កីឡា ២ប្រភេទនឹងត្រូវប្រកួតលក្ខណៈអន្ដរជាតិដើម្បី​អបអរ​បុណ្យ​សមុទ្រ​ចុង​សប្ដាហ៍​នេះ

1331

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំការប្រកួតកីឡាពីព្រលឹមទល់ព្រលប់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងនោះក៏មានការប្រកួតលក្ខណៈអន្ដរជាតិ ២ប្រភេទកីឡាផងដែរ គឺកីឡាគុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីប្រដាល់គុនខ្មែរអន្ដរជាតិ ដើម្បីអបអរពិធីបុណ្យសមុទ្រ កាលពីល្ងាចមិញ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតជាថ្មីពីក្រសួងទេសចរណ៍ NOCC បានត្រៀមរៀបចំការប្រកួតកីឡាមហាជន កីឡាប្រពៃណី និងកីឡាពាក់កណ្ដាលអាជីពជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក៏ដូចជាផ្ដល់នូវទស្សនិយភាព និងភាពសប្បាយជូនភ្ញៀវជាតិ និងអន្ដរជាតិ។

ឯកឧត្តមថា ក្នុងចំណោមកីឡាជាច្រើនប្រភេទ គឺមានកីឡា ២ប្រភេទ ត្រូវប្រកួតលក្ខណៈអន្ដរជាតិ រួមមានប្រដាល់គុនខ្មែរអន្ដរជាតិ និងកីឡាម៉ូតូទឹក ។ ចំពោះប្រដាល់គុនខ្មែរអន្ដរជាតិ នឹងមានការចូលរួមពីកីឡាករ-កីឡាការិនីមកពី ៨ប្រទេសឯណោះ។ ឯកីឡាមហាជនមានដូចជាការរត់កម្សាន្ដ និងជិះកង់ជាដើម ។ ហើយកីឡាប្រពៃណី គឺមានការប្រកួតអុកចត្រង្គ ដែលប្រជុំដោយជើងខ្លាំងទូទាំងប្រទេស ។ មិនតែប៉ុណ្ណោះ ក៏មានការប្រកួតបុរសខ្លាំងផងដែរ ។

លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្ដរជាតិ បានបន្ថែមថា សម្រាប់ប្រដាល់គុនខ្មែរអន្ដរជាតិ នឹងត្រូវរៀបចំក្រោមស្ដង់ដារមួយ ដែលឆ្លងកាត់ការវាស់ស្ទង់កម្រិតសមត្ថភាពត្រឹមត្រូវ មុននឹងផ្គូរផ្គង់ ។ កីឡាករ-កីឡាការិនីទាំងអស់មាន ១៩គូ ដែលត្រូវប្រកួតរយៈពេល ៣ថ្ងៃ ហើយក្នុងមួយថ្ងៃ ក៏មានគូអន្ដរជាតិយ៉ាងតិច ២គូ រវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេសទៀតផង ។ លោករំពឹងការកម្មវិធីនេះ នឹងក្លាយជាផ្នែកមួយ ធ្វើឲ្យពិធីបុណ្យសមុទ្រកាន់តែទាក់ទាញថែមទៀត ។

ទន្ទឹមជាមួយគ្នា ដោយសារការប្រកួតនេះ គឺជាលក្ខណៈអន្ដរជាតិ ហើយអាចមានការចូលរួមទស្សនៈច្រើនពីភ្ញៀវជាតិ-អន្ដរជាតិ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្នើឲ្យអាជ្ញាកណ្ដាល និងចៅក្រម បង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការវិនិច្ឆ័យ ដើម្បីផ្ដល់នូវយុត្តិធម៌សម្រាប់អ្នកចូលរួម ពិសេសកីឡាករបរទេស ដើម្បីធានាបាននូវកិត្តិយសជាតិ ក៏ដូចជាសេចក្ដីថ្លែថ្នូររបស់គុនខ្មែរ ។ ការប្រកួតគុនខ្មែរអន្ដរជាតិនេះដែរ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍អប្សរា៕

Loading...