ក្លិបប្រដាល់គុនខ្មែរមួយចំនួនត្រូវបានផ្អាកបណ្តោះអាសន្នដើម្បីរក្សាការពារបញ្ហាជម្ងឺឆ្លងនៃកូវីដ១៩និងបន្ថយការជួបជុំគ្នាច្រើនក្នុងការហ្វឹកហាត់ប៉ុន្តែសម្រាប់ក្លិបបក្សីស្លាបដែករបស់លោកគ្រូបង្វឹកសួនប៊ុនសូត្រមិនអាចបិទបានដោយសារតែកីឡាករហ្វឹកហាត់គ្មានកីឡាករណាក្រៅពីកូនបង្កើតរបស់លោកទាំង៤នោះឡើយពោលគឺការហ្វឹកហាត់ហូបចុកស្នាក់នៅក្នុងដំបូលផ្ទះតែមួយដោយគ្មានអ្នកដទៃ។ហើយអ្វីដែលពិសេសក្នុងសប្តាហ៍នេះដែលមានសង្វៀនប្រដាល់ដែលធ្លាប់មានប្រកួតច្រើនក៍ត្រូវបន្ថយសល់កម្មវិធីប្រកួតតិចប៉ុណ្ណោះប៉ុន្តែកូនបង្កើតរបស់លោកសួនប៊ុនសូត្រចេញប្រកួតទាំង៤នាក់នៅសង្វៀនCNC ក្នុងសប្តាហ៍នេះ។
លោកសួនប៊ុនសួត្រជាគ្រូបង្វឹកនិងជាម្ចាស់ក្លិបបក្សីស្លាបដែកផ្ទាល់មានប្រពន្ធនិងកូនទាំងអស់ជាអ្នកហាត់និងឡើងប្រដាល់ជាមុខរបរតែមួយគត់ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។គិតមកដល់បច្ចុប្បន្ននេះក្លិបរបស់លោកគ្មានកីឡាករណាម្នាក់នៅហ្វឹកហាត់ក្រៅពីកូនទាំង៤នាក់នេះឡើយខណៈដែលទីផ្សារប្រកួតរបស់កូនៗលោកទាំង៤នាក់កំពុងពេញនិយមពីព្រោះសមត្ថភាពក្បាច់គុនរបស់ពួកគេសុទ្ធតែស្ថិតនៅក្នុងលំដាប់ជួរមុខទាំងអស់។
លោកសួនប៊ុនសូត្រអតីតកាលរបស់លោកមិនធ្លាប់មានបទពិសោធន៍ជាកីឡាករល្អឆ្នើមនោះឡើយប៉ុន្តែការគ្រប់គ្រងនិងបង្វឹកកូនៗទាំង៤នាក់ឲ្យជាកីឡាករឱ្យមានសមត្ថភាពវិជ្ជាគុនល្អលំដាប់ជួរមុខព្រមទាំងរកប្រាក់ចំណូលពីប្រកួតនេះបានគួរសមដែលអាចទ្រទ្រង់ជីវភាពបានយ៉ាងល្អប្រសើរនិងមានផ្ទះសម្បែងផ្ទាល់ខ្លួន។ លោកសួនប៊ុនសូត្រនិយាយថា៖ខ្ញុំមិនធ្លាប់ជាកីឡាករឆ្នើមនោះទេក្នុងមួយជីវិតខ្ញុំធ្លាប់ប្រកួតប្រដាល់សកលបាន៣លើកឈ្នះ១លើកចាញ់២លើកប៉ុន្តែខ្ញុំភាគច្រើនដើរជាមួយអ្នកប្រដាល់ល្បីៗមួយចំនួន។សម្រាប់បញ្ហាកូវីដ១៩កំពុងរាតត្បាតក៍ខ្ញុំមិនអាចបិទក្លិបបានទេពីព្រោះក្នុងក្លិបទាំងមូលមានតែកូនប្រពន្ធនិងខ្ញុំផ្ទាល់ប៉ុណ្ណឹងគ្មានអ្នកណាក្រៅមកហាត់ទៀតឡើយ។
លោកសួនប៊ុនសូត្រថា៖កូនៗរបស់ខ្ញុំមានសេវាប្រកួតជាប្រចាំគឺមិនលំបាកស្វែងរកសង្វៀនប្រកួតនោះទេពីព្រោះវាមានសមត្ថភាពល្អហាត់ល្អជាប្រចាំហើយប្រាក់ចំណូលបានមកពីតម្លៃខ្លួនប្រកួតវិញគឺកាន់តែប្រសើរអាចគ្រប់គ្រងជីវភាពបានល្អសមរម្យ។កូនដែលល្អជាងគេមានទី១សូត្រប៊ុនធីជាគូឯកទម្ងន់៦៣,៥គីឡូក្រាមធ្លាប់ឈ្នះខ្សែក្រវាត់២ស្ថាប័ននិងទទួលបានក្របខ័ណ្ឌប៉ូលិសយូរហើយ។កូនទី២សូត្រខេវិនលំដាប់ល្អបន្ទាប់ធ្លាប់ទទួលបានត្រឹមជើងឯករងទម្ងន់៦៣,៥គីឡូក្រាមកូនទី៣សូត្រវាសនាទម្ងន់៦០គីឡូក្រាមនិងកូនទី៤កូនពៅសូត្រសុខឃីមទម្ងន់៥៤គីឡូក្រាមធ្លាប់ជាប់ជាជម្រើសជាតិថ្នាលចំនួនពីរឆ្នាំ។
លោកបន្តថា៖ការគ្រប់គ្រងហ្វឹកហាត់បានល្អនិងធ្វើឱ្យកូនៗមានសមត្ថភាពល្អបែបនេះគឺខ្ញុំនិងប្រពន្ធគ្រប់គ្រងផ្ទាល់ដាក់វិន័យតឹងតែងខណៈដែលមុខរបរនេះគឺរួមគ្នាជួយគ្នាទាំងអស់គ្មានមុខរបរក្រៅពីនេះឡើយ។នៅសប្តាហ៍នេះពួកគេចេញប្រកួតទាំង៤នាក់គឺសូត្រប៊ុនធីត្រូវប្រកួតសងសិកជាមួយជើងខ្លាំងលនបញ្ញាមកពីក្រសួងការពារជាតិ។សូត្រខេវិនប្រកួតជាមួយសេកគឹមរួនមកពីក្លិបមកុដរាឆជសីហ៍។សូត្រវាសនាប្រកួតជាមួយកីឡាករពុទ្ធពិឃាត(ពីមុនប្រើឈ្មោះទេសជីវ៉ានៅក្លិបង៧០)។និងសូត្រសុខឃីមប្រកួតជាមួយសេកពិសិដ្ឋមកពីភូមិគាបខេត្តបន្ទាយមានជ័យ៕