អ្នកប្រដាល់កូនភ្លោះចាប់អាជីពឡើងសង្វៀនរកប្រាក់រៀនបានបរិញ្ញាបត្រ

177
សយ​សុខ ​និង​សយ​ សី​ នៃ​ក្លិប​វិបុល​ពោធិ​សែន​ជ័យ​
អ្នក​ប្រ​ដាល់​ឆ្នើម​ល្បី​ល្បាញ​ក្នុង​កម្រិត​មធ្យម​ ​បង​ប្អូន​ជា​កូន​ភ្លោះ​ សយ​សុខ ​និង​សយ​ សី​ នៃ​ក្លិប​វិបុល​ពោធិ​សែន​ជ័យ​

អ្នក​ប្រដាល់​មិន​តិច​ទេ​ក្នុង​សម័យ​បច្ចុប្បន្ន​​ដែល​ចំណាយ​ពេល​វេលា​ទៅ​ហ្វឹក​ហាត់​ឡើង​ប្រ​ដាល់​ដើម្បី​យក​កំរៃ​ថវិកា​ទ្រ​ទ្រង់​ជីវភាព​គ្រួសារ​និង​បន្ត​ការ​សិក្សា​។​ បន្ថែម​ពី​លើ​នេះ​អ្នក​ប្រដាល់​មួយ​ចំនួន​ក៍​ប្រឹង​ប្រែង​តស៊ូ​រៀន​សូត្រ​បញ្ចប់​បរិញ្ញាបត្រ​ក៍​មាន​មិន​តិច​ដែរ​ខណៈ​ការ​ប្រឹង​ប្រែង​ទ្រ​ទ្រង់​ជីវភាព​បន្ត​ការ​រៀន​សូត្រ​បាន​កំរៃ​មក​ពី​ឡើង​សង្វៀន​ប្រ​កួត​នេះ​តែ​ម្តង​។​

អ្នក​ប្រ​ដាល់​ឆ្នើម​ល្បី​ល្បាញ​ក្នុង​កម្រិត​មធ្យម​ពីរ​អ្នក​បង​ប្អូន​ជា​កូន​ភ្លោះ​កីឡាករ​ឈ្មោះ​ សយ ​សុខ​ និង​ សយ​សី​ នៃ​ក្លិប​វិបុល​ពោធិ​សែន​ជ័យ​បាន​សាង​បាន​នូវ​ស្នាដៃ​អាច​ចាត់​ទុក​ជា​គំរូ​សម្រាប់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​។​អ្នក​ប្រដាល់​ដែល​មាន​មុខ​និង​រូប​រាង​ដូច​គ្នា​ជា​បង​ប្អូន​ភ្លោះ​​មាន​ជីវភាព​ក្រី​ក្រ​បំផុត​បាន​ចាប់​យក​មុខ​របរ​ជា​កីឡាករ​ប្រយុទ្ធ​ឡើង​ប្រ​កួត​រក​លុយ​ដើម្បី​បាន​រៀន​រហូត​បាន​រហូត​បញ្ចាប់​បរិញ្ញា​បត្រ​។​ចំណុច​ល្អ​ពិសេស​របស់​កីឡាករ​កូន​ភ្លោះ​នេះ​មាន​ឈ្មោះ​ល្បី​លើ​សង្វៀន​ប្រ​កួត​និង​រៀន​បាន​ខ្ពស់​ផង​ដែរ​ហើយ​បាន​ចាត់​ទុក​ថា​ការ​តស៊ូ​លំបាក​ក្នុង​ពិភព​កីឡា​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​គួរ​ជា​ទី​ពេញ​ចិត្ត​។​

នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ភ្នំពេញ​ប៉ុស្តិ៍​ថ្មី​ៗ​នេះ​ សយ​ សុខ ​និង​សយ​ សី​ ជា​កូន​កសិករ​មាន​ជីវភាព​គ្រួសារ​ក្រី​ក្រ​ដែល​មាន​បង​ប្អូន​ច្រើន​ដល់​ទៅ ​៧​នាក់​ក្ នុង​នោះ​មាន​តែ​កូន​ទី​៥​ជា​កូន​ភ្លោះ​នេះ​ហើយ​ដែល​ហក់​ចូល​ក្នុង​ពិភព​ប្រដាល់​ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ​បាន​ផង​និង​រៀន​បាន​ចប់​កម្រិត​បរិញ្ញាបត្រ​។​សយ​សុខ​និង​សយ​សី​មាន​អាយុ​២៦​ឆ្នាំ​បាន​ចំណាយ​ពេល​ក្នុង​ប្រដាល់​រយៈ​ពេល​ចំនួន​៨​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​នេះ​សយ​សី​ជា​បង​បាន​បញ្ជប់​បរិញ្ញា​បត្រ​អគ្គីសនី​ពី​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​បច្ចេកទេស​ហៅ​កាត់​ថា​(​NTTI​)​។​ ចំណែក ​សយ​ សុខ​ជា ​ប្អូន​បាន​បញ្ចប់​ជំនាញ​វិស្វករ​សំណង់​ស៊ី​វិល​។​សយ​សី​និយាយ​ថា​៖​ ខ្ញុំ​មាន​បង​ប្អូន​ច្រើន​ជីវភាព​លំបាក​ដោយ​ឪពុក​ម្តាយ​គាត់​ធ្វើ​ស្រែ​ចំការ​ពេល​ខ្ញុំ​រៀប​បាន​ត្រឹម​ថ្នាក់​ទី​១០​គឺ​ជីវភាព​កាន់​តែ​លំបាក​ពេល​នោះ​ខ្ញុំ​គិត​ជា​មួយ​ប្អូន​ថា​ចូល​ហាត់​ប្រដាល់​ដើម្បី​ប្រ​កួត​រក​លុយ​ព្រោះ​ស្គាល់​លោក​គ្រូ​ប្រដាល់​ឡុង​វិបុល​នៅ​ស្រុក​ជា​មួយ​គ្នា​គឺ​បាន​សុំ​គាត់​ហាត់​ឡើង​ប្រ​កួត​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​ការ​សិក្សា​។​ជា​បន្ត​បន្ទាប់​បាន​ឡើង​ប្រ​កួត​ព្រម​ទាំង​ទទួល​បាន​តម្លៃ​ខ្លួន​យក​ទៅ​រៀន​ជា​បន្ត​បន្ទាប់​រហូត​ដល់​ពេល​នេះ​។​ សយ​សុខ​បន្ក​ថា​ខ្ញុំ​មាន​ឪពុក​ឈ្មោះ​សយ​ជឹម​អ្នក​ម្តាយ​ឈ្មោះ​យ៉ន​ថុល​នៅ​ភូមិ​តាលន​ឃុំ​ត្រពាំង​ព្រះ​ស្រុក​ព្រៃ​ឈ​ខេត្ត​កំពុង​ចាម​មុខ​របរ​ធ្វើ​ស្រែ​ចំការ​តិច​តួច​។​ដើម​ឡើយ​ពីរ​នាក់​បង​ប្អូន​រៀន​នៅ​វិទ្យាល័យ​នរោត្តម​រណឬទ្ធិ​គន្ធ​បុប្ផា​នៅ​ខេត្ត​និង​មក​បន្ត​រៀន​នៅ​វិទ្យាល័យ​នៅ​ភ្នំពេញ​។​ក្នុង​រយៈ​ពេល​ជាង​៤​ឆ្នាំ​ការ​ចំណាយ​លើ​ការ​បង់​សាលា​និង​ហូប​ចុក​គឺ​បាន​ពី​ការ​ប្រ​កួត​ប្រដាល់​រហូត​ដល់​បាន​បញ្ចប់​ការ​សិក្សា​។​​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​និង​ប្អូន​មិន​ដែល​ដណ្តើម​បាន​ជើង​ឯក​ឬ​ខ្សែ​ក្រវាត់​នៅ​ឡើយ​ទេ​គឺ​បាន​ត្រឹម​ជើង​ឯក​រង​ក្នុង​ការ​ប្រ​កួត​ជម្រើសជាតិ​ប្រចាំ​ឆ្នាំ​ប៉ុណ្ណោះ​​ប៉ុន្តែ​ការ​ហ្វឹក​ហាត់​និង​គោរព​វិន័យ​បាន​ល្អ​គឺ​ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត​បាន​លុយ​ជួយ​ជីវភាព​ជា​និច្ច​។​

