ក្រសួងកំពុងបង្កើតនាយកដ្ឋានគ្រប់គ្រងកីឡាថ្មីបន្ថែម

406

ភ្នំពេញ៖ ​អគ្គនាយកដ្ឋាន​កីឡា​ នៃ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ​បាន​ទទួល​​រួច​ហើយ​នូវ​អនុក្រឹត្យ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​បង្កើត​ស្ថាប័ន​ជា​នាយកដ្ឋាន​ចំនួន ​២ ​ទៀត ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កីឡា បន្ថែម​លើ​ស្ថាប័ន​នាយកដ្ឋាន​ចំនួន ​៤​ ដែល​មាន​ស្រាប់​។

នៅ​ក្នុង​អង្គ​ប្រជុំ​បិទ​ទ្វារ​មួយ ​​កាល​ពី​ដើម​សប្តាហ៍​នេះ ​លោក​ ស​ សុខា ​រដ្ឋលេខាធិការ​​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​​បង្ហើប​​ថា​ នាយកដ្ឋាន​ចំនួន ​២ ​ទៀត​ ដែល​នឹង​ត្រូវ​​បង្កើត​នោះ​ គឺ​នាយកដ្ឋាន​រៀបចំ​ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​និង​មជ្ឈមណ្ឌល​ជាតិ​ ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា​។​

ការ​បង្កើត​ឲ្យមាន​ស្ថាប័ន ​២ ថ្មី​នេះ វា​នឹង​ធ្វើ​មាន​នាយកដ្ឋាន​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា​ចំនួន ​៦ ខណៈ ​៤ នាយកដ្ឋាន​មាន​ស្រាប់​នៅ​ពេល​នេះ ​ទី១​ នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា ​ដែល​មាន​លោក ​ហ៊ុន ​សាមុត ​ជា​ប្រធាន ​ទី២ ​នាយកដ្ឋាន​សិស្ស​និស្សិត​ មាន​លោក ​ដួង ​មាសចំរើន ជា​ប្រធាន ​ទី​៣​ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ មាន​លោក​ ប៉ុន ​សុខ ​ជា​នាយក​ និង​ទី​៤ ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ​និង​កីឡា ​​មាន​លោក​ ធម្ម អង្គារ៉ា ជា​នាយក​។​

ប៉ុន្តែ​ចំពោះ​សមាសភាព ដែល​ជា​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​ថ្មី​ទាំង ​២ ​នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ​ខណៈ​ដែល​ប្រភព​ក្រៅ​ផ្លូវ​ការ​ភាគ​ច្រើន​ល្បី​ថា ​ចេញ​ពី​ក្រសួង​អប់រំ​ ហើយ​នាយកដ្ឋាន​​​ថ្មី​ទាំង ​២ ​នេះ ​គឺ​ជា​សេនាធិការ​ដ៏​ចាំបាច់​ក្នុង​ការ​រួម​ចំណែក​រៀបចំ​សកម្មភាព​កីឡា ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​​ស៊ីហ្គេម ​ឆ្នាំ ​២០២៣ នៅ​កម្ពុជា​។​

មន្ត្រី​ជាន់​ខ្ពស់​ក្នុង​អគ្គនាយកដ្ឋាន​កីឡា ​មិន​អាច​សុំ​សម្ភាស​បាន​ទេ​ ប៉ុន្តែ​លោក​ រស់​ សុវាចា​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ បាន​ឆ្លើយ​តប​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ក្រសួង​ទទួល​បាន​ការ​បង្កើត​នាយកដ្ឋាន​បន្ថែម ​២ ​ទៀត​មែន​ តាម​អនុក្រឹត្យ​​លេខ ​៤៦​ អនុក្រ​បក ​ចុះ​ថ្ងៃទី ​១​ ខែ ​មេសា​ ឆ្នាំ ​២០២០​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ចំណុះ​ឲ្យ​អគ្គ​នាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ ​ខណៈ​ដែល​មន្ត្រី​ក្នុង​នាយកដ្ឋាន​ទាំង ​២ នឹង​ផ្លាស់​ប្តូរ​ចេញ​ពី​ក្នុង​នាយកដ្ឋាន​ទាំង ​៤ ​ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា ​ដែល​មាន​ស្រាប់​។​​​

យោង​តាម​អនុក្រឹត្យ ដែល​មាន​ការ​ចុះ​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នោះ គឺ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​មាន​តួនាទី​រៀបចំ គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​និង​ការ​ប្រកួត​, សិក្សា ស្រាវជ្រាវ វាយតម្លៃ និង​រៀបចំ​យន្តការ​ការ​ប្រកួត​កីឡា និង​ព្រឹត្តិការណ៍​កីឡា​ទាំង​ជាតិ និង​អន្តរជាតិ​, រៀបចំ​គោលការណ៍ និង​លិខិត​បទដ្ឋាន គតិយុត្ត​នៃ​ការ​ប្រកួត និង​ព្រឹត្តិការណ៍​កីឡា, រៀបចំ​ផែនការ​ប្រកួត និង​ព្រឹត្តិការណ៍​កីឡា ព្រម​ទាំង​សហការ​ជាមួយ​អង្គការ​សង្គម​ជីវកីឡា អង្គការ​សង្គម​កីឡា និង​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ការ​ប្រកួត និង​ព្រឹត្តិការណ៍​កីឡា​។

បន្ថែម​លើ​នេះ នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា ​ត្រូវ​រៀបចំ​តាមដាន វាយតម្លៃ ត្រួត​ពិនិត្យ និង​កត់ត្រា​គុណផល​កីឡា ទុក​ដាក់​ជូន​គណៈកម្មការ​បច្ចេកទេស​ជ្រើសរើស​កីឡាករ​កម្រិត​ខ្ពស់ ដើម្បី​ពិនិត្យ​ និង​សម្រេច, សិក្សា​រៀបចំ​យុទ្ធសាស្រ្ត និង​ស្វែងរក​ចលនូបត្ថម្ភ, ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ តាម​កាល​កំណត់​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង និង​ទទួល​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​ប្រគល់​ជូន។

ចំណែក​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា​ មាន​តួនាទី​ប្រមូល​ទិន្នន័យ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ហ្វឹកហាត់ ការ​ប្រកួត​គុណផល​កីឡា និង​សុខភាព​របស់​កីឡាករ​, រៀបចំ​កម្មវិធី​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដើម្បី​ស្រង់​ស្ថិតិ​គ្រប់គ្រង​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ហ្វឹកហាត់​កីឡា ​ដើម្បី​សុខភាព​, រៀបចំ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ទទួល​បាន​ពី​បណ្តាញ​ផ្សព្វផ្សាយ​ផ្សេងៗ ឲ្យ​បាន​ទូលំទូលាយ, ​រៀបចំ​កម្មវិធី​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដើម្បី​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់ និង​ប្រកួត​លក្ខណៈ​ជាតិ ​និង​អន្តរជាតិ​, ធ្វើ​របាយការណ៍​ស្តីពី​សកម្មភាព​ការងារ​តាម​កាល​កំណត់​ជូន​ថ្នាក់​ដឹកនាំ​ក្រសួង និង​ទទួល​អនុវត្ត​ភារកិច្ច​ផ្សេងៗ​ទៀត ដែល​អគ្គនាយកដ្ឋាន​នៃ​​អគ្គនាយកដ្ឋាន​កីឡា​​ប្រគល់​ជូន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Loading...