ក្រសួង​និង​សហព័ន្ធកំពុង​រៀបចំការប្រកួត​ពានរង្វាន់បាល់ទះដំបូង​សម្រាប់ឆ្នាំ២០២០

622

ភ្នំពេញៈ ក្រសួអ​អប់រំ យុវជន និង​កីឡា និង​​សហព័ន្ធកីឡា​បាល់​ទះ​កម្ពុជា​នឹង​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​ដំបូង​សម្រាប់​ឆ្នាំ​២០២០ ចាប់ពីថ្ងៃទី២៩ខែកុម្ភៈដល់ថ្ងៃទី១១ ខែមិនា នៅវិមានពហុកីឡដ្ឋានជាតិនិងទីលានបាល់ទះ​វិសាខា រាជធានីភ្នំពេញ។

ក្នុង​កិច្ច​ប្រជុំ​កាលពីសប្ដាហ៍មុន​ក្រោម​អធីបតីភាព​ ឯកឧត្ដម​ ស សុខា រដ្ឋលេខាធិកា​ក្រសួង​អប់រំ បាន​ឲ្យ​ដឹង​ថា សហព័ន្ធកីឡាបាល់ទះកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ ដែល​ព្រឹត្តិការណ៍នេះ ត្រូវគេប្រសិទ្ធិនាមថា «ពានរង្វាន់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គ​ស្នង​ការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះ និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ​ឆ្នាំ២០២០»។

លោក បឹង គឹមតោ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់ ឆ្នាំ២០២០ នឹងប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២៩ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែមិនា ដែលទីកន្លែងនៃការប្រកួតនៅក្នុងវិមានពហុកីឡដ្ឋានជាតិ និងទីលានវិសាខា រាជធានីភ្នំពេញ។

លោក បឹង គឹមតោ ឲ្យដឹងទៀតថា ការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ទទួលពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា។ លោកបានបញ្ជាក់ថា ការប្រកួតគឺបើកទូលាយសម្រាប់រាជធានី ខេត្ត តែកីឡាករដែលអាចចូលរួមប្រកួតបានត្រូវមានអាយុ២៥ឆ្នាំចុះ គឺកើតឆ្នាំ១៩៩៥ ហើយកីឡាករអតីតដែលមានឈ្មោះក្នុងក្រុមកីឡាបាល់ទះក្នុងសាលជម្រើសជាតិឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ពុំអនុញ្ញាតឲ្យចូលរួមក្នុងការប្រកួតនេះទេ។

ចំពោះពាន និងរង្វាន់វិញ គឺចំណាត់ថ្នាក់លេខ១ ទទួលបានពាន១ មេដាយមាស ១៨គ្រឿង និងថវិកាអម ១៥លានរៀល ចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ១៨គ្រឿង ថវិកាអម ៨លានរៀល ចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ១៨គ្រឿង ថវិកាអម ៤លានរៀល និងចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ២លានរៀល។

ក្រៅពីនេះ ក៏មានរង្វាន់សម្រាប់ក្រុមគោរពតាមគោលការណ៍ដោយយុត្តិធម៌ (Fair Phay) ទទួលបាន ១លានរៀល កីឡាករវាយបាល់បានល្អជាងគេថវិកា ៤០ម៉ឺនរៀល កីឡាករបញ្ជូនបាល់បានល្អជាងគេ ថវិកាអម ៤០ម៉ឺនរៀល កីឡាករការពារល្អជាងគេថវិកាអម ៤០ម៉ឺនរៀល កីឡាករវាយសេវាល្អជាងគេថវិកាអម ៤០ម៉ឺនរៀល កីឡាករធ្វើរនាំងការពារល្អជាងគេបានទទួថវិកាលើកទឹកចិត្ត ៤០ម៉ឺនរៀល និងអាជ្ញាកណ្ដាលល្អជាងគេ បានរង្វាន់ ៤០ម៉ឺនរៀល៕

Loading...