កីឡា ❯

ឡុងបេនលឿនសុំសាកល្បងជាមួយរាមច្បងផលសោភ័ណ្ឌក្រោយ​ឈ្នះ​ជើង​ខ្លាំង​ជា​បន្ត​បន្ទាប់​

អ្នក​ប្រដាល់​ដែល​មាន​បទ​ថ្មី​ក្នុង​រយៈ​ពេល​ត្រឹម​៣​ឆ្នាំ​កីឡាករ​ឡុង​បេន​លឿន​ក្លិប​សាលវ័ន្ត​កីឡា​ដែល​មួយ​រយៈ​នេះ​កំពុង​ទទួល​បាន​លទ្ធផល​ឈ្នះ​ជើង​ខ្លាំង​ជា​បន្ត​បន្ទាប់​សឹង​រក​គូ​ប្រ​កួត​មិន​បាន​។​ ​សមត្ថភាព​កំពុង​តែ​ឡើង​នេះ​ត្រូវ​បាន​គណៈ​កម្មការ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រ​កួត​ជា​មួយ​កីឡាករ​ជើង​ចាស់​បទ​ពិសោធ​ន៍​ចាស់​វស្សា​កីឡាករ​ផល​សោភ័ណ្ឌ​នៃ​ក្លិប​តាឡី​មាន​រិទ្ធ​​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នា​ថ្ងៃ​សុក្រ​ទិ​៩​ខែ​មេសា​ឆ្នាំ​២០២១​នៅ​សង្វៀន​បាយ័ន​ជា​គូ​ឯក​ប្រចាំ​សប្តាហ៍​កម្ម​វិធី​ប្រដាល់​KUBOTA​។​ បើ​និយាយ​ពី​បទ​ពិសោធន៍​លើ​សង្វៀន​ប្រ​កួត​វិញ​ផល​សោភ័ណ្ឌ​ខ្លាំង​ទាំង​ប្រ​ដាល់​សកល​ខ្លាំង​ទាំង​ប្រដាល់​គុន​ខ្មែរ​ហើយ​ជា​កិឡាករ​ដែល​ខ្លាំង​លំដាប់​ជួរ​មុខ​ជំនាញ​កណ្តាប់​ដៃ​និង​ប្រ​កួត​ជា​មួយ​ជើង​ខ្លាំង​បរទេស​ញឹក​ញាប់​ប៉ុន្តែ​មួយ​រយៈ​នេះ​ទំនង​មាន​កម្លាំង​ធ្លាក់​ចុះ​បន្តិច​ខណៈ​ដែល​ការ​ប្រ​កួត​ចុង​ក្រោយ​ថ្មីៗ​នេះ​បាន​ចាញ់​កីឡាករ​លន​បញ្ញា​មក​ពី​ក្រ​សួង​ការ​ពារ​ជាតិ​ដោយ​សន្លប់​ក្នុង​ទឹក​ទី៣​។​ចំណែក​កីឡាករ​ឡុង​បេន​លឿន​វិញ​ទោះ​បី​មាន​បទ​ពិសោធ​ខ្ចី​ប៉ុន្តែ​មួយ​រយៈ​នេះ​ឈ្នះ​ជើង​ចាស់​ល្បីៗ​មួយ​ចំនួន​សឹង​រក​គូ​ប្រ​កួត​មិន​បាន​។​ថ្មីៗ​នេះ​ឡុង​បេន​លឿន​ធ្លាប់​ឈ្នះ​សេក​គឹម​រួន​ឈ្នះ​រិន​សារ័ត្ន​​ឈ្នះ​ឌុម​កែវ​ដា​និង​ឈ្នះ​សូត្រ​ខេវិន​ដែល​ចាស់​វស្សាជាង​។​ លោក​ឡុង​សាលវ័ន្ត​គ្រូ​បង្វឹក​ទទួល​ស្គាល់​ថា​ឡុង​បេន​លឿន​នៅ​ខ្ចី​វស្សា​ជាង​ផល​សោភ័ណ្ឌ​មែន​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប្រ​កួត​ឈ្នះ​ជា​និច្ច​ពិសេស​ជើង​ចាស់​ខ្លាំងៗ​មួយ​ចំ​នួន​។​លោក​ឡុង​សាលវ័ន្ត​បន្ថែម​ថា​ចំ​ពោះ​ការ​ប្រ​កួត​ប៉ះ​ជា​មួយ​ផល​សោភ័ណ្ឌ​ទោះ​បី​វា​ចាញ់​ក៍​ទទួល​បាន​បទ​ពិសោធ​ន៍​ល្អ​ដែរ​ពី​ព្រោះ​ប៉ះ​ជើង​ខ្លាំង​ពិត​ជា​ដក​ស្រង់​បាន​បច្ចេកទេស​ល្អ​ៗ​។​យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ត្រឹម​៥០​ភាគ​រយ​ប៉ុណ្ណោះ​តែ​ធានា​ថា​ចាញ់​ឬ​ឈ្នះ​តឹង​តែង​ណាស់​មិន​ងាយ​ស៊ី​ផុយ​ឡើយ​។​ ឡុង​បេន​លឿន​និយាយ​ថា​ខ្ញុំ​ឡើង​វ៉ៃ​គឺ​ធានា​អស់​ពី​សមត្ថភាព​តែ​រឿង​ចាញ់​ឬ​ឈ្នះ​មិន​ទាន់​ហ៊ាន​និយាយ​ទេ​ពី​ព្រោះ​គាត់​ជើង​ចាស់​មាន​ការ​ប្រ​កួត​យូរ​ហើយ​ខ្ញុំ​នឹង​ប្រឹង​ដើម្បី​ចង់​ឈ្នះ​ដែរ​។​ឡុង​បេន​លឿន​បន្ថែម​ថា​៖​ខ្ញុំ​រម្ពឹង​វ៉ៃ​ឈ្នះ​៥០​ភាគ​រយ​ដូច​គ្រូ​ដែរ​។​ លោក​ម៉ាក​សុខន​គ្រូ​បង្វឹក​ផល​សុភ័ណ្ឌ​និយាយ​ថា​៖​សោភ័ណ្ឌ​ហាត់​បាន​ល្អ​ហើយ​ជំនួប​ប្រ​កួត​​ជា​មួយ​ឡុង​បេន​លឿន​នេះ​ខ្ញុំ​យល់​ឃើញ​ថា​មិន​ឈ្នះ​កូន​សិស្ស​ខ្ញុំ​ទេ​ពី​ព្រោះ​បទ​ពិសោធ​ន៍​វា​ល្អ​ណាស់​ប៉ុន្តែ​វា​មាន​ចំណុច​ខ្សោយ​ផ្នែក​កម្លាំង​ឯ​បច្ចេកទេស​នៅ​តែ​ល្អ​ពី​ព្រោះ​វា​ចាស់​ដែរ​ហើយ​។​ លោក​ម៉ាក​សុខន​បន្ត​ថា​៖​ខ្ញុំ​និយាយ​មិន​អួត​ទេ​តាម​ខ្ញុំ​គិត​មើល​ខ្ញុំ​យល់​ថា​៩០​ភាគ​រយ​គឺ​ផល​សោភ័ណ្ឌ​នឹង​ឈ្នះ​ប៉ុន្តែ​ក៍​តឹង​តែង​ណាស់​ដែរ​។​បើ​និយាយ​ពី​បទ​ពិសោធ​ប្រ​កួត​វិញ​ឡុង​បេន​លឿន​មាន​ប្រ​វត្តិ​ប្រ​កួត​តិច​ជាង​ផល​សោភ័ណ្ឌ​ចំនួន​៤​ដង​ក្នុង​នោះ​បទ​ពិសោធ​រយៈ​ពេល​ស្គាល់​សង្វៀន​ទើប​តែ​៣​ឆ្នាំ​ឯ​ផល​សោភ័ណ្ឌ​ឆ្លង​កាត់​ជាង​១០​ឆ្នាំ​ឯណោះ​។​ គួរ​រម្លឹក​បញ្ជាក់​ថា​៖​ផល​សោភ័ណ្ឌ​ជា​កីឡាករ​ជាប់​ជម្រើស​ជាតិ​ប្រ​ដាល់​សកល​ច្រើន​ឆ្នាំ​មក​ហើយ​ប៉ុន្តែ​សម្រាប់​ជម្រើស​ជាតិ​ឆ្នាំ​២០២១​នេះ​គ្មាន​ឈ្មោះ​ក្នុង​ជម្រើស​ជាតិ​ឡើយ​។​ទោះ​ជា​យ៉ាង​ណា​ប្រភព​និង​មូល​ហេតុ​ដែល​ផល​សោភ័ណ្ឌ​គ្មាន​ជាប់​ឈ្មោះ​​ជម្រើស​ជាតិ​ឆ្នាំ​២០២១​នេះ​មិន​ទាន់​ដឹង​ថា​៖​បណ្តាល​មក​ពី​មូល​ហេតុ​ពិត​ប្រាកដ​អ្វី​នៅ​ឡើយ​ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ដែល​មាន​វត្តមាន​ជំនួស​ក្នុង​ទម្ងន់​៦៣​​គីឡូគ្រាម​មាន​វី​សំភ័ស​និង​៦៤​គីឡូគ្រាម​មាន​ឈ្មោះ​សែត​សារិទ្ធ​៕​

