អ្នកប្រដាល់ជើងថ្មីកំពុងលេចធ្លោចំនួនពីររូបកីឡាករសេកថាវរីមកពីខេត្តសៀមរាបនិងកីឡាករសំអានមកពីបញ្ជាការដ្ឋានទ័ពពិសេសកំពុងតែចាប់ផ្តើមល្បីត្រូវបានគណៈកម្មការផ្គូផ្គងសង្វៀនថោនដាក់ឲ្យចាប់ឆ្នោតប្រកួតជាមួយជើងចាស់មានបទពិសោធន៍ច្រើនកីឡាករគង់ហូវមកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបនិងកីឡាករសេងកុសលមកពីក្លិបម៉ោងឬស្សីខេត្តបាត់ដំបងក្នុងប្រភេទទម្ងន់៦០គីឡូក្រាមកម្មវិធីដណ្តើមប្រាក់លានសង្វៀនថោនសប្តាហ៍ទី៦៨នៅថ្ងៃអាទិត្យនេះ។ស្ថានភាពការរីកចម្រើនវិជ្ជាគុនរបស់អ្នកប្រដាល់ជំនាន់ក្រោយកាន់តែលេចធ្លោហើយកីឡាករជើងចាស់មួយចំនួនដែលធ្លាប់ល្បីបានធ្វេសប្រហែសមិនព្យាយាមក្នុងការហ្វឹកហាត់បានល្អនោះលទ្ធផលការប្រកួតមិនទទួលបានល្អដូចអ្នកប្រដាល់ជំនាន់ក្រោយៗឡើយ។
កីឡាករសេនកុសលធ្លាប់ជាជើងខ្លាំងក្នុងទម្ងន់៥៧ឬ៦០គីឡូក្រាមបានមកស្នាក់នៅបណ្តោះហ្វឹកហាត់ជាមួយលោកគ្រូធនសុភាស្រដៀងគ្នាទៅនឹងកីឡាករលំដាប់ខ្លាំងគង់ហូវមកស្នាក់នៅហាត់បណ្តោះអាសន្នជាមួយលោកគ្រូជារិទ្ធក្នុងស្តាដចាស់បានផ្តល់សម្ភាសន៍ថា៖មិនហ៊ានអះអាងមុនប្រកួតទេពីព្រោះជើងថ្មីទាំងពីរនាក់ដែលត្រៀមនោះប្រសិនចាប់ឆ្នោតប៉ះប្រកួតគ្នាពិតជាលំបាកឈ្នះណាស់ពីព្រោះគេកម្លាំងថ្មីវ៉ៃសម្រុកខ្លាំងមិនញញើតនោះឡើយ។ទោះជាការប្រកួតនេះជាមួយជើងថ្មីតែជាការលំបាកនិងព្រួយបារម្ភខ្លាំងណាស់។
លោកធនសុភានិយាយថា៖សេនកុសលមកហាត់ត្រៀមនៅជាមួយខ្ញុំហើយស្ថានភាពដូចជាមិនសូវបានល្អនិងលំបាកឈ្នះជើងថ្មីៗណាស់ពីព្រោះបើប៉ះជាមួយជើងថ្មីដូចជាកីឡាករសំអានពិតជាឧបសគ្គធំហើយ។ហើយបើប៉ះជាមួយសេកថាវរីក៍មិនងាយស្រួលដែរពីព្រោះជើងថ្មីជំនាន់ក្រោយទាំងពីរនាក់នេះហាត់ល្អប្រកួតល្អណាស់និងបានឈ្នះជើងចាស់មួយចំនួនផងមកដែរ។លោកធន់សុភាបញ្ជាក់ថា៖តាមខ្ញុំពិនិត្យលើសមត្ថភាពរបស់សេនកុសលនិងដៃគូទាំង៣នាក់ទៀតគឺយ៉ាប់ឈ្នះគេគឺចាញ់ប្រៀបផ្នែកកម្ពស់ពិសេសកម្លាំងតែម្តងហេតុនេះរម្ពឹងឈ្នះមិនលើស៥០ភាគរយទេ។
