ក្រុមខេត្តកែប កាត់តែតានតឹងជាងមុនក្នុងពានរង្វាន់សម្ដេចតេជោថ្នាក់ខេត្ត

103

ការរៀបចំយ៉ាងល្អ ជាពិសេសពីក្លិបកោះកុងអេហ្វស៊ី និងខេត្តព្រះសីហនុ ធ្វើឲ្យប្រធានក្រុមកែប ទេព សើហ្វីអ៊ី គិតថា ការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២១នេះជាពិសេសវគ្គចែកពូលតែម្ដង កាន់តែតានតឹងខ្លាំងជាងមុន។

ម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០២០បង្ហាញការយល់ឃើញបែបនេះ “៖ក្រុមក្នុងពូលរបស់ខ្ញុំវិញមានឧបសគ្គខ្លាំង ព្រោះកោះកុងមានក្លិបកោះកុងតំណាងស្រាប់ ហើយព្រះសីហនុក៏បានប្រមាញ់កីឡាករល្អៗ អ៊ីចឹងវាជាឧបសគ្គក្នុងការប្រកួតនៅថ្ងៃខាងមុខ។”

ដោយសារតែមើលឃើញពីការប្រកួតប្រជែងខ្ពស់បែបនេះហើយ ខ្សែប្រយុទ្ធខាងលើមានក្ដីរំពឹងត្រឹម៥០ទៅ៦០ភាគរយប៉ុណ្ណោះក្នុងការការពារស្បែកជើងមាសថ្នាក់ខេត្ត។ យ៉ាងណា គេ និងសមាជិកឯទៀតនឹងប្រឹងប្រែងអស់ពីលទ្ធភាព។

ពាក់ព័ន្ធទៅនឹងការរៀបចំក្រុម ខ្សែប្រយុទ្ធខាងលើប្រាប់ថា ថ្នាក់ដឹកនាំបានផ្លាស់ប្ដូរសមាសភាពកីឡាករច្រើនដោយផ្ដោតលើខ្សែការពារ, បម្រើកណ្ដាល និងប្រយុទ្ធ ហើយសមាជិកថ្មីទាំងនោះក៏ជាអ្នកមកពីខេត្តកំពតទៅចូលរួមលេងតំណាងខេត្តកែប។

គួរបញ្ជាក់ថា ក្រុមខេត្តកែបស្ថិតនៅពូល “ង” មានកំពត, ព្រះសីហនុ និងកោះកុង។ រដូវកាល២០២០ កែបបញ្ចប់ចំណាត់ថ្នាក់លេខមួយក្នុងពូល និងទទួលបានចំណាត់ថ្នាក់លេខ៣ថ្នាក់ខេត្ត។ ការឡើងទៅថ្នាក់ជាតិវិញ ក្រុមជាប់មាត់សមុទ្រនេះបានចាញ់សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងជុំដំបូងតែម្ដង ពោលគឺវគ្គ១៦ក្រុមចុងក្រោយ៕

ប្រភព៖ CNCC

Loading...