អៀង សាម៉ន ឆ្លងអាជីពរត់ប្រណាំងជម្រើសជាតិ១១ឆ្នាំមុនក្លាយជាគ្រូបង្វឹកម្នាក់

ឆាក​ជីវិត​តស៊ូ​ក្នុង​ជីវភាព​លំបាក​លំបិន​ដែល​មិន​បាន​សិក្សា​ខ្ពស់​ និង​គ្មាន​ជំនាញ​អ្វី​នោះ​លោក ​គៀង​ សាម៉ន​ បាន​សម្រេច​ចិត្ត​ចូល​ហ្វឹក​ហាត់​ជា​កីឡាករ​អត្ត​ពលកម្ម​ផ្នែក​រត់​ប្រណាំង​ចម្ងាយ​មធ្យម​ក្នុង​វិញ្ញាសា​ ៨០០​ម៉ែត្រ​ដល់​ ១៥០០​ម៉ែត្រ​ ក្នុង​ឆ្នាំ​២០០៥ ​ស្រប​ពេល​ដែល​ការ​ងារ​រក​ប្រាក់​​ចំណូល​ប្រចាំ​ថ្ងៃ​សម្រាប់​ជី​វភាព​ប្រ​ចាំ​ថ្ងៃ​បាន​មក​ពី​មុខ​របរ​អ្នក​ឡើង​បេះ​ដូង​លក់​។​ ជា​មួយ​នឹង​ការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ព្យាយាម​ជា​ប្រចាំ​មាន​កម្រិត​បច្ចេកទេស​ល្អ​ទើប​ទទួល​បាន​ជាប់​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​រត់​ប្រណាំង​នៅ​ឆ្នាំ​២០០៦​។​ ការ​ហក្វឹក​ហាត់​និង​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តូច​ធំ​ជា​បន្ត​បន្ទាប់​រយៈ​ពេល​១១​ឆ្នាំ​ក្នុង​ថ្នាក់​ជាតិ​ទទួល​បាន​លទ្ធផល​ល្អ​លំដាប់​ជួរ​មុខ​ប៉ុន្តែ​លើ​ឆាក​អន្តរជាតិ​វិញ​ចេញ​ប្រ​កួត​ច្រើន​ប្រទេស​ក្នុង​នោះ​​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ​ជា​ច្រើន​មិន​ទទួល​បាន​លត្ថផល​ចំណាត់​ថ្នាក់​ជយ​លាភី​ទេ​លោក​អៀង​សាម៉ន​ដណ្តើម​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៥​ប៉ុណ្ណោះ​លេង​វិញ្ញាសា​៨០០​ម៉ែត្រ​។​យ៉ាង​នេះ​ក្តី​បច្ចុប្បន្ន​លោក​គៀង​សាម៉ន​ដែល​មាន​វ័យ​៤៩​ឆ្នាំ​ទៅ​ហើយ​នោះ​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ផ្តល់​តួ​នាទី​ជា​គ្រូ​ជម្រើស​ជាតិ​ដែល​ទទួល​ជំនាញ​បង្វឹក​នូវ​វិញ្ញា​សា​៨០០ម៉ែត្រ​ទៅ​១៥០០ម៉ែត្រ​តាំង​ពី​ឆ្នាំ​២០១៩​មក​ម៉្លេះ​។​ មាន​ទី​លំ​នៅ​ភូមិ​ខ្សុំ​ឃុំ​បន្ទាយ​ដែក​ស្រុក​គៀន​ស្វាយ​ ខេត្ត​កណ្តាល​ លោក​ គៀង​ សាម៉ន​ មាន​ភរិយា​ និង​កូនៗ​ចំ​នួន​ ៦​នាក់​តាម​រយៈ​លេង​កីឡា​លោក​ទទួល​បាន​ជាប់​ក្រប​ខ័ណ្ឌ​ជា​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ដែល​មិន​ទាន់​បាន​សក្តិ​១​ផង​ ហើយ​បច្ចុប្បន្ន​លោក​កំពុង​ពេញ​ចិត្ត​និង​តួនាទី​បន្ថែម​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ផ្នែក​រត់​ប្រណាំង​ចម្ងាយ​ពី​ ៨០០ម៉ែត្រ​ទៅ​ ១៥០០​ម៉ែត្រ​។​ លោក​ គៀង​ សាម៉ន​ និយាយ​ថា​៖ ​ខ្ញុំ​មាន​ឱកាស​រៀន​បាន​តិច​តួច​​ខ្ញុំ​បាន​តស៊ូ​ក្នុង​ជីវិត​បាន​មក​ដល់​ពេល​នេះ​ខ្ញុំ​បាន​ចាប់​យក​អាជីព​ជា​កីឡាករ​​រត់​ប្រណាំង​ដែល​ជាប់​ជម្រើស​ជាតិ​ចំនួន​១១​ឆ្នាំ​។...

