កីឡា​ការិនី​វ័យ​ក្មេង ​វី​ស្រី​ស្រស់​ បេក្ខភាពប្រដាល់សកលទម្ងន់៥៤គ.ក្រ.នៅស៊ីហ្គេម២០២១

85

នៅ​ក្នុង​គ្រួសារ​មួយ​នៃ​ត្រកូល​អ្នក​ប្រដាល់​លើ​សង្វៀន​ដើម្បី​រក​ប្រាក់​មក​ឧបត្ថម្ភ​ជីវភាព​គ្រួសារ ​និង​បាន​សាង​គេ​ឈ្មោះ​ល្បី​ល្បាញ​កម្រិត​ជួរ​មុខ​កញ្ញា​វី​ស្រី​ស្រស់​មាន​អាយុ​ទើប​តែ​១៦​ឆ្នាំ​ជា​កូន​ទី​៥​ខណៈ​ដែល​បង​ៗ​បង្កើត​ចំនួន​៤​នាក់​ទៀត​ជា​អ្នក​ប្រដាល់​ឆ្នើម​មាន​ឈ្មោះ​ល្បី​ធ្លាប់​ជា​ជម្រើស​ជាតិ​ទាំង​អស់​គ្នា​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​បង​ៗ​ចំនួន​​៣​នាក់​ទៀត​បាន​ចាក​ចេញ​ពី​ប្រដាល់​ទៅ​រក​ការ​ងារ​ផ្សេង​វិញ​ហើយ​។​ យ៉ាង​នេះ​ក្តី​កីឡា​ការិនី​វ័យ​ក្មេង​វី​ស្រី​ស្រស់​ដែល​មាន​កម្ពស់​១,៦២​ម៉ែត្រ​ទម្ងន់​៥៤​គីឡូក្រាម​ជា​បេក្ខភាព​អ្នក​ប្រដាល់​សកល​ដែល​បាន​កំណត់​ជ្រើស​រួច​ហើយ​គ្រោង​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​ប្រ​កួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​ចុង​ឆ្នាំ​២០២១​នៅ​ប្រ​ទេស​វៀត​ណាម​។​

តាម​ប្រវត្តិ​របស់​កីឡាការិនី​វី​ស្រី​ស្រស់​បាន​ធំ​ដឹង​ក្តី​ក្នុង​អាយុ​ខ្ទង់​១០​ឆ្នាំ​ដើរ​តាម​បងៗ​ជា​អ្នក​សុទ្ធ​តែ​មាន​មុខ​របរ​ប្រ​ដាល់​ដែល​ធ្វើ​ឱ្យ​រូប​នាង​មាន​ចិត្ត​ស្រឡាញ់​ចូល​ចិត្ត​និង​ចង់​ឡើង​ប្រ​កួត​បាន​លុយ​ដូច​បងៗ​។​ក្រុម​គ្រួសារ​បង​ប្អូន​បង្កើត​ទាំង​៥នាក់​នេះ​បាន​សាង​ភាព​ល្បី​ល្បាញ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០០៩​ខណៈ​ដែល​បង​ប្រុស​ច្បង​ឈ្មោះ​វី​សាវុធ​ឈ្នះ​ខ្សែ​ក្រវាត់​ពី​អ្នក​ប្រដាល់​ហ្វី​លីពិន​ដែល​រៀប​ចំ​នៅ​ស្តាដ​អូឡាំ​ពិក​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៣​ហើយ​វី​សាវុធ​ឡើង​ប្រ​កួត​ជំនួស​គេ​ប៉ុន្តែ​ឈ្នះ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​ពិសេស​ប្រាក់​រង្វាន់​ពី​សម្តេច​នាយក​រដ្ឋ​​មន្ត្រី​ហ៊ុន​សែន​និង​ប្រាក់​ពី​ធានា​គារ​ប្រចាំ​ខែ​ផង​ដែរ​គឺ​នាំ​ឱ្យ​ប្អូនៗ​ទាំង​៤​ចូល​ហ្វឹក​ហាត់​ជា​មួយ​រហូត​ដល់​បាន​ជាប់​ជម្រើស​ចាតិ​ទាំង​អស់​។​ក្រោយ​ឆ្នាំ​២០១០​ជា​បន្ត​បន្ទាប់​ក្រុម​អ្នក​ប្រដាល់​ត្រកូល​វី​បង​ប្អូន​ទាំង​៥​នាក់​នេះ​មាន​ទី​១​កីឡាករ​វី​សាវុធ​,ទី​២​កីឡាការិនី​វី​ស្រី​ខួច​,ទី​៣​កីឡាការិនី​វី​ស្រី​ឆាយ​,ទី​៤​កីឡាករ​វី​សុភ័ស​និង​កីឡាការិនី​វី​ស្រី​ស្រស់​នេះ​តែ​ម្តង​សុទ្ធ​តែ​មាន​ស្នាដៃ​ជា​ជម្រើស​ជាតិ​។​ជា​មួយ​នឹង​ការ​ប្រឹង​ប្រែង​ក្នុង​កីឡា​ប្រ​យុទ្ធ​មួយ​ចំនួន​ពួក​គេ​ចូល​ចូល​ប្រ​កួត​ដើម្បី​ដណ្តើម​បាន​ប្រាក់​ជួយ​​ប្រែ​ក្លាយ​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត​។​មាន​ឪ​ពុក​ម្តាយ​ជា​កម្មករ​សំណង់​ដើរ​ធ្វើ​ការ​តាម​ការដ្ឋាន​សំណង់​គ្មាន​ផ្ទះ​សម្បែង​ប៉ុន្តែ​ប្រយោជ​ន៍​ពី​លេង​កីឡា​គ្រួសារ​មួយ​នេះ​បាន​គេច​ផុត​ពី​ផ្ទះ​ជួល​គេ​ងាក​មក​ទិញ​ដី​ធ្វើ​ផ្ទះ​បាន​រស់​នៅ​ក្នុង​លក្ខណៈ​សាមញ្ញ​ក្នុង​ភូមិ​ស្វាយ​រលំ​១​ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​