លោកជារិទ្ធគ្រូបង្វឹករបស់គង់ហូវមិនអាចទាក់ទងបានដោយសារលោកមិនលើកទូរស័ព្ទប៉ុន្តែកីឡាករគង់ហូវនិយាយថាហ្វឹកហាត់មិនសូវបានល្អជាប់លាប់ទេដោយជីវភាពខ្វះខាតឆ្លៀតពេលដើរព្រៃរកឃ្មុំលក់នៅស្រុកសន្ទុកខេត្តកំពុង។គង់ហូវបន្តថាក្នុងបន្ទុកគ្រួសារខ្ញុំមើលថែទាំចឹញ្ចឹមឪពុកម្តាយចាស់ផងមានប្រពន្ធនិងកូនហេតុនេះពេលវេលាហ្វឹកហាត់បានតិចតួចហើយមួយរយៈនេះប្រកួតមិនសូវបានល្អ។គង់ហូវទទួលស្គាល់ថា៖ពួកជើងថ្មីទាំងពីរនេះខ្ញុំមិនដែលប៉ះប្រកួតជាមួយទេគឺពួកគេខ្លាំងជំនាន់ក្រោយខ្ញុំមិនហ៊ាននិយាយមុនទេប៉ុន្តែសេនកុសលខ្ញុំធ្លាប់ប្រកួត៤លើកឈ្នះ២ចាញ់២លើក។ខ្ញុំសង្ឃឹមឈ្នះ៥០ភាគរយនិងធានាវ៉ៃអស់ពីសមត្ថភាព។ក្នុងបីប្រកួតចុងក្រោយរបស់គង់ហូវចាញ់ទូចដេវីដចាញ់អេអាំម៉ារីននិងចាញ់រឿមវណ្ណៈនៅសង្វៀនហង្សមាស។
លោកឡៅស៊ីណាតគ្រូជំនួយកីឡាករសំអាននិយាយថា៖សំអានហាត់ឡើងវ៉ៃបានពីរឆ្នាំប៉ុន្តែសមត្ថភាពល្អ។នៅក្នុងចំណោមកីឡាករទាំង៤នាក់នេះខ្ញុំមើលឃើញថាសមត្ថភាពវាកំពុងល្អខ្លាំងអាចមានលទ្ធភាពយកឈ្នះជើងចាស់ទាំងនោះបានហើយស្នៀតល្អរបស់គេគឺកណ្តាប់ដៃធ្ងន់និងកម្លាំងល្អនិងធនទៅនិងការវ៉ៃឡុករបស់ដៃគូ។ឡៅស៊ីណាតបញ្ចាក់ថា៖ខ្ញុំសង្ឃឹមឈ្នះ៨០ភាគរយបាន ប្រាក់រង្វាន់ហើយកន្លងមកធ្លាប់ឈ្នះប្រាក់រង្វាន់នេះម្តងដែរ។
សេកថាវរីមិនជើងថ្មីមិនអាចទាក់ទងសម្ភាសបានប៉ុន្តែលោកជួបវុត្ថាអ្នកផ្គូផ្គងនិយាយថា៖ខ្ញុំមើលឃើញប៉ុន្មានប្រកួតចុងក្រោយនេះប្រកួតល្អហើយសមត្ថភាពប្រហាក់ប្រហែលជាមួយសំអានដែរហេតុនេះការចាញ់ឈ្នះតឹងតែង។តាមប្រវត្តិប្រកួតរបស់គូដណ្តើមប្រាក់លានសប្តាហ៍ទី៦៨នេះអ្នកទាំង៤គឺមានជើងចាស់ពីររូបនិងជើងថ្មីពីររូបខណៈដែលជើងចាស់មិនសូវហ៊ានអួតជាមួយជើងថ្មីនោះឡើយ។សំអានប្រកួតបានចំនួន៣២លើកឈ្នះ២៣លើកចាញ់៦ស្មើ៣លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់៤លើក។សេកថាវរីប្រកួតបានចំនួន៣៥លើកឈ្នះ២៥លើកចាញ់៥លើកស្មើ៥លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់៦លើក។គង់ហូវមានប្រវត្តិប្រកួតបានចំនួន៧៧លើកឈ្នះ៦៦ចាញ់១០លើកស្មើ១ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន១១លើក។សេនកុសលប្រកួតបានចំនួន៨៩លើកឈ្នះ៧១លើកចាញ់១៦លើកស្មើ២លើកក្នុងនោះផ្តួលដៃគូឲ្យសន្លប់ចំនួន១៧លើក៕