ខ្លាចាស់​ប៉ះគ្នាជំនួបដណ្តើម​ប្រាក់​លាន​សប្តាហ៍​ទី​៦៩​នៅ​សង្វៀន​ថោន​

អ្នក​ប្រដាល់​គុន​ខ្មែរ​ចាស់​វស្សា​ចំនួន​៤​នាក់​ដែល​មាន​បទ​ពិសោធ​ន៍​ច្រើន​លើ​សង្វៀន​ត្រូវ​បាន​គណៈ​កម្មការ​ផ្គូ​ផ្គង​សង្វៀន​ថោន​ដាក់​ឱ្យ​ប្រ​កួត​គ្នា​លក្ខណៈ​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នា​យប់​ថ្ងៃ​អាទិត្យ​នេះ​ក្នុង​សប្តាហ៍​ទី​៦៩​។​កីឡាករ​ទាំង​៤​រូម​មាន​កីឡាករ​ធន់​ចាន់​តាក់​មក​ពី​សមាគម​ប្រដាល់​ក្រ​សួង​ការ​ពារ​ជាតិ​,​សេក​គឹម​រួន​មក​ពី​ក្លិប​មកុដ​រាជ​សីហ៍​,គង់​សំបូរ​មក​ពី​ក្លិប​គោព្រៃ​និង​សូត្រ​ខេវិន​មក​ពី​បក្សី​ស្លាប​ដែក​​ហើយ​តាម​រយៈ​កិច្ច​​សម្ភាស​ន៍​ឱ្យ​ដឹង​ថា​៖​ពួក​គេ​មាន​ទឹក​ចិត្ត​មុះ​មុត​ក្នុង​ការ​ឡើង​ប្រ​កួត​ប៉ុន្តែ​ពួក​គេ​ញញើត​គ្នា​ពិសេស​ភាគី​សូត្រ​ខេវិន​,សេក​គឹម​រួន​និង​គង់​សំបូរ​និយាយ​ថា​ញញើត​វត្ត​មាន​កណ្តាប់​ដៃ​កីឡាករ​ធន់​ចាន់​តាក់​ចំណែក​ធន់​ចាន់​តាក់​បែរ​ជា​មិន​សូវ​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ច្រើន​នោះ​ទេ​។​យ៉ាង​ណាក្តី​ជំនួប​ប្រ​កួត​នេះ​ពិត​ជា​តឹង​តែង​ណាស់​ស្រប​ពេល​ដែល​គេ​សុទ្ធ​តែ​មាន​បទ​ពិសោធ​ន៍​ច្រើន​ដូច​គ្នា​តែ​នៅ​ខ្លាច​ញញើត​គ្នា​។​ គង់​សំបូរ​និយាយ​ថា​៖​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​ខ្ពស់​ដល់​ទៅ​៨០​ភាគ​រយ​ប៉ុន្តែ​ខ្ញុំ​ញញើត​តែ​កីឡាករ​ធន់​ចាន់​តាក់​ម្នាក់​គត់​ដែល​ជំនាញ​កណ្តាប់​ដៃ​និង​ចូល​វាយ​សម្រុក​សន្ធាប់​មិន​ចេះ​ដក​ថយ​។​ក្រៅ​ពី​នេះ​មាន​សេក​គឹម​រួន​និង​សូត្រ​ខេវិន​ខ្ញុំ​ធ្លាប់​ប្រ​កួត​ឈ្នះ​ពួក​គេ​ច្រើន​ដង​មក​ហើយ​គឺ​មិន​សូវ​ព្រួយ​បារម្ភ​នោះ​ទេ​គឺ​អាច​យក​ឈ្នះ​បាន​គ្រាន់​តែ​តឹង​តែង​បន្តិច​ដែរ​និយាយ​ទៅ​មិន​មែន​ស៊ី​ផុយ​នោះ​ឡើយ​។​គង់​សំបូរ​បន្ត​ថា​៖​ខ្ញុំ​ធ្លាប់​ជា​សិស្ស​រួម​គ្រូ​រួម​ក្លិប​ជា​មួយ​ធន់​ចាន់​តាក់​និង​ដេក​ហ្វឹក​ហាត់​ជា​មួយ​គ្នា​ខ្ញុំ​ដឹង​ពី​ស្នៀត​កណ្តាប់​ដៃ​ជង្គង់​និង​ការ​វាយ​សម្រុក​របស់​ចាន់​តាក់​គឺ​វ៉ៃ​មិន​ចេះ​បន្ធូរ​ដៃ​ឱ្យ​ដៃ​គូ​ឬ​យោគ​យល់​គ្នា​ឯង​នោះ​ទេ​ហេតុ​នេះ​លំបាក​ប្រកួត​ណាស់​​​។​ លោក​សួន​ប៊ុន​សូត្រ​គ្រូ​បង្វឹក​បង្វឹក​របស់​កីឡាករ​សូត្រ​ខេវិន​និយាយ​ថា​៖​ខេវិន​ធ្លាប់​ចាញ់​គង់​សំបូរ​និង​ឈ្នះ​សេក​គឹម​រួន​ប៉ុន្តែ​មិន​ដែល​ប្រ​កួត​ជា​មួយ​ធន់​ចាន់​តាក់​ទេ​។​តាម​ការ​ប្រឹង​ហ្វឹក​ហាត់​មួយ​រយៈ​នេះ​ខ្ញុំ​មាន​ល្បិច​កល​ខ្លះ​ដើម្បី​យក​ឈ្នះ​គង់​សំបូរ​និង​សេក​គឹម​រួន​ឲ្យ​បាន​ក្នុង​ទំនុក​ចិត្ត​ខ្ពស់​គឺ​៨០​ភាគ​រយ​ប៉ុន្តែ​បើ​ចាប់​ឆ្នោត​ប៉ះ​ប្រកួត​ជា​មួយ​ធន់​ចាន់​តាក់​គឺ​លំបាក​ប្រ​កួត​ណាស់​ពី​ព្រោះ​វា​វ៉ៃ​មិន​ចេះ​ស្ទាប​ស្ទង់​ទេ​ចូល​ទៅ​ដឹង​តែ​សម្រុក​ផ្តាច់​តែ​ម្តង​ហេតុ​នេះ​ទប់​ជាប់​ឬ​ការពារ​បាន​ឬ​មិន​បាន​នៅ​លើ​ការ​ ជាក់​ស្តែង​តែ​ម្តង​មិន​អាច​ទស្សន័​ទាយ​បាន​មុន​ទេ​ ។​លោក​សួន​ប៊ុន​សូត្រ​បន្ត​ថា​៖​យ៉ាង​ណា​ខ្ញុំ​នឹង​ជួយ​ផ្តល់​បច្ចេកទេស​ឲ្យ​ខេវិន​វ៉ៃ​ឱ្យ​បាន​ប្រាក់​លាន​នេះ​ឱ្យ​បាន​។​ សេក​គឹម​រួន​និយាយ​ថា​៖​ខ្ញុំ​ឡើង​ទៅ​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព​តែ​មិន​ហ៊ាន​អះអាង​ឈ្នះ​ប៉ុន្មាន​ភាគ​រយ​ទេ​ពី​ព្រោះ​គេ​សុទ្ធ​តែ​ជា​ជើង​ចាស់​ខ្លាំងៗ​ក្នុង​ទម្ងន់​នេះ​។​សេក​គឹម​រួន​ធ្លាប់​ចាញ់​សូត្រ​ខេវិន​និង​គង់​សំបូរ​ប៉ុន្តែ​មិន​ធ្លាប់​ប្រ​កួត​ជា​មួយ​ធន់​ចាន់​តាក់​ទេ​។​សេក​គឹម​រួន​បញ្ចាក់​ថា​«ខ្ញុំ​សង្ឃឹម​ឈ្នះ​តែ​៥០​ភាគ​រយ​ប៉ុណ្ណោះ​ហើយ​បើ​ប៉ះ​ធន់​ចាន់​តាក់​វគ្គ​ជម្រុះ​វិញ​ដូច​ជា​ញញើត​ខ្លាច​ខ្លាច​គាត់​ដែរ​ពី​ព្រោះ​មួយ​រយៈ​នេះ​ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ​ហាត់​មិន​បាន​ល្អ​ប្រ​កួត​ចាញ់​ញឹក​ញាប់​ដែរ​ដោយ​សារ​កម្លាំង​ធ្លាក់​ចុះ​។​ ចំណែក​លោក​ធន​សុភា​គ្រូ​បង្វឹក​របស់​ធន់​ចាន់​តាក់​និយាយ​ថា​ពួក​គេ​ទាំង​៤​នាក់​នេះ​ជើង​ចាស់​ដូច​គ្នា​មិន​ងាយ​ឈ្នះ​ចាញ់​ផុយៗ​ទេ​គឺ​តឹង​តែង​ណាស់​។​តាម​ខ្ញុំ​មើល​ធន់​ចាន់​តាក់​មិន​ល្អ​លើស​កីឡាករ​៣​នាក់​ទៀត​នេះ​ទេ​ប៉ុន្តែ​វា​មាន​ចិត្ត​ធំ​ចូល​វាយ​មុន​មិន​ប្រ​ចាំ​ដៃ​គូ​តែ​បើ​វ៉ៃ​តាម​បច្ចេកទេស​មួយៗ​វិញ​គង់​សំបូរ​ល្អ​ជាង​ពី​ព្រោះ​គង់​សំបូរ​និង​ចាន់​តាក់​ធ្លាប់​ជា​កូន​សិស្ស​តែ​មួយ​ក្នុង​ក្លិប​តែ​មួយ​ហើយ​ក្រោយ​មក​ទើប​បែក​ទៅ​នៅ​ក្លិប​ផ្សេង​ពី​គ្នា​។​ ​តាម​ប្រ​វត្តិ​ប្រ​កួត​ក្នុង​ការ​ដណ្តើម​ប្រាក់​លាន​ម៉ារ៉ាតុង​នេះ​ពី​លោក​ជួប​វត្ថា​ប្រាប់​ថា​៖​គង់​សំបូរ​ធ្លាប់​ចាញ់​ឡុង​ជិន​និង​អេលីត​ភក្តី​ឈ្នះ​បាន​រង​ចំនួន​ពីរ​លើក​។​​សូត្រ​ខេវិន​ធ្លាប់​ចូល​ប្រ​កួត​បាន​ត្រឹម​ជើង​ឯក​រង​ដែរ​ពីរ​លើក​គឺ​ចាញ់​ឡុង​បេន​លឿន​និង​ឡុង​សំណាង​។​ចំណែក​កីឡាករ​ធន់​ចាន់​តាក់​ធ្លាប់​ឈ្នះ​ជើង​ឯក​រង​ប្រាក់​រង្វាន់​នេះ​ម្តង​ដោយ​ចាញ់​ចាន់​ប៊ុន​ហឿន​និង​មាន​តែ​សេក​គឹម​រួម​មិន​ធ្លាប់​ចូល​រួម​ប្រ​កួត​។​ ស្ថិតិ​ប្រ​កួត​របស់​សេក​គឹម​រួន​បាន​ចំនួន​១១៦​លើក​ឈ្នះ​៧២​លើក​ចាញ់​៣៩លើក​ស្មើ​៥​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​១៨​លើក​។​ធន់​ចាន់​តាក់​ប្រ​កួត​បាន​ចំនួន​៨៥​លើក​ឈ្នះ​៦២​លើក​ចាញ់​២០​ស្មើ​៣​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​៣០​លើក​។​គង់​សំបូរ​ប្រ​កួត​បាន​៩០​លើក​ឈ្នះ​ចំនួន​៦១​លើក​ចាញ់​២៤​លើក​ស្មើ​៥​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​២៣​លើក​។​សូត្រ​ខេវិន​ប្រ​កួត​បាន​ចំនួន​៩៤​លើក​ឈ្នះ​៥៩​លើក​ចាញ់​ចំនួន​៣១​លើក​ស្មើ​៤​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​២០​លើក​៕​​​​

