ទិវារត់ប្រណាំងអង្គរផ្លាស់ប្តូរទៅជារត់ស្ម័គគ្រចិត្តដោយខ្លួនឯង

174

ភ្នំពេញ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៥ ប្រចាំឆ្នាំ២០២០ នៅខេត្តសៀមរាប ដែលគ្រោងលើកការរៀបចំ ឡើងវិញនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នោះបានផ្លាស់ប្តូរទៅជាការរត់ស្ម័គ្រចិត្តដោយខ្លួនឯង (Virtual Run) នៅតាមកន្លែងរត់ណា ដែលអ្នករត់ជ្រើសរើសដោយខ្លួនឯង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ការជម្រាបជូនស្តីអំពីការផ្លាស់ប្តូរពីរត់ជុំគ្នានៅខេត្តសៀមរាប មកជាការរត់ស្ម័គ្រដោយខ្លួនឯងនេះ គណៈកម្មការរៀបចំទិវាកីឡា-ទេសចរណ៍ដ៏ធំប្រចាំឆ្នាំមួយនេះបានប្រកាសជាសាធារណៈ កាលពីម្សិលមិញម្តងរួចមកហើយៗនៅថ្ងៃនេះឯកឧត្តមបានបញ្ជាក់ជាថ្មីម្តងទៀត ដើម្បីផ្តល់ខ្លឹមសារបន្ថែមពីការរត់ដោយខ្លួនឯងនេះ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងនៅកម្ពុជា តំបន់ ក៏ដូចជាពិភពលោក។ ដូច្នេះគណៈកម្មការរៀបចំបានស្នើឲ្យកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួម ត្រូវរត់នៅតាមទីតាំងស្ម័គ្រចិត្តរៀងៗខ្លួន តាមការណែនាំ ដែលនៅថ្ងៃទី២៣-២៤ ខែមករា កីឡាករ-កីឡាការិនីនៅភ្នំពេញ ត្រូវមកទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធី Manulife MOVE App នៅក្នុងទូរសព្ទដៃរបស់ខ្លួន នៅទីស្នាក់ការ NOCC ហើយនៅថ្ងៃទី៣០-៣១ ខែមករា។ ចំពោះកីឡាករ-កីឡាការិនី នៅខេត្តសៀមរាបត្រូវមកទទួលយកសម្ភារៈកីឡា និងបញ្ចូលកម្មវិធី Manulife MOVE App រត់ ឬដើរដោយខ្លួនឯងនៅក្នុងទូរសព្ទដៃរបស់ខ្លួនពីតំណាងគណៈកម្មការម៉ារ៉ាតុងខេត្តសៀមរាប នៅការិយាល័យសាខា មេនូឡាយហ៍ ខេមបូឌា ខេត្តសៀមរាប។

នៅថ្ងៃទី០៥ ខែកុម្ភៈ NOCC នឹងប្រកាសបើកកម្មវិធីការត់ស្ម័គ្រចិត្តខ្លួនឯង នៅតាមប្រព័ន្ធព័ត៌មានសង្គម ហើយនៅថ្ងៃទី០៦-០៧ ខែកុម្ភៈ គឺជារយៈពេលសម្រាប់កីឡាករ-កីឡាការិនីរត់ ឬដើរឲ្យគ្រប់ចំនួនគីឡូម៉ែត្រ ដែលខ្លួនបានចុះឈ្មោះ។ បន្ទាប់មកនៅថ្ងៃទី២០-២១ ខែកុម្ភៈ កីឡាករ-កីឡាការិនីទាំងអស់ដែលបានរត់ចម្ងាយ ៥គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ត្រូវបានអញ្ជើញមកទទួលយកមេដាយអនុស្សាវរីយ៍ សម្រាប់រាជធានីភ្នំពេញ មកទទួលនៅទីស្នាក់ការ NOCC និងខេត្តសៀមរាប មកទទួលនៅការិយាល័យសាខា មេនូឡាយហ៍ ខេមបូឌា ខេត្តសៀមរាប។
ជាមួយគ្នានោះ ឯកឧត្តម វ៉ាត់ ចំរើន ស្នើសុំការយោគយល់ និងអធ្យាស្រ័យចំពោះអ្នកចុះឈ្មោះចូលរួមប្រកួត ទាំងអស់ សម្រាប់ការផ្លាស់ពីការរត់ជួបជុំគ្នាមកជាការរត់ដោយខ្លួនឯង ដែលពិភពលោកក៏បានផ្លាស់ប្តូរទម្រង់បែបនេះដែរ នៅក្នុងបរិបទនៃការរស់នៅបែបថ្មី នៃស្ថានភាពវិបត្តិកូវីដ-១៩នេះ។ ឯកឧត្តមក៏បានស្នើសុំឲ្យអ្នកចុះឈ្មោះទាំងអស់គប្បីរត់ទាំងអស់គ្នា ហើយគប្បីមានភាពស្មោះត្រង់ក្នុងការរត់ដោយខ្លួនឯងនូវចំនួនគីឡូម៉ែត្រ ដែលខ្លួនបាន ចុះឈ្មោះ ដើម្បីទទួលបាននូវមេដាយអនុស្សាវរីយ៍ពីគណៈកម្មការរៀបចំ រីឯប្រាក់រង្វាន់មិនមានផ្តល់ជូនទេ។

លោកស្រី ណារ៉ា តំណាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ដែលជាក្រុមហ៊ុនឧបត្ថម្ភធំប្រចាំព្រឹត្តិការណ៍សម្បុរសធម៌ដ៏ធំប្រចាំឆ្នាំមួយនេះនឹងផ្តល់ពត៌មានបន្ថែមទៀត ទាក់ទងនឹងការរត់ស្ម័គ្រចិត្តដោយខ្លួនឯងនេះ។ លោកស្រីតំណាងក៏បានបង្ហាញការគាំទ្រ ដើម្បីស្វែងរកមូលនិធីជួយដល់កិច្ចការសង្គម មន្ទីរពេទ្យកុមារ និងអង្គការសប្បុរសធម៌នានា។

លោក សែម ផល្លា នាយកគ្រប់គ្រងទូទៅទិវាពាក់កណ្តាលម៉ារ៉ាតុងនៅកម្ពុជាស្នើសុំការយោគយល់នូវសំណូមពររបស់គណៈកម្មការរៀបចំ នៅក្នុងស្ថានភាពជាក់ស្តែងនេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដូច្នេះហើយដើម្បី ថែរក្សានូវសុខសុវត្ថិភាពសម្រាប់កីឡាករ កីឡាការិនីទាំងអស់ គណៈកម្មការទិវាពាក់កណ្តាលម៉ារ៉ាតុងអង្គរបានផ្លាស់ ប្តូរនូវទម្រង់រត់ពីការជូបជុំគ្នា មកជាការរត់ដោយខ្លួនឯង៕

Loading...