ខ្លាចាស់​ប៉ះគ្នាជំនួបដណ្តើម​ប្រាក់​លាន​សប្តាហ៍​ទី​៦៩​នៅ​សង្វៀន​ថោន​

76

អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ចំនួន​៤​នាក់​ដែល​មាន​បទ​ពិសោធ​ន៍​ច្រើន​លើ​សង្វៀន​ត្រូវ​បាន​គណៈ​កម្មការ​ផ្គូ​ផ្គង​សង្វៀន​ថោន​ដាក់​ឱ្យ​ប្រ​កួត​គ្នា​លក្ខណៈ​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នា​យប់​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​សប្តាហ៍​ទី​៦៩​។​កីឡាករ​ទាំង​៤​រូម​មាន​កីឡាករ​ធន់​ចាន់​តាក់​មក​ពី​សមាគម​ប្រដាល់​ក្រ​សួង​ការ​ពារ​ជាតិ​,​សេក​គឹម​រួន​មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​,គង់​សំបូរ​មក​ពី​ក្លិប​គោព្រៃ​និង​សូត្រ​ខេវិន​មក​ពី​បក្សី​ស្លាប​ដែក​​ហើយ​តាម​រយៈ​កិច្ច​​សម្ភាស​ន៍​ឱ្យ​ដឹង​ថា​៖​ពួក​គេ​មាន​ទឹក​ចិត្ត​មុះ​មុត​ក្នុង​ការ​ឡើង​ប្រ​កួត​ប៉ុន្តែ​ពួក​គេ​ញញើត​គ្នា​ពិសេស​ភាគី​សូត្រ​ខេវិន​,សេក​គឹម​រួន​និង​គង់​សំបូរ​និយាយ​ថា​ញញើត​វត្ត​មាន​កណ្តាប់​ដៃ​កីឡាករ​ធន់​ចាន់​តាក់​ចំណែក​ធន់​ចាន់​តាក់​បែរ​ជា​មិន​សូវ​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ច្រើន​នោះ​ទេ​។​យ៉ាង​ណាក្តី​ជំនួប​ប្រ​កួត​នេះ​ពិត​ជា​តឹង​តែង​ណាស់​ស្រប​ពេល​ដែល​គេ​សុទ្ធ​តែ​មាន​បទ​ពិសោធ​ន៍​ច្រើន​ដូច​គ្នា​តែ​នៅ​ខ្លាច​ញញើត​គ្នា​។​

គង់​សំបូរ​និយាយ​ថា​៖​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្ពស់​ដល់​ទៅ​៨០​ភាគ​រយ​ប៉ុន្តែ​ខ្ញុំ​ញញើត​តែ​កីឡាករ​ធន់​ចាន់​តាក់​ម្នាក់​គត់​ដែល​ជំនាញ​កណ្តាប់​ដៃ​និង​ចូល​វាយ​សម្រុក​សន្ធាប់​មិន​ចេះ​ដក​ថយ​។​ក្រៅ​ពី​នេះ​មាន​សេក​គឹម​រួន​និង​សូត្រ​ខេវិន​ខ្ញុំ​ធ្លាប់​ប្រ​កួត​ឈ្នះ​ពួក​គេ​ច្រើន​ដង​មក​ហើយ​គឺ​មិន​សូវ​ព្រួយ​បារម្ភ​នោះ​ទេ​គឺ​អាច​យក​ឈ្នះ​បាន​គ្រាន់​តែ​តឹង​តែង​បន្តិច​ដែរ​និយាយ​ទៅ​មិន​មែន​ស៊ី​ផុយ​នោះ​ឡើយ​។​គង់​សំបូរ​បន្ត​ថា​៖​ខ្ញុំ​ធ្លាប់​ជា​សិស្ស​រួម​គ្រូ​រួម​ក្លិប​ជា​មួយ​ធន់​ចាន់​តាក់​និង​ដេក​ហ្វឹក​ហាត់​ជា​មួយ​គ្នា​ខ្ញុំ​ដឹង​ពី​ស្នៀត​កណ្តាប់​ដៃ​ជង្គង់​និង​ការ​វាយ​សម្រុក​របស់​ចាន់​តាក់​គឺ​វ៉ៃ​មិន​ចេះ​បន្ធូរ​ដៃ​ឱ្យ​ដៃ​គូ​ឬ​យោគ​យល់​គ្នា​ឯង​នោះ​ទេ​ហេតុ​នេះ​លំបាក​ប្រកួត​ណាស់​​​។​