កីឡា​ការិនី​វ័យ​ក្មេង ​វី​ស្រី​ស្រស់​ បេក្ខភាពប្រដាល់សកលទម្ងន់៥៤គ.ក្រ.នៅស៊ីហ្គេម២០២១

នៅ​ក្នុង​គ្រួសារ​មួយ​នៃ​ត្រកូល​អ្នក​ប្រដាល់​លើ​សង្វៀន​ដើម្បី​រក​ប្រាក់​មក​ឧបត្ថម្ភ​ជីវភាព​គ្រួសារ ​និង​បាន​សាង​គេ​ឈ្មោះ​ល្បី​ល្បាញ​កម្រិត​ជួរ​មុខ​កញ្ញា​វី​ស្រី​ស្រស់​មាន​អាយុ​ទើប​តែ​១៦​ឆ្នាំ​ជា​កូន​ទី​៥​ខណៈ​ដែល​បង​ៗ​បង្កើត​ចំនួន​៤​នាក់​ទៀត​ជា​អ្នក​ប្រដាល់​ឆ្នើម​មាន​ឈ្មោះ​ល្បី​ធ្លាប់​ជា​ជម្រើស​ជាតិ​ទាំង​អស់​គ្នា​ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ​បង​ៗ​ចំនួន​​៣​នាក់​ទៀត​បាន​ចាក​ចេញ​ពី​ប្រដាល់​ទៅ​រក​ការ​ងារ​ផ្សេង​វិញ​ហើយ​។​ យ៉ាង​នេះ​ក្តី​កីឡា​ការិនី​វ័យ​ក្មេង​វី​ស្រី​ស្រស់​ដែល​មាន​កម្ពស់​១,៦២​ម៉ែត្រ​ទម្ងន់​៥៤​គីឡូក្រាម​ជា​បេក្ខភាព​អ្នក​ប្រដាល់​សកល​ដែល​បាន​កំណត់​ជ្រើស​រួច​ហើយ​គ្រោង​ត្រូវ​បញ្ជូន​ទៅ​ចូល​រួម​ប្រ​កួត​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​ចុង​ឆ្នាំ​២០២១​នៅ​ប្រ​ទេស​វៀត​ណាម​។​ តាម​ប្រវត្តិ​របស់​កីឡាការិនី​វី​ស្រី​ស្រស់​បាន​ធំ​ដឹង​ក្តី​ក្នុង​អាយុ​ខ្ទង់​១០​ឆ្នាំ​ដើរ​តាម​បងៗ​ជា​អ្នក​សុទ្ធ​តែ​មាន​មុខ​របរ​ប្រ​ដាល់​ដែល​ធ្វើ​ឱ្យ​រូប​នាង​មាន​ចិត្ត​ស្រឡាញ់​ចូល​ចិត្ត​និង​ចង់​ឡើង​ប្រ​កួត​បាន​លុយ​ដូច​បងៗ​។​ក្រុម​គ្រួសារ​បង​ប្អូន​បង្កើត​ទាំង​៥នាក់​នេះ​បាន​សាង​ភាព​ល្បី​ល្បាញ​បំផុត​នៅ​ក្នុង​ឆ្នាំ​២០០៩​ខណៈ​ដែល​បង​ប្រុស​ច្បង​ឈ្មោះ​វី​សាវុធ​ឈ្នះ​ខ្សែ​ក្រវាត់​ពី​អ្នក​ប្រដាល់​ហ្វី​លីពិន​ដែល​រៀប​ចំ​នៅ​ស្តាដ​អូឡាំ​ពិក​របស់​សង្វៀន​ប៉ុស្តិ៍​លេខ​៣​ហើយ​វី​សាវុធ​ឡើង​ប្រ​កួត​ជំនួស​គេ​ប៉ុន្តែ​ឈ្នះ​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​ពិសេស​ប្រាក់​រង្វាន់​ពី​សម្តេច​នាយក​រដ្ឋ​​មន្ត្រី​ហ៊ុន​សែន​និង​ប្រាក់​ពី​ធានា​គារ​ប្រចាំ​ខែ​ផង​ដែរ​គឺ​នាំ​ឱ្យ​ប្អូនៗ​ទាំង​៤​ចូល​ហ្វឹក​ហាត់​ជា​មួយ​រហូត​ដល់​បាន​ជាប់​ជម្រើស​ចាតិ​ទាំង​អស់​។​ក្រោយ​ឆ្នាំ​២០១០​ជា​បន្ត​បន្ទាប់​ក្រុម​អ្នក​ប្រដាល់​ត្រកូល​វី​បង​ប្អូន​ទាំង​៥​នាក់​នេះ​មាន​ទី​១​កីឡាករ​វី​សាវុធ​,ទី​២​កីឡាការិនី​វី​ស្រី​ខួច​,ទី​៣​កីឡាការិនី​វី​ស្រី​ឆាយ​,ទី​៤​កីឡាករ​វី​សុភ័ស​និង​កីឡាការិនី​វី​ស្រី​ស្រស់​នេះ​តែ​ម្តង​សុទ្ធ​តែ​មាន​ស្នាដៃ​ជា​ជម្រើស​ជាតិ​។​ជា​មួយ​នឹង​ការ​ប្រឹង​ប្រែង​ក្នុង​កីឡា​ប្រ​យុទ្ធ​មួយ​ចំនួន​ពួក​គេ​ចូល​ចូល​ប្រ​កួត​ដើម្បី​ដណ្តើម​បាន​ប្រាក់​ជួយ​​ប្រែ​ក្លាយ​ជីវភាព​គ្រួសារ​បាន​មួយ​កម្រិត​។​មាន​ឪ​ពុក​ម្តាយ​ជា​កម្មករ​សំណង់​ដើរ​ធ្វើ​ការ​តាម​ការដ្ឋាន​សំណង់​គ្មាន​ផ្ទះ​សម្បែង​ប៉ុន្តែ​ប្រយោជ​ន៍​ពី​លេង​កីឡា​គ្រួសារ​មួយ​នេះ​បាន​គេច​ផុត​ពី​ផ្ទះ​ជួល​គេ​ងាក​មក​ទិញ​ដី​ធ្វើ​ផ្ទះ​បាន​រស់​នៅ​ក្នុង​លក្ខណៈ​សាមញ្ញ​ក្នុង​ភូមិ​ស្វាយ​រលំ​១​ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង​ខេត្ត​កណ្តាល​។​ វី​ស្រី​ស្រស់​និយាយ​ថា​៖​ខ្ញុំ​ជាប់​ជា​កីឡាការិនី​ជម្រើស​ជាតិ​ប្រដាល់​សកល​ចំនួន​៤​ឆ្នាំ​មក​ហើយ​ដោយ​ខ្ញុំ​ធំ​ឡើង​នៅ​ជា​មួយ​តែ​បងៗ​ជា​អ្នក​ប្រដាល់​គឺ​ដឹង​តែ​ប្រឹង​ហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ក្នុង​ស្តាដ​អូឡាំពិក​។​គ្រូៗ​គាត់​ជួយ​បង្ហាត់​ខ្ញុំ​និង​ឱ្យ​ឡើង​ប្រកួត​គាត់​សរសើរ​ខ្ញុំ​ថា​អនាគត​ល្អ​ហើយ​ខ្ញុំ​កាន់​តែ​មាន​ទឹក​ចិត្ត​ស្រ​ឡាញ់​ហើយ​នៅ​ឆ្នាំ​២០១៨​ខ្ញុំ​បាន​ជាប់​ជម្រើស​ជាតិ​។​ វី​ស្រី​ស្រស់​បន្ថែម​ថា​៖​គ្រូ​បាន​ប្រាប់​ខ្ញុំ​ថា​៖​ឆ្នាំ​២០២១​នេះ​ខ្ញុំ​ជា​បេក្ខភាព​ឡើង​ទៅ​ប្រ​កួត​នៅ​ក្នុង​​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣១​ចុង​ឆ្នាំ​២០២១​នៅ​ប្រ​ទេស​វៀត​ណាម​ដោយ​ខ្ញុំ​ត្រូវ​ហាត់​ត្រៀម​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​ហេតុ​នេះ​គ្រូ​ឱ្យ​ខិត​ខំ​ហាត់​ឱ្យ​ខ្លាំង​​មែន​ទែន​។​ លោក​ប៊ុយ​សោភ័ណ្ឌ​អគ្គ​លេខាធិការ​សហព័ន្ធ​ប្រ​ដាល់​សកល​ឲ្យ​ដឹង​ថា​៖​ឆ្នាំ​នេះ​ក្នុង​ចំណោម​អត្តពលិក​ជម្រើស​ជាតិ​ប្រដាល់​សកល​ចំនួន​១៣​នាក់​មាន​កីឡាការិនី​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ​វី​ស្រី​ស្រស់​ទម្ងន់​៥៤​គីឡូក្រាម​និង​កីឡាការិនី​សឿន​សុខ​លី​ទម្ងន់​៤៩​គីឡូគ្រាម​។​លោក​ប៊ុយ​សោភ័ណ្ឌ​បន្ថែម​ថា​នេះ​វី​ស្រី​ស្រស់​ជា​បេក្ខភាព​ដែល​យើង​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ឲ្យ​បាន​ល្អ​ពី​ព្រោះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​យើង​ទទួល​បាន​ច្រើន​​ប្រភេទ​ទម្ងន់​។ កីឡាការិនិ​វី​ស្រី​ស្រស់​ហ្វឹក​ហាត់​និង​គោរព​វិន័យ​​បាន​ល្អ​ក្នុង​ជម្រើស​ជាតិ​ប៉ុន្តែ​ឱកាស​បាន​ឡើង​ប្រ​កួត​បាន​តិច​តួច​។​តាម​ស្ថិតិ​ឱ្យ​ដឹង​នាង​ធ្លាប់​ឡើង​ប្រ​កួត​បាន​ចំនួន​១៤​លើក​ឈ្នះ​៩​ចាញ់​៥​លើក​។​ការ​ប្រ​កួត​ប្រជែង​ជម្រើស​ជាតិ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពីរ​និង​ប្រាក់​ចំនួន​២​។​ចំណែក​ប្រដាល់​គុន​ខ្មែរ​ធ្លាប់​ប្រកួត​៥​លើក​ឈ្នះ​៣​ចាញ់​២​លើក​។​ គួរ​រម្លឹក​បញ្ជាក់​ថា​៖​កន្លង​មក​កីឡាកា​រិនី​ប្រដាល់​សកល​មាន​ច្រើន​ល្បីៗ​មាន​ដូច​ជា​អេ​យ៉ានុត​,វី​ស្រី​ខួច​​,វី​ស្រី​ឆាយ​,នូវ​ស្រី​ពៅ​​ប៉ុន្តែ​មួយ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពួក​គេ​បាន​ចាក​ចេញ​ដោយ​ខ្លួន​ឯង​ដើម្បី​ជម្រើស​មុខ​របរ​ថ្មី​ផ្សេងៗ​ពី​គ្នា​៕​​

