លោក ទែន ឡន មន្ត្រីបំរើការនៃនាយកដ្ឋានអប់រំកាយសិស្សនិស្សិតដែលមានបទពោសៅធចូលរួមក្នុងសកម្មភាពកីឡាបាល់ទះជាច្រើននោះត្រូវបានសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ជ្រើសរើសជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិពេញសិទ្ធិតាំងពីឆ្នាំ២០២០បន្ទាប់ពីឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើករួចមក។ នៅក្នុងការផ្តល់សម្ភាសឲ្យជាមួយ ទំព័រកីឡា កាលពីម្សិលមិញលោក ទែន ឡន បច្ចុប្បន្នជាមន្ត្រីកីឡាក្នុងគ្របខ័ណ្ឌក្រសួងអប់រំយុវជននិងកីឡា។
លោកមានអាយុ៤២ឆ្នាំ មានស្រុកកំណើតមកពី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទាក់ទងទៅនឹងសកម្មភាពកីឡាលោកឲ្យដឹងថាធ្លាប់ចូលរួម និងឆ្លងវគ្គបណ្តុះបណ្តាលជាច្រើនពិសេសធ្លាប់ចូលរួមធ្វើជាអាជ្ញាកណ្តាលនៅក្នុងការប្រកួតជើងឯកអន្តរជាតិនានាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាច្រើនកន្លង។ លោក ទែន ឡន និយាយថា៖ ការទទួលស្គាល់ឬចាប់ជាអាជ្ញាកណ្តាលបាល់ទះកម្រិតអន្តរជាតិត្រូវបានធ្លាប់ឆ្លងវគ្គបណ្តុះបណ្តាលលំដាប់អន្តរជាតិមានបទពិសោធចូលរួមធ្វើអាជ្ញាកណ្តាលក្នុងព្រឹត្តិការណ៍លំដាប់ធំៗកម្រិតទ្វីបនិងពិភពលោកដោយលក្ខ័ខណ្ឌនេះគេមិនគិតត្រឹមធ្វើជាអាជ្ញាកណ្តាលត្រឹមព្រឹត្តិការណ៍ស៊ីហ្គេមនេះបានទេ។
លោក ទែន ឡន បានរម្លឹកពីប្រវត្តិនិងសកម្មភាពកីឡារបស់លោកថា៖ ខ្ញុំបានជាប់ជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិទទួលស្គាល់តាំងពីឆ្នាំ២០២០ តាមរយៈរៀនវគ្គបណ្តោះបណ្តាលផងចូលរួមសកម្មភាពប្រកួតផង។ លោកបានលម្អិតថា៖ កាលឆ្នាំ២០១៥ ខ្ញុំបានដឹកនាំប្រកួតបាល់ទះកម្រិតស៊ីហ្គេមនៅប្រទេសសឹង្ហបុរី។ នៅឆ្នាំ២០១៥ ដដែលនេះខ្ញុំទៅធ្វើអាជ្ញាកណ្តាលប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសឡាវ។ ឆ្នាំ២០១៤ ទៅរៀនវគ្គនៅប្រទេសជប៉ុន។ ឆ្នាំ២០១៦ ទៅរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលនៅប្រទេសថៃ។ ឆ្នាំ២០១៧ និង ២០១៩ ធ្វើជាអាជ្ញាកណ្តាលបាល់ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្កេមនិងព្រឹត្តិការណ៍ប្រកួតកម្រិតជើងឯកអាស៊ីនៅប្រទេសវៀតណាម ហើយឆ្នាំ២០២០ នេះ ដែលខ្ញុំជាប់ជាគ្រូជម្រើសជាតិបាល់ទះថ្នាល។ លោក ទែន ឡន បញ្ចាក់ថា៖ ធ្លាប់ទៅរៀនវគ្គអាជ្ញាកណ្តាលនេះនៅប្រទេសជប៉ុនផងដែរ ប៉ុន្តែបើមានបទពិសោធន៍ត្រឹមធ្វើអាជ្ញាកណ្តាលកម្រិតស៊ីហ្គេមគីមិនទាន់ទទួលស្គាល់ជាអាជ្ញាកណ្តាល សហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) នោះទេ។
បើតាមការបញ្ជាក់របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាប្រាប់ព័ត៌មានក្នុងស្រុកលោក ទែន ឡន មានសមត្ថភាពចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ីជាដើម។លោកសសុខាបានថ្លែងថា ក្នុងនាមកូនខ្មែរមួយរូបលោកពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពត្រូវបានសហព័ន្ធអន្តរជាតិទទួលស្គាល់ និងជ្រើសរើសឲ្យក្លាយជាថ្នាក់ដឹកនាំ ឬជាបុគ្គលសំខាន់ក្នុងព្រឹត្តិការណ៍លើឆាកអន្តរជាតិ ដែលមិនត្រឹមតែផ្តល់តម្លៃដ៏អស្ចារ្យសម្រាប់ខ្លួនឯងនិងគ្រួសារនោះទេ គឺបានផ្តល់កិត្តិយសសម្រាប់ប្រទេសជាតិយើងទាំងមូល។
គួររម្លឹកបញ្ជាក់ថា៖យោងតាមឯកសារដែលទទួលបានប្រវត្តិរបស់លោក ទែន ឡន មានកម្រិតវប្បធម៌ខ្ពស់ទទួលបានបរិញ្ញាបត្រជាច្រើនចំណែកក្នុងវិស័យកីឡាវិញ និងជាលោកជាគ្រូកីឡាចេញពីវិទ្យាស្ថានកីឡា។ ឆ្លងវគ្គគ្រូបាល់ទះ, គ្រូអត្តពលកម្ម, គ្រូប៊ូល និងប៉េតង់ និងឆ្លងវគ្គគ្រូកីឡាសីដកផងដែរ៕