ស្រីពៅ ប្រឹងហាត់ក្បាច់ឃ្លេទុកសម្លាប់ម្ចាស់ផ្ទះថៃលើសង្វៀន ONE Championship

571
នៅ ស្រីពៅ កំពុង​ហ្វឹកហាត់​នៅ​ក្លឹប Cambodian Top Team

កីឡា ការិនី គុនខ្មែរ នៅ ស្រីពៅ កំពុង ប្រឹង ប្រែង ហ្វឹកហាត់ យ៉ាង ខ្លាំង ក្លា ជា ពិសេស ស្នៀត ដោះ ឃ្លេ និង ចាប់ ឃ្លេ ដើម្បី ត្រៀម ខ្លួនប្រកួត ទល់ នឹង កីឡា ការិនី ម្ចាស់ ផ្ទះ ថៃ Rika Ishige នា ថ្ងៃ ទី១៦ ខែកុម្ភៈ ខាងមុខនេះ នៅ កម្មវិធី ONE: CLASH OF LEGENDS របស់ ស្ថាប័ន ONE Championship នៅ ទីក្រុង បាងកក ប្រទេសថៃ។

ស្រីពៅ បាន បញ្ជាក់ថា ឥលូវ នេះ ខ្លួន កំពុង ផ្ដោត ខ្លាំង លើ ការ ហ្វឹកហាត់ ក្បាច់ ក្រោម ដូច ជា ការ ហាត់ ដោះ ឃ្លេ ឬ ចាប់ ឃ្លេ ក៏ ដូច ជា រៀនបត់បែន ខ្លួន ឬ សម្រប ខ្លួន នៅ ពេល ដែល ដួល លើ កម្រាល។ ការ ហាត់ ក្បាច់ ទាំង នេះ ហាក់ ពិបាក បន្តិច ព្រោះ ជា ក្បាច់ ថ្មី សម្រាប់ ខ្លួន ពោលគឺ ខុស ពី ការ ហ្វឹកហាត់ ប្រដាល់ សកល ឬ គុន ខ្មែរ។

ម្ចាស់ មេដាយ មាស ជើង ឯក ថ្នាក់ ជាតិ ប្រដាល់ សកល ឆ្នាំ ២០១៨ រូប នេះ បន្ថែម ទៀត ថា ក្រោយ មើល វីដេអូ ប្រកួត របស់ ដៃគូ រួច ឃើញថា គេ ល្អ ចាប់ ប៉ុន្តែ រៀង អន់ មុខ បន្តិច រី ឯ កម្លាំង ភាគច្រើន បាន តែ ទឹក ១ នោះ ទេ។ ស្រីពៅ ជឿជាក់ថា ប្រសិន បើ ទប់ទល់ ទឹក ទី១ និង ការ ចាប់ ឃ្លេ របស់ ដៃគូ នៅ ទឹក ទី១ បាន គឺ មាន សង្ឃឹម ច្រើន ថា នឹង អាច ទទួល បាន ជ័យជម្នះ នា ការ ប្រកួត លើក នេះ។

Rika Ishige បង្ហាញ​ក្បាច់​ឃ្លេ។ រូប ONE Championship

រំលឹក ផងដែរ ថា នៅ ស្រីពៅ ជា កីឡា ការិនី ជម្រើស ជាតិ ប្រដាល់ សកល និង ជា អ្នក ប្រដាល់ គុន ខ្មែរ មួយ រូប ដែល មាន ថ្មី ដៃ មាន កេរ្តិ៍ឈ្មោះ ល្បី ទាំង នៅ កម្ពុជា ក៏ ដូច ជា នៅ ប្រទេស មីយ៉ាន់ម៉ា។

សូម បញ្ជាក់ថាផងដែរ ក្រៅពីស្រីពៅ ក៏ មាន កីឡាករ កម្ពុជា មួយរូបទៀតផងដែរ ដែល នឹង បង្ហាញខ្លួននៅក្នុង កម្មវិធី ONE: CLASH OF LEGENDS គឺ ឡៅ ចិត្រា ប្រកួត ជាមួយ កីឡាករ ថៃ Superlek Kiatmoo9។ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ ក្លឹប Cambodian Top Team ជា អ្នក ដឹកនាំ កីឡាករ កីឡាការិនី ទាំង២ រូប ចេញទៅ ប្រកួត កម្មវិធី ដ៏ធំ ខាងលើ៕

Loading...