អ្នក​ប្រដាល់​ជើង​ថ្មី​ សំ​អាន​ ផ្ដួលជើងខ្លាំង ​សេន​កុសល​ និង​គង់​ហូវយក​ប្រាក់​រង្វាន់​សប្តាហ៍​ទី​៦៨​

អ្នក​ប្រដាល់​ជើង​ថ្មី​សំ​អាន​មក​ពី​ក្លិប​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​បាន​ឈ្នះ​ប្រាក់​លាន​ប្រ​ចាំ​សប្តាហ៍​ទី​៦៨​មួយ​លើក​ទៀត​បន្ទាប់​ពី​ចូល​ប្រ​កួត​កម្ម​វិធី​លក្ខណៈ​ម៉ារ៉ាតុង​គុន​ខ្មែរ​ដោយ​ផ្តួល​កីឡាករ​ជើង​ចាស់​សេន​កុសល​ក្លិប​ម៉ោង​ឬស្សី​ខេត្ត​បាត់​ដំបង​ឲ្យ​សុំ​ចុះ​ចាញ់​តដៃ​លែង​រួច​ក្នុង​ទឹក​ទី​២​ក្នុង​វគ្គ​​ជម្រុះ​និង​ឈាន​ទៅ​ផ្តួល​ជើង​ចាស់​ម្នាក់​ទៀត​កីឡាករ​គង់​ហូវ​មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​​ខេត្ត​សៀម​រាប​ឲ្យ​សន្លប់​ធំ​ដូច​គ្នា​ក្នុង​ទឹក​ទី​២​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​៤​ខែ​មេសា​ឆ្នាំ​២០២១​នៅ​សង្វៀន​ថោន​។​ជយ​ជម្នះ​នេះ​កីឡាករ​សំ​អាន​បាន​ទទួល​ប្រាក់​រង្វាន់​ចំនួន​៣​លាន​៤​សែន​រៀល​ភ្លាមៗ​ក្នុង​សប្តាហ៍​ទី​៦៨​នេះ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​២​ផង​ដែរ​។​មិន​តែ​ប៉ុណ្ណោះ​កេរ្ត៍​ឈ្មោះ​របស់​គេ​ចាប់​ផ្តើម​ល្បី​ក្នុង​រយៈ​ពេល​ខ្លី​បំ​ផុត​បន្ទាប់​ពី​ផ្តួល​កីឡាករ​ជើង​ចាស់ៗ​មួយ​ចំនួន​ឱ្យ​ចុះ​ចាញ់​ជា​រឿយៗ​កន្លង​មក​។​នៅ​ក្នុង​បច្ចេកទេស​ប្រ​កួត​សំ​អាន​មាន​លក្ខណៈ​វ៉ៃ​មិន​ចេះ​សំចៃ​កម្លាំង​ហើយ​របៀប​ប្រ​កួត​របស់​គេ​ទំនង​ដូច​ជា​សិស្ស​ច្បង​របស់​គេ​មក​ពី​ក្លិប​តែ​មួយ​គឺ​កីឡាករ​ថៃ​រ៉េត​មិន​ដែល​ប្រកួត​ឱ្យ​អាជ្ញា​កណ្តាល​តឿន​ឱ្យ​ប្រឹង​ប្រ​កួត​នោះ​ឡើយ​។​វា​ដូច​ទៅ​នឹង​ការ​តាំង​ចិត្ត ​យក​ឈ្នះ​មុន​ពេល​ប្រ​កួត​មក​ម្លេះ​សំ​អាន​ដែល​មាន​មហិច្ឆិតា​ធំ​មិន​ញញើត​ដៃ​គូ​រាម​ច្បង​សង្ឃឹម​មុត​មាំ​ថា​សង្ឃឹម​ឈ្នះ​ខ្ពស់​ហើយ​ជាក់​ស្តែង​គេ​ធ្វើ​បាន​សម្រេច​ជា​មួយ​នឹង​ឈ្នះ​ទឹក​ប្រាក់​សរុប​ចំនួន​៣លាន​៤​សែន​រៀល​។​ ជើង​ខ្លាំង​ជំនាញ​ស្នៀត​ទាត់​គង់​ហូវ​ដែល​វគ្គ​ជម្រុះ​ប៉ះ​ប្រ​កួត​ជា​មួយ​សេក​ថាវរី​ឈ្នះ​ទាំង​វេទនា​ខ្លួន​នោះ​ឡើង​មក​ប៉ះ​ប្រ​កួត​ជា​មួយ​កីឡាករ​សំ​អាន​បាន​តែ​ពីរ​ទឹក​ប៉ុណ្ណោះ​គឺ​ងើម​លែង​រួច​។​​គង់​ហូវ​និយាយ​ថា​៖​ខ្ញុំ​ពិត​ជា​ចាញ់​ដោយ​អស់​ចិត្ត​ពី​ព្រោះ​កម្លាំង​វ៉ៃ​ចេញ​របស់​សំ​អាន​នេះ​សន្ធាប់​ខ្លាំង​ណាស់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​គ្មាន​ឱកាស​ប្រើ​ស្នៀត​ទាត់​បាន​ពី​ព្រោះ​កណ្តាប់​ដៃ​និង​ស្នៀត​កែង​របស់​គាត់​វាយ​ចេញ​​មក​លឿនៗ​ពេក​លំបាក​ទប់​ឬ​គេច​ណាស់​។​គង់​ហូវ​បន្ថែម​ថា​៖​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្សោយ​កម្លាំង​តាំង​ពី​វគ្គ​ដំបូង​ដែល​កិឡាករ​សេក​ថាវរី​ប្តូវ​កណ្តាប់​ដៃ​ជា​មួយ​ខ្ញុំ​សឹង​តែ​អស់​ខ្សល់​សន្លប់​ម្តងៗ​ទៅ​ហើយ​។​គង់​ហូវ​ដែល​មាន​ស្នៀត​ទាត់​បាន​ល្អ​បញ្ចាក់​ថា​៖​ខ្ញុំ​ធ្លាប់​ចាញ់​មួយ​រយៈ​នេះ​៤​លើក​ជាប់ៗ​គ្នា​មិន​ទាន់​មាន​លទ្ធភាព​ឈ្នះ​ទេ​ប៉ុន្តែ​ខ្ញុំ​មិន​បោះ​បង់​មុខ​របរ​ប្រ​ដាល់​នេះ​ឡើយ​ពី​ព្រោះ​ការ​ចាញ់​បែប​នេះ​មក​ពី​ខ្ញុំ​ហ្វឹក​ហាត់​មិន​បាន​ល្អ​ធ្លាក់​កម្លាំង​ហើយ​ងាក​មក​ការ​ងារ​បន្ថែម​ដើម្បី​ប្រាក់​ចំណូល​ជួយ​គ្រួសារ​ដែល​ឪពុក​ម្តាយ​ចាស់ៗ​នៅ​ក្នុង​បន្ទុក​ផង​។​ ចំណែក​សេន​កុសល​ដែល​កន្លង​មក​សមត្ថភាព​ប្រ​កួត​លំដាប់​ខ្លាំង​មួយ​រូប​នេះ​ឃើញ​ការ​ប្រ​កួត​ទំនង​ដូច​ជា​ធ្លាក់​ចុះ​មែន​ទែន​​ដោយ​គ្មាន​សមត្ថភាព​​គ្មាន​លទ្ធភាព​តដៃ​ជា​មួយ​សំ​អាន​សោះ​។​ក្នុង​ការ​ប្រ​កួត​បាន​ចំនួន​ពីរ​ទឹក​សំ​អាន​បាន​ទាត់​ឲ្យ​ដួល​ញឹក​ញាប់​និង​វាយ​កែង​ឱ្យ​អាជ្ញា​កណ្តាប់​រាប់​ចំនួន​៣​លើក​ហើយ​នៅ​ពេល​ចប់​ទឹក​សុំ​ចុះ​ចាញ់​តែ​ម្តង​។​ ប្រ​ភព​ពី​មន្ត្រី​សហព័ន្ធ​នៅ​ក្បែរ​នោះ​ឱ្យ​ដឹង​ថា​៖​សេន​កុសល​មាន​ឈ្មោះ​បំរ៉ុង​ជា​កីឡាករ​ជម្រើស​ជាតិ​ឃិត​បុកស៊ិង​ប៉ុន្តែ​តាម​រយៈ​ប្រកួត​បែប​នេះ​មិន​អាច​យក​បាន​ទេ​។​សេន​កុសល​ក្រោយ​ពេល​ប្រ​កួត​មិន​អាច​សុំ​សម្ភាស​បាន​ទេ​ខណៈ​ដែល​សួរ​ទៅ​គ្មាន​ចម្លើយ​តម​មក​វិញ​បាន​ត្រឹម​ដើរ​គេច​ចេញ​និង​ក្រវី​ក្បាល​។​ ជើង​ថ្មី​ថាវរី​ក្រោយ​ពេល​ចាញ់​និ​យាយ​ថា​៖​ខ្ញុំ​ចាញ់​មិន​អស់​ចិត្ត​ពី​ព្រោះ​ខ្ញុំ​វ៉ៃ​ចូល​ច្រើន​ធ្វើ​ឱយ​គង់​ហូវ​រក​សន្លប់​ទៅ​ហើយ​ប៉ុន្តែ​គេ​ធ្វើ​ពុត​ឈឺ​ម្តុំ​កន្លែង​ប្រ​ដាប់​ការ​ពារ​ពង​។​ខ្ញុំ​គិត​ថា​នេះ​ជា​ល្បិច​ពន្យា​ពេល​ដែល​អាជ្ញា​កណ្តាល​ជួយ​សម្រួល​បើ​មិន​ដូច​ឆ្នោះ​ទេ​គង់​ហូវ​មិន​អាច​គេ​ផុត​ពី​សន្លប់​បាន​ឡើយ​ពី​ព្រោះ​ទឹក​ទី​ ​៣​រត់​គេច​ពី​ខ្ញុំ​ជា​និច្ច​គ្មាន​ហ៊ាន​ប្រឈម​ឡើយ​។​ លោក​ជួប​វុត្ថា​និយាយ​ថា​កម្ម​វិធី​នៅ​សង្វៀន​ថោន​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​ជើង​ចាស់​និង​ជើង​ថ្មីៗ​វ័យ​ក្មេង​ដែល​តាំង​ចិត្ត​ប្រ​កួត​អស់​ពី​សមត្ថភាព​ដោយ​មិន​រើស​អើង​ប៉ុន្តែ​ជើង​ចាស់​មួយ​ចំនួន​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ប៉ុន្តែ​មិន​បាន​ហ្វឹក​ហាត់​ល្អ​ប្រ​កួត​មិន​ទាក់​ទាញ​មិន​ផ្តល់​ឱកាស​ឱ្យ​ឡើយ​។​លោក​បញ្ជាក់​ថា​«ខ្ញុំ​សរសើរ​គូវ័យ​ក្មេង​ប្រ​កួត​អស់​ពី​កម្លាំង​កាយ​ចិត្ត​​ដូច​ជា​គូ​បើក​ឆាក​វ័យ​ក្មេង​រវាង​កីឡាករ​ថេន​ខាំ​បញ្ញា​និង​សូដា​សុវណ្ណម៉ាយ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​គឺ​ជា​គូ​ថ្មី​ថ្មោង​ប៉ុន្តែ​ប្រ​កួត​ជក់​ចិត្ត​ខ្លាំង​ណាស់​ដែល​មហា​ជន​ចង់​ទស្សនា៕

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផល៩៥%

ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ សម្រេចបានលទ្ធផល៩៥%ហើយ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលការសាងសង់កីឡដ្ឋានធំនេះ ដោយដំណើរការសាងសង់នៅតែបន្តធ្វើជារៀងរាល់ថ្ងៃដោយរលូន បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្តី...

