ភ្នំពេញ៖ កម្មវិធីប្រដាល់គុនខ្មែរនៅសង្វៀនអាស៊ីអាគ្នេយ៍ ដែលធ្លាប់មានប្រកួតច្រើនលើកក្នុង ១ សប្តាហ៍នោះ គិតមកដល់បច្ចុប្បន្ននៅសល់តែ ១ កម្មវិធីទេ គឺការប្រកួតនៅល្ងាចថ្ងៃសៅរ៍ ក្រោមការឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ហើយដោយសារកម្មវិធីនេះ នឹងត្រូវចប់កិច្ចសន្យាត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ អ៊ីចឹងមានន័យថា សង្វៀន SEATV នឹងផ្អាកកម្មវិធីប្រដាល់គុនខ្មែរទាំងស្រុង ដោយមិនទាន់មានគម្រោងថ្មីបន្តទៀតនៅឡើយ។
សង្វៀន SEATV បានចាប់ផ្តើមរៀបចំការប្រកួតល្បីខ្លាំងនៅឆ្នាំ ២០១៣ ដោយកាលនោះក្នុង ១ សប្តាហ៍ មានរហូតដល់ ៦ កម្មវិធី និងប្រកួតពីថ្ងៃសុក្រ ដល់អាទិត្យ ដោយទទួលបានប្រិយភាពខ្ពស់ជាងគេ។ ប៉ុន្តែក្រោយៗមកទៀត ស្របពេលសង្វៀនប្រដាល់ប៉ុស្តិ៍ផ្សេង មានប្រជាប្រិយភាពជាងវិញនោះ ធ្វើឲ្យសង្វៀនមួយនេះ ត្រូវបានដៃគូសហការឧបត្ថម្ភដកថយទៅសង្វៀនដទៃ ដោយគ្មានមូលហេតុច្បាស់លាស់ធំដុំ ខណៈពេលនេះ កម្មវិធី ១ ចុងក្រោយ ក៏នឹងផុតកុងត្រានៅត្រឹមថ្ងៃទី ៣០ ខែមិថុនា ខាងមុខ។
គួររំឭកក់ថា សង្វៀន SEATV ក្រៅពីផ្តល់តម្លៃខ្លួនប្រកួតឲ្យកីឡាករ ដែលមកប្រកួត គឺនៅមានការឧបត្ថម្ភកម្រៃពលកម្មដល់មន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ពីថ្នាក់ដឹកនាំប្រកួតរហូតដល់ចៅក្រមអាជ្ញាកណ្តាល សរុបជាង ៣០ នាក់ ក្នុង ១ ប្រកួត ប៉ុន្តែការផ្អាកជាបណ្តោះអាសន្ន ដោយគ្មានកាលកំណត់នេះ គឺបានធ្វើឲ្យពួកគាត់បាត់ប្រាក់ចំណូល និងមានជីវភាពកាន់តែលំបាក៕