ប៊ុន​សុធា​រម្ពឹង​ឈ្នះ​ប្រាក់​លាន​ទោះ​​បីត​សង្ឃឹម​ជា​ឧ​បសគ្គ​ធំ​ខណៈ​ដែល​អ៊ូច​ធារិទ្ធ​បារម្ភ​ចំពោះ​ប៊ុន​សុធា​វិញ​

137

សមាស​សភាព​អ្នក​ប្រដាល់​លំដាប់​ខ្លាំង​ទម្ងន់​៥៧​គីឡូក្រាម​ចំនួន​៤​នាក់​ត្រូវ​បាន​គណៈកម្មការ​ផ្គូ​ផ្គង​សង្វៀន​ថោន​ដាក់​ឲ្យ​ដណ្តើម​ប្រាក់​លាន​ជា​មួយ​គ្នា​ស្រប​ពេល​ដែល​សង្វៀន​ថោន​បើក​ការ​ប្រ​កួត​ឡើង​វិញ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បន្ទាប់​ពី​ផ្អាក​ចំនួន​ពីរ​សប្តាហ៍​រួច​មក​។​ បេក្ខ​ភាព​កីឡាករ​ ប៊ុន​សុធា​, ​អ៊ូច​ធារិទ្ធ​ និង​បឹង​កាយ៉ាក​ សុទ្ធ​តែ​ធ្លាប់​ដណ្តើម​បាន​ប្រាក់​លាន​ពី​កម្ម​វិធី​នេះ​ម្នាក់​ម្តង​រួច​ហើយ​លើក​លែង​តែ​កីឡាករ​ បីត​ សង្ឃឹម​ នៅ​មិន​ទាន់​បាន​ឈ្នះ​ម្តង​នៅ​ឡើយ​។​ ទោះ​ជា​យ៉ាង​ណា​អ្នក​ប្រដាល់​ ប៊ុន​សុធា​ ដែល​កំពុង​ល្អ​ខ្លាំង​លេច​ធ្លោ​នៅ​តែ​ញញើត​កីឡាករ ​បីត​សង្ឃឹម​ ទៅ​វិញ​ដោយ​បាន​ផ្តល់​សម្ភាស​ថា​៖​ នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ឆ្នើម​ទាំង​បី​នេះ​ខ្ញុំ​ធ្លាប់​ចាញ់​ពិន្ទុ​បីត​សង្ឃឹម​ស្មើ​ជា​មួយ​អ៊ូច​ធារិទ្ធ​និង​មិន​ដែល​ប៉ះ​ប្រ​កួត​ជា​មួយ​កីឡាករ​បាង​កាយ៉ាក​នោះ​ឡើយ​។​ផ្ទុយ​ទៅ​វិញ​​សម្រាប់​កីឡាករ​អ៊ូច​ធារិទ្ធ​ គេ​មិន​បារម្ភ​ជា​មួយ​បិត​សង្ឃឹម​ឬ​បាង​កាយ៉ាក​ទេ​ប៉ុន្តែ​ បើ​ប៉ះ​ប៊ុន​សុធា​វិញ​គឺ​​ឧបសគ្គ​ធំ​វិញ​។​

បើ​និយាយ​ពី​បទ​ពិសោធ​ន៍​ឡើង​សង្វៀន​ប្រ​កួត​វិញ​អ្នក​ប្រដាល់​ទាំង​៤​មាន​តែ​អ៊ូច​ធារិទ្ធ​ប្រកួត​បាន​ច្រើន​ជាង​គេ​បន្ទាប់​មក​បីត​សង្ឃឹម​និង​បាង​កាយ៉ាក​។​អ៊ូច​ធារិទ្ធ​ជា​អ្នក​ប្រដាល់​ជម្រើស​ជាតិ​ប្រដាល់​សកល​ផង​ដែរ​ជា​បេក្ខ​ភាព​ទៅ​ប្រ​កួត​ស៊ី​ហ្គេម​នៅ​វៀត​ណាម​ឆ្នាំ​២០២១​នេះ​ប៉ុន្តែ​នៅ​តែ​ឆ្លៀត​ឱកាស​ឡើង​ប្រដាល់​គុន​ខ្មែរ​ដើម្បី​រក​ប្រាក់​បន្ថែម​។ អ៊ូច​ធារិទ្ធ ​ប្រកួត​បាន​ចំនួន​ ១០៥​លើក​ ឈ្នះ​៧៩​លើក​ ចាញ់​២២​លើក​ ស្មើ​ ៤​លើក​ ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ចំនួន​ ៣៩លើក​។​ បីត​ សង្ឃឹម​​ ប្រ​កួត​បាន​ចំនួន ​៩៩​លើក​ ឈ្នះ​ ៧៨​លើក​ចាញ់ ​២២​លើក​ ស្មើ​ ៤​លើក ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​៣ ២​លើក​។​ កីឡាករ ​ប៊ុន​ សុធា ​ធ្លាប់​ប្រ​កួត​បាន​ចំនួន​ ៨២​លើក​ ឈ្នះ​ ៦៨​លើក​ ចាញ់​តែ​ ១២​លើក​ ស្មើ ២​លើក ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​ដល់​ទៅ ​៤៥​លើក​។​ បាង ​កាយ៉ាក​ មាន​ប្រវត្តិ​ប្រ​កួត​បាន​ចំនួន​ ៨៥​លើក​ ឈ្នះ​ ៦៣​លើក​ ចាញ់​ ២០​លើក ​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ ២២​លើក ​ប៉ុន្តែ​ប្រភព​ក្រៅ​ផ្លូវ​ការ​តាម​រយៈ​នេះ​ស្គាល់​កីឡាករ​រូប​នេះ​ប្រ​កួត​បាន​ច្រើន​ណាស់​រាប់​រយ​ដង​នៅ​តាម​ព្រុះ​ដែន​ថៃ​។​

