ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​ CAMSOC ​កំណត់​ជា​ទី​តាំង​ប្រ​កួត​កីឡា​ចំនួន​៣​ប្រភេទ​

109

កិច្ច​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ camsoc ​និង​ភាគី​ពាក់​ព័ន្ធ​ជា​ដៃ​គូ​មាន​​ក្រសួង​អប់រំ​យុវជន​ និង​កីឡា,​ គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ជា​ពិសេស​ជំនាញ​របស់​សហព័ន្ធ​​កីឡា​ជាតិ​គឺ​បាន​ធ្វើ​ឲ្យ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​ ឆ្នាំ​២០២៣ ​(CAMSOC) ​បាន​កំណត់​យក​រួច​ហើយ​នូវ​ទី​លាន​សម្រាប់​កីឡា​ចំនួន ​៣​ប្រ​ភេទ​ នឹង​ប្រារព​ធ្វើ​ឡើង​ក្នុង​ខេត្ត​ព្រះ​សីហនុ​​គឺ​កីឡា​បាញ់​កាំភ្លើង​ កីឡា​ម៉ូ​តូ​ទឹក ​និង​កីឡា​ទូក​ក្តោង​។​

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​ CAMSOC ​ឲ្យ​ដឹង​ថា​​សម្តេច​ពិជ័យ​សេនា ​ទៀ​ បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​​ CAMSOC​ បាន​យល់​ព្រម​នឹង​ឯក​ភាព​ហើយ​នូវ​កីឡា​បី​ប្រ​ភេទ​ខាង​លើ​ដាក់​ឲ្យ​ប្រ​កួត​ប្រជែង​នៅ​លើ​ទឹក​ដី​ខេត្ត​ព្រះ​សីហនុ​ដែល​កំពុង​តែ​ចាប់​ផ្តើម​សម្រប​សម្រួល​ជា​បណ្តើៗ​ដើម្បី​ទទួល​បំរើ​ការ​ប្រ​កួត​ស៊ី​ហ្គេម​លើក​ទី​៣២​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​។

លោក ​ខៃ ​វណ្ណៈ​ គណៈ​កម្មា​ធិ​ការ​ប្រ​តិបត្តិ​សហព័ន្ធ​ប្រភេទ​កីឡា​បាញ់​កាំ​ភ្លើង​ឲ្យ​ដឹង​ថា​ សហព័ន្ធ​ពិត​ជា​ទទួល​បាន​ការ​គាំ​ទ្រ​ឲ្យ​ជួយ​រៀប​ចំ​ទី​លាន​កីឡា​បាញ់​កាំ​ភ្លើង​​ត្រៀម​ឆ្ពោះ​ទៅ​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេមឆ្នាំ​២០២៣​ ជា​មួយ​នឹង​ប្រភេទ​កីឡា​ដទៃៗ​ទៀត​។​ជា​មួយ​គ្នា​នេះ​កម្ពុជា​យើង​កំពុង​សិក្សា​ និង​ស្វែង​រក​ទី​កន្លែង​ណា​ដែល​មាន​ប្រយោជន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​នានា​ជាក់​ស្តែង​សហព័ន្ធ​បាន​កំណត់​យក​ខេត្ត​ព្រះ​សីហនុ​នេះ​ជា​​កន្លែង​សាងសង់ទី​លាន​បាញ់កាំ​ភ្លើង​ដោយសារ​ពេល​ស៊ីហ្គេមឆ្នាំ​២០២៣​ គឺ​ភ្នំពេញ​ខេត្ត​សៀមរាប​ ជា​ដើម​រវល់​ទទួល​ភ្ញៀវ​ និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ប្រភេទ​ផ្សេង​ច្រើន​ទៀត​។ ​ហើយ​ខេត្តព្រះ​សីហនុ​អាច​ទទួល​កីឡាករ កីឡាការិនី​លើប្រភេទ​កីឡា​មួយ​ចំនួន​មក​ខេត្ត​ព្រះ​សីហនុនេះ​។​លោក​ខៃ​វណ្ណៈ​បន្ថែម​ថា​៖​សហព័ន្ធ​បាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ដើម្បី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន ​Yeejia បាន​សន្យា​ជួយផ្គត់ផ្គង់​ទីកន្លែង​ សម្ភារ​បច្ចេកទេស ​និង​ធនធាន​ជាដើម ​ដែល​មាន​ចំណុច​ទី​តាំង​ ស្ថិត​នៅតំបន់​វិស្សមកាល​ទេស​ចរណ៍​អន្តរ​ជាតិ ឆ្នេរ​មាស​ឆ្នេរ​ប្រាក់​ឃុំរាម​ស្រុក​ព្រៃនប់​ខេត្តព្រះ​សីហនុ នៃ​ព្រះរា​ជាណាច​ក្រ​កម្ពុជា​។​ ក្រុមហ៊ុន​នឹង​ធ្វើកិច្ច​ការក្នុង​ភាព​ជាដៃគូ​ជាមួយ​គ្នា​ជាបន្ត​ទៀត​។​

