កែវ សុខង៉ន មានមហិច្ឆតាចង់ឈ្នះពានសម្ដេចតេជោ ដើម្បីបង្កើតកំណត់ត្រាថ្មី

140

លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន នឹងត្រូវដឹកនាំក្រុមជំនួសលោក ស៊ុ វណ្ណា ដែលជាប់បម្រាម ដើម្បីតតាំងជាមួយក្លិបណាហ្គាវើលដ៏ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ នាល្ងាចថ្ងៃទី២១ ខែតុលានេះ នៅពហុកីឡដ្ឋានជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនាល្ងាចថ្ងៃអង្គារនេះ អ្នកចាត់ការក្រុមវ័យក្មេងខាងលើ បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមណាហ្គា ពិសេសលោកបានបង្ហាញនូវមហិច្ឆតាដ៏ធំ ដោយចង់លើកពានសម្ដេចតេជោជាថ្មី ក្នុងនាមអ្នកចាត់ការក្រុមវិញម្ដង បន្ទាប់ពីលោកធ្លាប់ជួយក្លិបសិង្ហក្រហមលើកពាននេះ ២សម័យកាល នៅឆ្នាំ២០០៨ និងឆ្នាំ២០០៩។

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះនិយាយថា «ជាការពិត! ពេលខ្ញុំនៅជាកីឡាករ ខ្ញុំជោគជ័យមែនទែន ដោយឈ្នះពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២សម័យ ហើយឥឡូវខ្ញុំបានក្លាយជាអ្នកចាត់ការក្រុម មានក្ដីស្រម៉ៃខ្លាំងមែនទែន ក្នុងការចង់ឈ្នះពានសម្ដេចតេជោ និងលីគ ប៉ុន្ដែនៅមានផលលំបាកជាច្រើនទៀត។ ចឹងខ្ញុំសង្ឃឹមថា ២ប្រកួតបន្ទាប់ទៀត ដើម្បីបង្កើតកំណត់ត្រាថ្មី ពេលយើងប្ដូរពីកីឡាករ ទៅជាអ្នកចាត់ការក្រុម សង្ឃឹមថា អ្វីៗនឹងល្អប្រសើរ នឹងអាចឈានទៅដល់ការឈ្នះជើងឯកឲ្យទាល់តែបាន»។

សូមបញ្ជាក់ថា ភ្នំពេញក្រោន នឹងត្រូវជួបណាហ្គានាម៉ោង ៦ល្ងាចថ្ងៃពុធស្អែកនេះ នៅពហុកីឡដ្ឋានជាតិ។ ប៉ុន្ដែការប្រកួតនេះ លោក ស៊ុ វណ្ណា គ្រូបង្គោលក្រុមសិង្ហក្រហម មិនអាចឈរបញ្ជាកូនក្រុមលើទីលានបានទេ បន្ទាប់ពីលោកទទួលបានកាតក្រហម អំឡុងពេលប្រកួតជើងទី២ ជាមួយគិរីវង់ ក្នុងវគ្គ ៨ក្រុមចុងក្រោយ។ ដូច្នេះភារកិច្ចនេះ បានធ្លាក់ទៅលើលោក កែវ សុខង៉ន តែលោកក៏មានកង្វល់ ចំពោះការអវត្តមានរបស់គ្រូបង្គោលនេះដែរ៕

Loading...