ប៊ុន​ សុធា​ និយាយ​ថា ​៖​ ខ្ញុំ​រម្ពឹង​ឈ្នះ​បាន​ប្រាក់​លាន​ម្តង​ទៀត​។​ ការ​លំបាក​គឺ​ប្រសិន​បើ​ចាប់​ឆ្នោត​ប៉ះ​បីត​សង្ឃឹម​គឺ​លំបាក​ឈ្នះ​ណាស់​ហើយ​ខ្ញុំ​ធ្លាប់​ចាញ់​គាត់​ម្តង​។​ ប៊ុន​ សុធា​ បន្ត​ថា​បើ​គេច​ផុត​ពី​ បីត​ សង្ឃឹម​ គឺ​ខ្ញុំ​រម្ពឹង​ឈ្នះ​ដល់​ទៅ ​៩០​ភាគ​រយ​។​

លោក ​ធន់​ សុភា​គ្ រូ​បង្វឹក​និយាយ​ថា​៖​ ខ្ញុំ​គិត​ឃើញ​ដូច​​ ប៊ុន​ សុធា​ ដែរ​ បីត ​សង្ឃឹម​ គឺ​ឧបសគ្គ​ធំ​បើ​ពីរ​នាក់​ទៀត​មាន​ បាង​ កាយ៉ាក​យើង​គិត​ថា​យើង​អាច​ឆ្លង​ផុត​យក​ឈ្នះ​បាន​។ ​ខ្ញុំ​រម្ពឹង​ថា​ ៨០​ភាគ​រយ​នឹង​ឈ្នះ​ទាំង​ពីរ​ប្រ​កួត​បាន​ប្រាក់​លាន​ម្តង​ទៀត​។​

ចំណែក ​អ៊ូច ​ធារិទ្ធ​ និយាយ​ថា​៖​ ខ្ញុំ​ធ្លាប់​ស្មើ​ជា​មួយ ​ប៊ុន​ សុធា​។​ សម្រាប់​ពីរ​នាក់​ទៀត​មាន​ បិត​ សង្ឃឹម​ និង​បាង​កាយ៉ាក​ មិន​បារម្ភ​ទេ​អាច​ឈ្នះ​ប៉ុន្តែ​ប៊ុន​សុធា​តឹង​តែង​ណាស់​។​អ៊ូច​ធារិទ្ធ​បន្ថែម​ថា​បើ​ចាប់​ឆ្នោត​មិន​ជួប​ប្រ​កួត​ជា​មួយ​ប៊ុន​សុធា​ខ្ញុំ​មាន​ទំនុង​ចិត្ត​៩០​ភាគ​រយ​ឈ្នះ​បាន​ប្រាក់​លាន​នេះ​ម្តង​ទៀត​។​

លោក ​បីត ​សំខាន់​ គ្រូ​បង្វឹក បីត​ សង្ឃឹម​ និយាយ​ថា​៖​ខ្ ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​ទេ​ពី​ព្រោះ​៣​នាក់​ទៀត​នោះ​គេ​ខ្លាំងៗ​ធ្លាប់​ឈ្នះ​ពាន​និង​ខ្សែ​ក្រវាត់​ផង​។​ លោក​ បីត​ សំខាន់​ បន្ថែម​ថា​៖​ កូន​សិស្ស​ខ្ញុំ​ឡើង​សង្វៀន​ដឹង​តែ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ប៉ុន្តែ​មិន​ហ៊ាន​រម្ពឹង​ឈ្នះ​ច្រើន​ទេ​ពី​ព្រោះ​ប៉ះ​សុទ្ធ​តែ​កំពូល​កីឡាករ​លំដាប់​ល្អ​ជួរ​មុខ​។​

លោក​អេភូ​ថង​គ្រូ​បង្វឹក​បាង​កាយ៉ាក​មិន​អាច​ទាក់​ទង​បាន​ប៉ុន្តែ​កីឡាករ​រូប​នេះ​បើ​បាន​ហាត់​ត្រឹម​ត្រូវ​ប្រ​កួត​អស់​ពី​សមត្ថភាព​វិញ​ពិត​ជា​អស្ចារ្យ​ណាស់​ក្បាច់​ជង្កង់​ប៉ុន្តែ​ពេល​ខ្លះ​ចាញ់​គេ​លក្ខណៈ​ផុយ​ស្រួយ​ពេក​នាំ​ឲ្យ​អ្នក​ទស្សនា​មិន​ចូល​ចិត្ត​។

គណៈ​កម្មការ​ផ្គូ​ផ្គង​លោក​ជួប​វុត្ថា​និយាយ​ថា​៖​សមត្ថភាព​៤​នាក់​នេះ​មាន​លេច​ធ្លោ​៣​នាក់​ចំណែក​កីឡាករ​បឹង​កាយ៉ាក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ខ្សោយ​ជាង​គេ​បន្តិច​ប៉ុន្តែ​យើង​មិន​អាច​មើល​រំលង​បាន​ទេ​ពី​ព្រោះ​ខ្ញុំ​បាន​ជម្រុញ​ឲ្យ​គ្រូ​វា​បង្វឹក​ត្រៀម​បាន​ល្អ​និង​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​គឺ​ល្អ​ណាស់​សម្រាប់​៤​នាក់​ក្នុថ​សប្តាហ៍​នេះ​៕​

Loading...