លោក​នាយ​ឧត្តម​សេនិយ៍​ មៀច​ សុផាន់ណា​ ប្រធាន​សហប័ន្ធ​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បញ្ចប់​ការចុះ​កិច្ច​ព្រម​ព្រៀង​ស្តី​ពីកិច្ចសហការ​ផ្គត់ផ្គង់​និងសាងសង់​ទីលាន​បាញ់កាំ​ភ្លើង​សម្រាប់​បម្រើ​ដល់​ការប្រកួត​កីឡាបាញ់កាំ​ភ្លើងអន្តរ​ជាតិ​នានា​ជាពិសេស​គឺ​គោល​ដៅ​ដ៏​ធំ​ចម្បង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​រៀប​ចំធ្វើជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២​ឆ្នាំ២០២៣​ជា​មួយ

លាក​FU​XIANTING ​អគ្គនាយក​ក្រុម​ហ៊ុន​ YEEJIA TOURISM DEVELOPMENT COMPANY LTD​ កាល​ពី​ថ្ងៃ​ទី​២៤​ខឬ​ឧសភា​ឆ្នាំ​២០២១​។​ ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រាង​ដែល​មាន​ច្រើន​​ចំណុច​ប៉ុន្តែ​យ៉ាង​ណា​សង្កត់​ធ្ងន់​ទៅ​លើ​ការ​សាង​សង់​ឲ្យ​រួច​រាល់​មុន​ព្រឹត្តិការណ៍​ដើម្បី​ប្រើ​ប្រាស់​ទាន់​ពេល​វេលា​លក្ខណៈ​ស្តង់​ដា​​អន្តរជាតិ​។​

តាម​គម្រោង​ការសាងសង់​ទីលាន​បាញ់កាំភ្លើង​នេះនឹង​ឲ្យ​រួច​រាល់​ក្នុង​រង្វង់១ឆ្នាំ​ក្នុង​រង្វាន់​ទឹក​ប្រាក់​ក្នុង​ចន្លោះ​ពី​២​ទៅ​៣លាន​ដុល្លារ​សហ​រដ្ឋ​អារិក​ឬ​អាច​ច្រើន​ជាង​នេះ​។​ លោក ​មៀច​ សុផាន់ណា​ បាន​លើក​ឡើងទៀត​ថា​កន្លង​មក​ទីលាន​បាញ់​កាំភ្លើង​នៅ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​កម្រិត​មាត្រ​ដ្ឋាន ​(ឬ​ស្តង់​ដា) ​អន្តរ​ជាតិ​អូឡាំពិក​ឬ​ស៊ីហ្គេមនៅឡើយ​ហេតុ​នេះ​ទើប​ការ​សាងសង់​ទីលាន​បាញ់កាំភ្លើង​ថ្មីនេះ​អាច​ត្រូវ​បានកំណត់​ជាទី​លានស្រប​តាមស្តង់​ដា​អន្តរជាតិ​អូឡាំពិក​ ឬទី​លាន​តាម​ស្តង់ដា​ស៊ីហ្គេម​ដែល​ទី​លាន​ថ្មី​នេះ​នឹង​អាច​ជួយ​ជំរុញ​ដល់​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ព្រម​ទាំងជួយ​ចូល​រួម​ដល់​ការ​ការពារ​គ្រប់គ្រង​អាវុធ​ដើម្បី​សុខ​សុវត្ថិភាព​សង្គម​ផង​ដែរ​។

ប្រភព​ច្បាស់​ការ​ពី​លោក​វ៉ាត់​ចំរើន​អគ្គ​លេខាធិការ​ Camsoc ​ឱ្យ​ដឹង​ថា​៖ ​ខេត្ត​ព្រះ​សីហនុ​ត្រូវ​បាន​កំណត់​កីឡា​ចំនួន​៣​ប្រ​ភេទ​ដែល​ឆ្លង​គណៈ​អចិន្ត្រៃយ៍​រួច​ហើយ​មាន ​កីឡា​បាញ់​កាំភ្លើង​, កីឡា​ម៉ូ​តូ​ទឹក​ និង​កីឡាទូក​ក្តោង ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដ៍​មាន​សារៈ​សំខាន់​សម្រាប់​ប្រ​វត្តិ​សាស្ត្រ​៕​

Loading...