លោក​សួន​ប៊ុន​សូត្រ​គ្រូ​បង្វឹក​បង្វឹក​របស់​កីឡាករ​សូត្រ​ខេវិន​និយាយ​ថា​៖​ខេវិន​ធ្លាប់​ចាញ់​គង់​សំបូរ​និង​ឈ្នះ​សេក​គឹម​រួន​ប៉ុន្តែ​មិន​ដែល​ប្រ​កួត​ជា​មួយ​ធន់​ចាន់​តាក់​ទេ​។​តាម​ការ​ប្រឹង​ហ្វឹក​ហាត់​មួយ​រយៈ​នេះ​ខ្ញុំ​មាន​ល្បិច​កល​ខ្លះ​ដើម្បី​យក​ឈ្នះ​គង់​សំបូរ​និង​សេក​គឹម​រួន​ឲ្យ​បាន​ក្នុង​ទំនុក​ចិត្ត​ខ្ពស់​គឺ​៨០​ភាគ​រយ​ប៉ុន្តែ​បើ​ចាប់​ឆ្នោត​ប៉ះ​ប្រកួត​ជា​មួយ​ធន់​ចាន់​តាក់​គឺ​លំបាក​ប្រ​កួត​ណាស់​ពី​ព្រោះ​វា​វ៉ៃ​មិន​ចេះ​ស្ទាប​ស្ទង់​ទេ​ចូល​ទៅ​ដឹង​តែ​សម្រុក​ផ្តាច់​តែ​ម្តង​ហេតុ​នេះ​ទប់​ជាប់​ឬ​ការពារ​បាន​ឬ​មិន​បាន​នៅ​លើ​ការ​ ជាក់​ស្តែង​តែ​ម្តង​មិន​អាច​ទស្សន័​ទាយ​បាន​មុន​ទេ​ ។​លោក​សួន​ប៊ុន​សូត្រ​បន្ត​ថា​៖​យ៉ាង​ណា​ខ្ញុំ​នឹង​ជួយ​ផ្តល់​បច្ចេកទេស​ឲ្យ​ខេវិន​វ៉ៃ​ឱ្យ​បាន​ប្រាក់​លាន​នេះ​ឱ្យ​បាន​។​

សេក​គឹម​រួន​និយាយ​ថា​៖​ខ្ញុំ​ឡើង​ទៅ​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព​តែ​មិន​ហ៊ាន​អះអាង​ឈ្នះ​ប៉ុន្មាន​ភាគ​រយ​ទេ​ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ជើង​ចាស់​ខ្លាំងៗ​ក្នុង​ទម្ងន់​នេះ​។​សេក​គឹម​រួន​ធ្លាប់​ចាញ់​សូត្រ​ខេវិន​និង​គង់​សំបូរ​ប៉ុន្តែ​មិន​ធ្លាប់​ប្រ​កួត​ជា​មួយ​ធន់​ចាន់​តាក់​ទេ​។​សេក​គឹម​រួន​បញ្ចាក់​ថា​«ខ្ញុំ​សង្ឃឹម​ឈ្នះ​តែ​៥០​ភាគ​រយ​ប៉ុណ្ណោះ​ហើយ​បើ​ប៉ះ​ធន់​ចាន់​តាក់​វគ្គ​ជម្រុះ​វិញ​ដូច​ជា​ញញើត​ខ្លាច​ខ្លាច​គាត់​ដែរ​ពី​ព្រោះ​មួយ​រយៈ​នេះ​ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ​ហាត់​មិន​បាន​ល្អ​ប្រ​កួត​ចាញ់​ញឹក​ញាប់​ដែរ​ដោយ​សារ​កម្លាំង​ធ្លាក់​ចុះ​។​