វី​ស្រី​ស្រស់​និយាយ​ថា​៖​ខ្ញុំ​ជាប់​ជា​កីឡាការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល​ចំនួន​៤​ឆ្នាំ​មក​ហើយ​ដោយ​ខ្ញុំ​ធំ​ឡើង​នៅ​ជា​មួយ​តែ​បងៗ​ជា​អ្នក​ប្រដាល់​គឺ​ដឹង​តែ​ប្រឹង​ហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ក្នុង​ស្តាដ​អូឡាំពិក​។​គ្រូៗ​គាត់​ជួយ​បង្ហាត់​ខ្ញុំ​និង​ឱ្យ​ឡើង​ប្រកួត​គាត់​សរសើរ​ខ្ញុំ​ថា​អនាគត​ល្អ​ហើយ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ស្រ​ឡាញ់​ហើយ​នៅ​ឆ្នាំ​២០១៨​ខ្ញុំ​បាន​ជាប់​ជម្រើស​ជាតិ​។​

វី​ស្រី​ស្រស់​បន្ថែម​ថា​៖​គ្រូ​បាន​ប្រាប់​ខ្ញុំ​ថា​៖​ឆ្នាំ​២០២១​នេះ​ខ្ញុំ​ជា​បេក្ខភាព​ឡើង​ទៅ​ប្រ​កួត​នៅ​ក្នុង​​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​ចុង​ឆ្នាំ​២០២១​នៅ​ប្រ​ទេស​វៀត​ណាម​ដោយ​ខ្ញុំ​ត្រូវ​ហាត់​ត្រៀម​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​ហេតុ​នេះ​គ្រូ​ឱ្យ​ខិត​ខំ​ហាត់​ឱ្យ​ខ្លាំង​​មែន​ទែន​។​

លោក​ប៊ុយ​សោភ័ណ្ឌ​អគ្គ​លេខាធិការ​សហព័ន្ធ​ប្រ​ដាល់​សកល​ឲ្យ​ដឹង​ថា​៖​ឆ្នាំ​នេះ​ក្នុង​ចំណោម​អត្តពលិក​ជម្រើស​ជាតិ​ប្រដាល់​សកល​ចំនួន​១៣​នាក់​មាន​កីឡាការិនី​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​វី​ស្រី​ស្រស់​ទម្ងន់​៥៤​គីឡូក្រាម​និង​កីឡាការិនី​សឿន​សុខ​លី​ទម្ងន់​៤៩​គីឡូគ្រាម​។​លោក​ប៊ុយ​សោភ័ណ្ឌ​បន្ថែម​ថា​នេះ​វី​ស្រី​ស្រស់​ជា​បេក្ខភាព​ដែល​យើង​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ឲ្យ​បាន​ល្អ​ពី​ព្រោះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​យើង​ទទួល​បាន​ច្រើន​​ប្រភេទ​ទម្ងន់​។

កីឡាការិនិ​វី​ស្រី​ស្រស់​ហ្វឹក​ហាត់​និង​គោរព​វិន័យ​​បាន​ល្អ​ក្នុង​ជម្រើស​ជាតិ​ប៉ុន្តែ​ឱកាស​បាន​ឡើង​ប្រ​កួត​បាន​តិច​តួច​។​តាម​ស្ថិតិ​ឱ្យ​ដឹង​នាង​ធ្លាប់​ឡើង​ប្រ​កួត​បាន​ចំនួន​១៤​លើក​ឈ្នះ​៩​ចាញ់​៥​លើក​។​ការ​ប្រ​កួត​ប្រជែង​ជម្រើស​ជាតិ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពីរ​និង​ប្រាក់​ចំនួន​២​។​ចំណែក​ប្រដាល់​គុន​ខ្មែរ​ធ្លាប់​ប្រកួត​៥​លើក​ឈ្នះ​៣​ចាញ់​២​លើក​។​

គួរ​រម្លឹក​បញ្ជាក់​ថា​៖​កន្លង​មក​កីឡាកា​រិនី​ប្រដាល់​សកល​មាន​ច្រើន​ល្បីៗ​មាន​ដូច​ជា​អេ​យ៉ានុត​,វី​ស្រី​ខួច​​,វី​ស្រី​ឆាយ​,នូវ​ស្រី​ពៅ​​ប៉ុន្តែ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​ចាក​ចេញ​ដោយ​ខ្លួន​ឯង​ដើម្បី​ជម្រើស​មុខ​របរ​ថ្មី​ផ្សេងៗ​ពី​គ្នា​៕​​

Loading...