​ខ្ញុំ​មាន​ចំណុច​ខ្សោយ​​ប្រកួត​ចាញ់​តែ​កីឡាករ​ ផល​ សុភាព​ មក​ពី​ជើង​ទឹក​ពោល​គេ​មិន​ខ្លាំង​តែ​ខ្ញុំ​វ៉ៃ ​៤​លើក​មិន​ដែល​ឈ្នះ​៕​​​

Loading...