អ៊ូចធារិទ្ធ ផ្អាកប្រកួតគុនខ្មែរដើម្បីហ្វឹកហាត់ប្រដាល់សកលត្រៀមស៊ីហ្គេម២០២១ នៅវៀតណាម

អ្នក​ប្រដាល់​វ័យ​ក្មេង​អ៊ូច​ធារិទ្ធ​ក្លិប​អា​ណា​ចក្រ​គុន​ខ្មែរ​ដែល​គ្រង​តំណែង​មេដាយ​មាស​ជម្រើស​ជាតិ​ប្រ​ដាល់​សកល​ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៥៧​គីឡូក្រាម​កំពុង​ត្រៀម​ខ្លួន​ចូល​ហ្វឹក​​ហាត់​ប្រ​មូល​ផ្តុំ​របស់​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ស្រប​ពេល​ដែល​ទី​ផ្សារ​ប្រ​កួត​ផ្នែក​ប្រដាល់​គុន​ខ្មែរ​រក​ប្រាក់​ចំណូល​បាន​ល្អ​ប៉ុន្តែ​ក្លិប​អាណា​ចក្រ​គុន​ខ្មែរ​របស់​លោក​ធីណា​រិទ្ធ​ជា​គ្រូ​បង្វឹក​ត្រូវ​បាន​ផ្អាក​បណ្តោះ​អាសន្ន​ដោយ​បញ្ហា​កូវីដ​១៩​កំពុង​រាល​ដាល​ផ្ទុះ​ឡើង​ជា​ថ្មី​។​យ៉ាង​ណា​ក្តី​កីឡាករ​អ៊ូច​ធារិទ្ធ​ដែល​កំពុង​ល្បី​ល្បាញ​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​គុន​ខ្មែរ​នៅ​មាន​សង្ឃឹម​បន្ថែម​ទៀត​ដោយ​ជាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​ប្រដាល់​សកល​ឆ្នាំ​២០២១​ដើម្បី​ត្រៀម​ចូល​រួម​ប្រ​កួត​នៅ​ប្រទេស​វៀត​ណាម​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុង​ឆ្នាំ​២០២១​នេះ​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​ ក្នុង​ការ​សម្ភាសន៍​ជា​មួយ​ព័ត៌មាន​តាម​បណ្តាញ​ហ្វេស្បុក​អ៊ូច​ធារិទ្ធ​និយាយ​ពី​ប្រ​វត្តិ​គឺ​បាន​កសាង​ឈ្មោះ​ល្បី​ល្បាញ​នៅ​ក្នុង​ពិភព​គុន​ប្រដាល់​ទាំង​ពីរ​ប្រ​ភេទ​ប្រដាល់​គុន​ខ្មែរ​និង​សកល​រយៈ​ពេល​៥​ឆ្នាំ​ទទួល​បាន​លទ្ធផល​ល្អ​និង​ជា​អ្នក​ទ្រ​ទ្រង់​ជីវភាព​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្តាយ​ចាស់​និង​ប្អូន​ស្រី​ពី​នាក​កំពុង​សិក្សា​នៅ​ឡើយ​។​អ៊ូច​ធារិទ្ធ​និយយ​ថា​៖​ខ្ញុំ​បាន​ឈប់​រៀន​នៅ​ត្រឹម​ថ្នាក់​ទី​១២​ដោយ​សារ​ជីវភាព​លំបាក​សម្រេច​ចិត្ត​ចូល​ហ្វឹក​ហាត់​ប្រ​ដាល់​ក្នុង​ឆ្នាំ​២០១៥​កាល​នោះ​អាយុ​១៨​ឆ្នាំ​។​ស្នាដៃ​លើ​សង្វៀន​ប្រ​ដាល់​ខ្ញុំ​ទទួល​បាន​ឈ្មោះ​ល្បី​ដោយ​លោក​គ្រូ​ធី​ណារិទ្ធ​ជួយ​បណ្តុះ​បណ្តាល​អប់​រំ​ណែ​នាំ​និង​លើក​ទឹក​ចិត្ត​។​រយៈ​ពេល​ចំនួន​៥​ឆ្នាំ​ខ្ញុំ​ប្រ​កួត​បាន​ចំនួន​១០៣​លើក​ឈ្នះ​៧៤​លើក​ចាញ់​២៥​លើក​ស្មើ​៤​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​៣៩​លើក​ធ្លាប់​ចូល​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​KUBOTA​ទម្ងន់​៥៧​គីឡូក្រាម​បាន​ម្តង​ប៉ុន្តែ​ចាញ់​កីឡាករ​ថៃ​ឈ្មោះ​ផុង​រ៉ាត់​​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​។​ក្រៅ​ពី​នេះ​អ៊ូច​ធារិទ្ធ​សាង​ភាព​ល្បី​ល្បាញ​ដោយ​ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​ធំ​ៗ​ដូច​ជា​កម្ម​វិធី​ប្រដាល់​បុណ្យ​សមុទ្រ​មេដាយ​មាស​លើក​ទឹក​ចិត្ត​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​កម្ម​វិធី​WURKZ​ និង​KUBUTA​នៅ​បា​យ័ន​និង​ប្រាក់​រង្វាន់​សង្វៀន​ថោន​ដោយ​ប្រ​កួត​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​វ៉ាន់​វឿន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។​អ៊ូច​ធារិទ្ធ​បន្ថែម​ថា​៖​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​នេះ​ខ្ញុំ​នៅ​តែ​ឡើង​ប្រ​កួត​ប្រដាល់​សកល​ក្នុង​នោះ​ជាប់​ជម្រើស​ជាតិ​ប្រ​ដាល់​សកល​ទម្ងន់​៥៧​គីឡូក្រាម​ចំនួន​៣​ឆ្នាំ​និង​ឆ្នាំ​នេះ​ហាត់​ត្រៀម​សម្រាប់​ស៊ី​ហ្គេម​នៅ​វៀត​ណាម​ទៀត​។​ ​ទាក់​ទង​ទៅ​នឹង​ការ​បិទ​ក្លិប​នេះ​អ៊ូច​ធារិទ្ធ​និយាយ​ថា​៖​ខ្ញុំ​កំពុង​តែ​លំបាក​ខ្លាំង​ណាស់​ពី​ព្រោះ​ម្តាយ​ខ្ញុំ​ខ្ចី​លុយ​ធានាគារ​មក​ធ្វើ​ផ្ទះ​ហើយ​ខ្ញុំ​តែង​តែ​រាប់​រង​ការ​បង់​ប្រាក់​នោះ​សង​ឥឡូវ​ក្លិប​បិទ​មិន​ដឹង​ថា​យ៉ាង​ណា​នោះ​ទេ​ពី​ព្រោះ​ខ្ញុំ​ជា​អ្នក​រាប់​រង​ទាំង​អស់​ក្នុង​គ្រួសារ​។​«​ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​នឹង​សុំ​អនុញាតិ​ពី​សហព័ន្ធ​ទាំង​ពីរ​ដើម្បី​សុំ​ឡើង​ប្រ​កួត​យ៉ាង​ហោច​ណាស់​មួយ​ខែ​បាន​ម្តង​ដើម្បី​ជីវភាព​ហើយ​ខិត​ខំ​ហាត់​សកល​ឱ្យ​ខ្លាំង​ដើម្បី​ចូល​រួម​ស៊ី​ហ្គេម​នៅ​វៀត​ណាម​»​។​ លោក​ប៊ុយ​សោភ័ណ្ឌ​អគ្គ​លេខាធិការ​សហព័ន្ធ​ប្រ​ដាល់​សកល​ប្រាប់​ថា​៖​ឆ្នាំ​នេះ​អ៊ូច​ធារិទ្ធ​នៅ​តែ​ជាប់​ជម្រើស​ជាតិ​បន្ត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​ទម្ងន់​៥៧​គីឡូក្រាម​នេះ​អ៊ូច​ធារិទ្ធ​ជា​បេក្ខជន​ត្រូវ​បាន​ជម្រើស​ចូល​ជម្រើស​ជាតិ​ត្រៀម​សម្រាប់​ស៊ីហ្គេម​នៅ​វៀត​ណាម​។​លោក​ប៊ុយ​សោភ័ណ្ឌ​បន្ថែម​ថា​៖​គណៈ​កម្មការ​បាន​សម្រេច​និង​ជ្រើសរើស​ផ្ញើរ​បញ្ជី​ទៅ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ហើយ​គឺ​សរុប​មាន​៨​ប្រភេទ​ទម្ងន់​អត្តពលិក​ចំនួន​១៣​នាក់​ក្នុង​នោះ​មាន​ស្រី​តែ​២​នាក់​ដើម្បី​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ខណៈ​ដែល​តាម​ដំណឹង​គ្រោង​នឹង​ដើម​ខែ​មេសា​ខាង​មុខ​នេះ​។​លោក​បន្តថា​៖​ចំពោះ​ការ​ប្រ​មូល​ផ្តុំ​របស់​ប្រដាល់​សកល​សហព័ន្ធ​មិន​មែន​តឹង​តែង​ពេក​ទេ​គឺ​អនុញាត​ឱ្យ​កីឡាករ​ចេញ​ប្រ​កួត​ខ្លះ​នៅ​គុន​ខ្មែរ​ពី​ព្រោះ​ទីផ្សារ​ប្រដាល់​សកល​គ្មាន​អ្នក​ស្ពនស័រ​។​យ៉ាង​នេះ​ការ​ចេញ​ប្រ​កួត​ខ្លះ​ក៍​ល្អ​ដើម្បី​ពង្រឹង​សមត្ថភាព​និង​ប្រាក់​ចំណូល​ផង​ដែរ​ប៉ុន្តែ​មិន​ឱ្យ​ញឹក​ញាប់​ពេក​នាំ​ឱ្យ​ប៉ះ​ពាល់​កម្លាំង​។​ លោក​ធី​ណា​រិទ្ធ​គ្រូ​បង្វឹក​កីឡាករ​អ៊ូច​ធារិទ្ធ​និយាយ​ថា​បញ្ហា​កូវីដ​១៩​ផ្ទុះ​ឡើង​ក្លិប​របស់​ខ្ញុំ​ផ្អាក​ហាត់​សិន​ដើម្បី​បំបែក​គ្នា​នទៅ​ផ្ទះ​​ប៉ុន្តែ​សម្រាប់​ធារិទ្ធ​បើ​គាត់​ចាំ​បាច់​ត្រូវ​ប្រ​កួត​គឺ​គាត់​អាច​មក​ហាត់​ម្នាក់​ឯង​ជា​មួយ​ខ្ញុំ​បាន​ពី​ព្រោះ​គាត់​រាប់​រង​ជីវភាព​គ្រួសារ​ទាំង​ស្រុង​ហើយ​យើង​រក្សា​តាម​ការ​ណែ​នាំ​របស់​ក្រសួង​ជំនាញ​​ម៉្យាង​វិញ​ទៀត​គាត់​មាន​អាស័យ​ដ្ឋាន​នៅ​ចោម​ចៅ​ជិត​ក្លិប​ ដែរ​។​គួរ​រម្លឹក​បញ្ជាក់​ថា​៖​ការ​ឡើង​ប្រ​កួត​របស់​កីឡាករ​អ៊ូច​ធារិទ្ធ​មាន​តម្លៃ​ខ្លួន​ចាប់​ពី​៣០០​ដុល្លារ​ឡើង​ដល់​៥០០​ដុល្លារ​ក្នុង​មួយ​លើក​ទៅ​តាម​សង្វៀន​ឬ​កម្ម​វិធី​ប្រ​កួត​។​ជា​មួយ​គ្នា​នោះ​កន្លង​មក​អាច​រក​ប្រាក់​ចំណូល​ពី​​ប្រដាល់​នេះ​ក្នុង​មួយ​ខែ​អាច​ឡើង​ដល់​ខ្ទង់​១​០០០​ដុល្លារ​ទៅ​តាម​ចំនួន​ប្រ​កួត​ខែ​ខ្លះ​ដល់​ទៅ​៣​លើក​ផង​ដែរ​។​ចំណែក​ការ​ប្រ​មូល​ផ្តុំ​ក្នុង​ជម្រើស​ជាតិ​សកល​វិញ​ប្រ​សិន​បើ​ហាត់​ហើយ​វិល​មក​ផ្ទះ​វិញ​អត្តពលិក​បាន​ការ​ឧបត្កម្ភ​ខ្ទង់​ជិត​៥០០​ដុល្លារ​ប៉ុន្តែ​បើ​ហូប​ចុក​ស្នាក់​នៅ​រួម​សល់​ត្រឹម​ខ្ទង់​១៥០​ដុល្លារ​តែ​ប៉ុណ្ណោះ​៕​