ចំណែក​លោក​ធន​សុភា​គ្រូ​បង្វឹក​របស់​ធន់​ចាន់​តាក់​និយាយ​ថា​ពួក​គេ​ទាំង​៤​នាក់​នេះ​ជើង​ចាស់​ដូច​គ្នា​មិន​ងាយ​ឈ្នះ​ចាញ់​ផុយៗ​ទេ​គឺ​តឹង​តែង​ណាស់​។​តាម​ខ្ញុំ​មើល​ធន់​ចាន់​តាក់​មិន​ល្អ​លើស​កីឡាករ​៣​នាក់​ទៀត​នេះ​ទេ​ប៉ុន្តែ​វា​មាន​ចិត្ត​ធំ​ចូល​វាយ​មុន​មិន​ប្រ​ចាំ​ដៃ​គូ​តែ​បើ​វ៉ៃ​តាម​បច្ចេកទេស​មួយៗ​វិញ​គង់​សំបូរ​ល្អ​ជាង​ពី​ព្រោះ​គង់​សំបូរ​និង​ចាន់​តាក់​ធ្លាប់​ជា​កូន​សិស្ស​តែ​មួយ​ក្នុង​ក្លិប​តែ​មួយ​ហើយ​ក្រោយ​មក​ទើប​បែក​ទៅ​នៅ​ក្លិប​ផ្សេង​ពី​គ្នា​។​

​តាម​ប្រ​វត្តិ​ប្រ​កួត​ក្នុង​ការ​ដណ្តើម​ប្រាក់​លាន​ម៉ារ៉ាតុង​នេះ​ពី​លោក​ជួប​វត្ថា​ប្រាប់​ថា​៖​គង់​សំបូរ​ធ្លាប់​ចាញ់​ឡុង​ជិន​និង​អេលីត​ភក្តី​ឈ្នះ​បាន​រង​ចំនួន​ពីរ​លើក​។​​សូត្រ​ខេវិន​ធ្លាប់​ចូល​ប្រ​កួត​បាន​ត្រឹម​ជើង​ឯក​រង​ដែរ​ពីរ​លើក​គឺ​ចាញ់​ឡុង​បេន​លឿន​និង​ឡុង​សំណាង​។​ចំណែក​កីឡាករ​ធន់​ចាន់​តាក់​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​ប្រាក់​រង្វាន់​នេះ​ម្តង​ដោយ​ចាញ់​ចាន់​ប៊ុន​ហឿន​និង​មាន​តែ​សេក​គឹម​រួម​មិន​ធ្លាប់​ចូល​រួម​ប្រ​កួត​។​

ស្ថិតិ​ប្រ​កួត​របស់​សេក​គឹម​រួន​បាន​ចំនួន​១១៦​លើក​ឈ្នះ​៧២​លើក​ចាញ់​៣៩លើក​ស្មើ​៥​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​១៨​លើក​។​ធន់​ចាន់​តាក់​ប្រ​កួត​បាន​ចំនួន​៨៥​លើក​ឈ្នះ​៦២​លើក​ចាញ់​២០​ស្មើ​៣​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​៣០​លើក​។​គង់​សំបូរ​ប្រ​កួត​បាន​៩០​លើក​ឈ្នះ​ចំនួន​៦១​លើក​ចាញ់​២៤​លើក​ស្មើ​៥​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​២៣​លើក​។​សូត្រ​ខេវិន​ប្រ​កួត​បាន​ចំនួន​៩៤​លើក​ឈ្នះ​៥៩​លើក​ចាញ់​ចំនួន​៣១​លើក​ស្មើ​៤​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​២០​លើក​៕​​​​

Loading...