សយ​សុខ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖​ក្រោយ​បញ្ចប់​ការ​សិក្សា​នឹង​ស្វែង​រក​ការងារ​ធ្វើ​ដើម្បី​អភិវឌ្ឍ​ន៍​ខ្លួន​ឲ្យ​បាន​ប្រ​សើរ​ដូច​គេ​​ប៉ុន្តែ​យ៉ាង​ណា​ក៍​នៅ​តែ​មិន​ដាច់​អាល័យ​ពី​ការ​ហ្វឹក​ហាត់​ក្បាច់​គុន​​និង​ឡើង​ប្រ​កួត​ទៅ​តាម​សមត្ថភាព​សុខភាព​និង​ពេល​វេលា​ជាក់​ស្តែង​ពី​ព្រោះ​វា​ជា​មុខ​របរ​ស្រប​ច្បាប់​ដែល​ផ្តល់​សុខភាព​និង​កំណើត​ឲ្យ​យើង​ខ្ញុំ​មក​ដល់​ពេល​នេះ​។​​

ចំណែក​សយ​សី​ជា​បង​បន្ថែម​ថា​៖​ការ​ងារ​ជា​វិស្វករ​មិន​លំបាក​រក​ការ​ងារ​ធ្វើ​ទេ​នៅ​ក្រុម​ហ៊ុន​វិស័យ​ឯក​ជន​មួយ​ចំនួន​ក៍​ត្រូវ​ការ​ជំនាញ​នេះ​ដែរ​ពិសេស​ខ្ញុំ​ធ្លាប់​ទទួល​រង​ការ​លំបាក​ក្នុង​ជីវភាព​ក្រី​ក្រ​តស៊ូ​ក្នុង​គឺ​ខ្ញុំ​នឹង​ឈាន​ទៅ​រក​ការ​ងារ​តាម​បច្ចេក​ទេស​ជំនាញ​គិត​ថា​ជីវិត​នឹង​ប្រ​សើរ​ជាង​មុនៗ​។​​សយ​សី​បន្ថែម​ថា​«​ខ្ញុំ​មិន​ភ្លេច​កំណើត​ជា​កីឡាករ​​ទេ​ពិសេស​គ្រូ​បង្វឹក​ខ្ញុំ​»​។​នៅ​ពេល​ខ្ញុំ​មាន​ជីវភាព​ធូរ​ធា​ខ្ញុំ​ចង់​បង្កើត​ក្លិប​ប្រ​ដាល់​ដើម្បី​បណ្តុះ​បណ្តាល​បង្វឹក​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​មាន​ឱកាស​បាន​ប្រ​កួត​រក​ប្រាក់​ដើម្បី​បន្ត​ការ​រៀន​សូត្រ​ដូច​រូប​ខ្ញុំ​»​។​

គួរ​រម្លឹក​បញ្ជាក់​ថា​៖​តាម​កត់​សំគាល់​អ្នក​ប្រដាល់​មួយ​ចំនួន​បានហ្វឹក​ហាត់​និង​ឡើង​ប្រ​កួត​តស៊ូ​រៀន​សូត្រ​ទទួល​បាន​បរិញ្ញាបត្រ​ដែល​បច្ចុប្បន្​មាន​ជី​វភាព​ល្អ​ប្រ​សើរ​មាន​ដូច​ជា​កីឡាករ​ឡុង​សុវណ្ណឌឿន​,ឃីម​បូរ៉ា​កីឡាករ​សែន​រ៉ាឌី​,សែន​រ៉ាដេត​ជា​ដើម។​ជា​មួយ​គ្នា​នេះ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​ប្រដាល់​ធ្លាប់​ជួយ​អន្តរាគម​ឲ្យ​សកល​វិទ្យាល័យ​មួយ​ចំនួន​ជួយ​បញ្ចុះ​តម្លៃ​ការ​សិក្សា​ផង​ដែរ​៕​

Loading...