Zidane ៖ “ខ្ញុំមកReal Madridវិញ ព្រោះខ្ញុំស្រឡាញ់ក្លិបនេះ”

329

គ្រូបង្វឹកចាស់របស់ក្រុមReal Madrid គឺ Zinedine Zidane បានវិលមកដឹកនាំក្លិបយក្សអេស្ប៉ាញមួយនេះវិញហើយ បន្ទាប់ពីទម្រង់លេងរបស់ក្រុម Real Madrid បានធ្លាក់ចុះហួសពីការស្មាន។ មួយរយៈចុងក្រោយនេះ ទាំងនៅលីគអេស្ប៉ាញ និងពានរង្វាន់អន្តរជាតិធំៗផ្សេងទៀត ក្រុមReal Madrid បានទទួលរងនូវបរាជ័យគួរឱ្យអាម៉ាស។

ក្រុមប្រឹក្សាភិបាលក្លិប Real Madrid  បានសម្រេចតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid សម្រាប់ដឹកនាំបន្តការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ និង បីរដូវកាលក្រោយទៀតរហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិប Real Madrid នៅថ្ងៃទី ១១ ខែ​មីនា ឆ្នាំ២០១៩។ ការសម្រេចតែងតាំងលោក Zinedine Zidane នេះ ធ្វើឡើងភ្លាមៗក្រោយពីក្លិប Real Madrid  បានបញ្ចប់កិច្ចសន្យាជាមួយគ្រូបង្វឹក Santiago Solari ។

ចំពោះការវិលត្រឡប់មកដឹកនាំក្លិបយក្សអេស្ប៉ាញ Real Madrid ជាថ្មីនេះ Zinedine Zidane បានលើកឡើងថា វាកើតឡើង ដោយសារតែក្តីស្រឡាញ់។ Zinedine Zidane និយាយដូច្នេះថា៖ “ខ្ញុំមកទីនេះវិញ ព្រោះតែស្រឡាញ់ក្លិបនេះ”។

សូមបញ្ជាក់ថា Zinedine Zidane បានចាកចេញពីក្លិប Real Madrid  កាលពីចប់រដូវកាលឆ្នាំ២០១៧។ លោកធ្លាប់ដឹកនាំក្លិប Real Madrid ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ និងជួយឱ្យក្លិបនេះលើកពានរង្វាន់ជាច្រើននៅក្រោមការដឹកនាំរបស់លោក។ ក្រោយការចាកចេញរបស់ Zinedine Zidane ​និង កីឡាករឆ្នើម Cristiano Ronaldo ក្រុម Real Madrid  បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងដោយពេលនេះកំពុងឈនៅលេខ៣នៅលីគកំពូលអេស្ប៉ាញ ខណៈក្រុមBarcelona ឈលេខ១ និង AT Madrid ឈលេខ២។

ថ្មីៗនេះទៀតសោត ក្រុម Real Madrid  បានខ្ទាតចេញពីវគ្គចម្រុះទៅកាន់៨ក្រុមឆ្ពោះទៅដណ្តើមពានរង្វាន់Champion League ក្រោមថ្វីជើងក្លិប Ajax ។ គិតមកដល់ការវិលត្រឡប់របស់ Zinedine Zidaneនេះ ក្លិប Real Madrid  បានបណ្តេញគ្រូបង្វឹកពីររូបហើយចេញពីក្លិប៕

Loading...