រាជរដ្ឋាភិបាល ម្រេចឱ្យក្រុមជម្រើសជាតិប្រមូលផ្តុំហ្វឹកហាត់ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

117

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិ ការ CAMSOC បានលើកឡើងនូវការប្រមូលកម្លាំងពិតប្រាកដមួយ ដើម្បីសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួន ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ឯកឧត្តម អគ្គលេខាធិការបញ្ជាក់ថា អ្វីដែលពិសេស គឺរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាផ្លូវការអនុញ្ញាតឱ្យក្រុមជម្រើសជាតិកម្ពុជា នៃប្រភេទកីឡានីមួយៗចូលហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់។ ប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលពីជំងឺកូវីដ-១៩ ដោយសហព័ន្ធកីឡាជាតិណាមានកន្លែងហ្វឹកហាត់មានសុវត្ថិភាព គឺសហព័ន្ធកីឡាជាតិនោះត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជុំគ្នាឡើងវិញ ដោយសារតែការហ្វឹកហាត់ត្រៀមស៊ីហ្គេមនេះនៅសល់ពេលកាន់តែតិចទៅៗ។ ជាមួយគ្នានោះ វិធានការ៣កុំ ៣ការពារ នៅតែថែរក្សា និងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់បំផុត និងបន្តតាមដានត្រួតពិនិត្យតាមដានសុខភាពរបស់ក្រុមជម្រើសជាតិផងដែរ។

ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា តាមសំណើរសម្តេចពិជ័យសេនាប្រធាន CAMSOC បានចេញរួចហើយ ដោយចំណុចទី១-បានកំណត់ការចូលរួមហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឡើងវិញជាបន្ទាន់ ដូចទៅនឹងបណ្តាប្រទេសនានា ក៏គេធ្វើយ៉ាងដូច្នេះដែរ។ ចំណុចទី២- គឺការប្រមូលផ្តុំត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាមានកម្លាំងពិត។ មានន័យថា កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹកជម្រើសជាតិកម្ពុជាយើងកំពុងរៀន កីឡាករ និងគ្រូបង្វឹកខ្លះធ្វើការនៅអង្គភាពរដ្ឋ ក្នុងក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធ និងស៊ីវិលតាមវិស័យផ្សេងៗក៏មាន ដោយពួកគាត់បានបំពេញការងាររដ្ឋបាលនៅតាមស្ថាប័នរបស់គាត់៨ម៉ោង ពោលគឺអស់ម៉ោងសម្រាប់ការងារហ្វឹកហាត់ក្នុងវិស័យកីឡា ដោយគាត់អាចបង្ហាត់បានត្រឹមតែចុងៗម៉ោងប៉ុណ្ណោះ ដោយនេះមិនគ្រប់គ្រាន់សម្រាប់ការហ្វឹកហាត់បច្ចេកទេសកីឡានោះទេ។

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមទៀតថា ការហ្វឹកហាត់បែបនេះ គឺមិនគ្រប់ដូសតាមកម្មវិធីហ្វឹកហាត់បច្ចេកទេសកីឡានោះទេ ដោយការហ្វឹកហាត់ត្រូវការ៨ម៉ោង ក្នុង១ថ្ងៃៗ។ បើការហ្វឹកហាត់៨ម៉ោងក្នុង១ថ្ងៃ ៗ គឺយើងត្រូវការពេលសម្រាក១២ម៉ោង។ ចំពោះកីឡាករ កីឡាការិនី ដែលរៀនរយៈពេល៨ម៉ោងក្នុង១ថ្ងៃ ដល់ពេលពួគគាត់ចូលហ្វឹកហាត់មិនអាចធ្វើទៅកើតដែរ។ ដូច្នេះទើបយើងបានគិតគូរអំពីសុខុមាល ភាពរបស់ពួកគាត់ ដើម្បីបំប៉នបច្ចេកទេសឱ្យបានល្អប្រសើរ។ ដូច្នេះហើយនៅក្នុង ស.ជ.ណ បានចែងថា អ្នកណាដែលជាមន្ត្រីរាជការ ត្រូវប្រមូលកីឡាករ កីឡាការិនី និងគ្រូបង្វឹកមកហ្វឹកហាត់តែ១មុខសិន រហូតដល់បញ្ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទើបអនុញ្ញាតឱ្យទៅបម្រើការងារនៅតាមអង្គភាពរបស់ខ្លួនវិញ។

