អ្នក​ចាំ​ទី​ក្រសួង​ការពារជាតិ រងគ្រោះ​របួស​ស្មាពេល​លោត​តែតបាល់​របស់ RAMOS ALEXIS មិនបានសម្រេច

319

ភ្នំពេញៈ អ្នកចាំទី ក្រសួងការពារជាតិ កីឡាករ អ៊ុ វិចិត្រ បានរងរបួសស្មាខាងឆ្វេង អំឡុងការប្រកួត ជាមួយ​ក្រុម​ភ្ញៀវ អង្គរថាយហ្គឺ ខណៈលទ្ធផល​ចុង​ក្រោយស្ថតិ​នៅ ១-១ ស្នើ។

បើតាម​កីឡាករ អ៊ុ វិចិត្រ មូល​ហេតុ​ដែល​នាំ​របួសនេះកើតឡើងដោយសារការហក់សង្គ្រោះបាល់ពុំបានសម្រេច ហើយបុកត្រូវនឹង​បង្គោលទីតែម្ដង​។

កីឡាករ​ចាំ​ទីរូបនេះ​បន្តថា «ពេលហ្នឹងប្រឹងលោតមួយទំហឹង ព្រោះឃើញរាងឆ្ងាយដែរ តែដល់​ពេលហក់​ទៅក្រលេក​កន្ទុយភ្នែកឃើញបង្គោលបាល់ចូល ក៏ប្រឹងផ្អៀងខ្លួនទម្លាក់ស្មាមកមុន ហើយបុកខ្ទាំសាច់ដុំតែម្ដង។ មួយ​ថ្ងៃពីរថ្ងៃដំបូងរាងឈឺខ្លាំងដែរ លើកដៃអត់ចង់រួចទេ ចូលហាត់អត់កើតទៀត»។

វិចិត្រ បន្ថែមថា របួសស្មានេះអាចចំណាយពេលយ៉ាងតិច១សប្ដាហ៍ ទើបអាចចូលហ្វឹកហាត់វិញបាន។ យ៉ាងណាក្ដី អ្នកចាំទីជម្រើសជាតិរូបនេះបង្ហើបថា ត្រូវរង់ចាំមើលបន្តទៀត ប្រសិនបើនៅតែបន្តអាការៈឈឺចាប់ ខ្លួនប្រហែលត្រូវទៅឲ្យគ្រូពេទ្យជំនាញពិនិត្យព្យាបាល។

តាម​រយៈ​ការ​ប្រកួត​នេះ ក្រុម​ក្រសួងការពារជាតិ ស្ទើរតែរបូត ៣ពិន្ទុទៅក្រុមភ្ញៀវអង្គរថាយហ្គឺរ ក្រោយកីឡាករ Ramos Alexis តែតបញ្ចូលទីនៅនាទី៥៤ តែចូលដល់ម៉ោងបន្ថែម៩០+៦នាទីទៅហើយ ទើប​ខ្សែការពារវ័យក្មេង កាន់ ពិសាល តាមស្មើបានវិញ៕

Loading...