ចំពោះប្រាក់បៀវត្សរ៍របស់ក្រុមជម្រើសជាតិទាំងនោះ ដែលជាមន្ត្រីរាជការ នៅតែរក្សាជូនដដែល ហើយពេលមកហ្វឹកហាត់នេះ ក៏ទទួលបានប្រាក់ឧបត្ថម្ភហ្វឹកហាត់ទៀត ដែលនេះជាលំនាំ ដែលប្រទេសគេធ្វើម្ចាស់ផ្ទះធ្លាប់បានធ្វើរួចហើយ។ ទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន។ ដូច្នេះយើងជាអ្នកនៅខាងក្រោមធ្វើយ៉ាងណាប្តេជ្ញាចិត្តពុះពារធ្វើឱ្យបាន។

ស.ជ.ណ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ២ចំណុចធំៗ៖

ទី១- អនុញ្ញាតឱ្យក្រុមកីឡាជម្រើសជាតិបើកការហ្វឹកហាត់ឡើងវិញ ដោយត្រូវគោរពយ៉ាងម៉ឹងម៉ាត់ដូចតទៅ៖
-ត្រូវបិទទ្វារទីលាន និងក្លិបហ្វឹកហាត់ ហាមអ្នកក្រៅចេញ-ចូល ពិសេសអនុវត្តន៍យ៉ាងម៉ឹងម៉ាត់វិធានការ ៣ការពារ ៣កុំ ទោះបីកីឡាករ-កីឡាការិនី គ្រូបង្វឹក បានចាត់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២លើករួចហើយក្ដី។
-ត្រូវត្រួតពិនិត្យកីឡាករ-កីឡាការិនី គ្រូបង្វឹក មិនឱ្យចេញក្រៅផ្ទះ ក្រៅពីទៅមកកន្លែងហ្វឹកហាត់ និងនៅក្នុងកន្លែងស្នាក់នៅរួមតែប៉ុណ្ណោះ។
-ត្រូវមានគ្រូពេទ្យកីឡាតាមដានសុខភាពកីឡាករ-កីឡាការិនី និងគ្រូបង្វឹកជាប្រចាំ។
-មិនអនុញ្ញាតឱ្យកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្ដ្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចេញចូលក្នុងកន្លែងទីលានក្លិបហ្វឹកហាត់ជាដាច់ខាត់។

និងទី២- អនុញ្ញាតប្រមូលផ្ដុំធនធានមនុស្សជំនាញកីឡា ក្នុងករណីពិសេស៖
-គ្រូ គ្រូបង្វឹកក្រុមជម្រើសជាតិ ដែលជាមន្ដ្រីរាជការ កងកម្លាំងប្រដាល់អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរ ក្រសួង ស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្សរ៍ ដើម្បីមកបង្ហាត់ក្រុមជម្រើសជាតិតាមតម្រូវការកម្មវិធីហ្វឹកហាត់វិទ្យាសាស្ដ្រកីឡា ៨ម៉ោងក្នុងមួយថ្ងៃ រហូតដល់ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
-កីឡាករ-កីឡាការិនីជម្រើសជាតិ ដែលជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរ ក្រសួង ស្ថាប័នដើមរបស់ខ្លួន ដោយរក្សាប្រាក់បៀវត្សរ៍ ដើម្បីហ្វឹកហាត់ពេញ ៨ម៉ោងក្នុងមួយថ្ងៃ រហូតដល់ចប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
-កីឡាករ-កីឡាការិនីជម្រើសជាតិ ជាសិស្ស និស្សិត សិក្សាក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ត្រូវបានលើកទឹកចិត្តដូចតទៅ៖
-អនុញ្ញាតឱ្យធ្វើស្វ័យសិក្សា ដោយមិនបាច់មានវត្តមានជាប្រចាំក្នុងគ្រឹះស្ថានសិក្សា ប៉ុន្ដែអនុញ្ញាតឱ្យ ប្រឡង និងអាចរៀបចំការប្រឡងពិសេសក្នុងករណីចាំបាច់បំផុត។ រៀបចំយន្ដការបំប៉នការសិក្សាបន្ថែមតាមមធ្យោបាយរបស់គ្រឹះស្ថានសិក្សា។
-អនុញ្ញាតឱ្យកីឡាករ-កីឡាការិនីជម្រើសជាតិ ជាសិស្ស និសិ្សត សិក្សាក្នុងគ្រឹះស្ថានសិក្សា ៤ថ្ងៃ (ច័ន្ទ អង្គារ ពុធ ព្រហស្បតិ៍) ដើម្បីទុកថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ឱ្យបានហ្វឹកហាត់ពេញម៉ោង ដើម្បីរក្សានិរន្ដរភាព ភាពគត់មត់នៃគុណផលកីឡា។
-ក្រសួងអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សា ត្រូវពិនិត្យលទ្ធភាពលើកទឹកចិត្តផ្ដល់ពិន្ទុប្រឡងជាមុន តាមរយៈការវិនិច្ឆ័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ឬគ្រឹះស្ថានសិក្សាសាមី៕

ដោយ៖ ហេង ណាលីន, សម្រួលផ្សាយ៖ កន ចំណាន

Loading...