ជើង​ចាស់​ប៉ះជើង​ថ្មី​កំពុង​លេច​ធ្លោ​ក្នុងការប្រកួតដណ្តើម​ប្រាក់​លាន​នៅសង្វៀន​ថោន

អ្នក​ប្រដាល់​ជើង​ថ្មី​កំពុង​លេច​ធ្លោ​ចំនួន​ពីរ​រូប​កីឡាករ​សេក​ថាវរី​មក​ពី​ខេត្ត​សៀម​រាប​និង​កីឡាករ​សំ​អាន​មក​ពី​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​កំពុង​តែ​ចាប់​ផ្តើម​ល្បី​ត្រូវ​បាន​គណៈ​កម្មការ​ផ្គូ​ផ្គង​សង្វៀន​ថោន​ដាក់​ឲ្យ​ចាប់​ឆ្នោត​ប្រ​កួត​ជា​មួយ​ជើង​ចាស់​មាន​បទ​ពិសោធន៍​ច្រើន​កីឡាករ​គង់​ហូវ​មក​ពី​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​និង​កីឡាករ​សេង​កុសល​មក​ពី​ក្លិប​ម៉ោង​ឬស្សី​ខេត្ត​បាត់​ដំបង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​កម្ម​វិធី​ដណ្តើម​ប្រាក់​លាន​សង្វៀន​ថោន​សប្តាហ៍​ទី​៦៨​នៅ​ថ្ងៃ​អាទិត្យ​នេះ​។​ស្ថាន​ភាព​ការ​រីក​ចម្រើន​វិជ្ជា​គុន​របស់​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​កាន់​តែ​លេច​ធ្លោ​ហើយ​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ដែល​ធ្លាប់​ល្បី​បាន​ធ្វេស​ប្រហែស​មិន​ព្យាយាម​ក្នុង​ការ​ហ្វឹក​ហាត់​បាន​ល្អ​នោះ​លទ្ធផល​ការ​ប្រ​កួត​មិន​ទទួល​បាន​ល្អ​ដូច​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ៗ​ឡើយ​។​ កីឡាករ​សេន​កុសល​ធ្លាប់​ជា​ជើង​ខ្លាំង​ក្នុង​ទម្ងន់​៥៧​ឬ​៦០​គីឡូក្រាម​បាន​មក​ស្នាក់​នៅ​បណ្តោះ​ហ្វឹក​ហាត់​ជា​មួយ​លោក​គ្រូ​ធន​សុភា​ស្រដៀង​គ្នា​ទៅ​នឹង​កីឡាករ​លំដាប់​ខ្លាំង​​គង់​ហូវ​មក​ស្នាក់​នៅ​ហាត់​បណ្តោះ​អាសន្ន​ជា​មួយ​លោក​គ្រូ​ជា​រិទ្ធ​ក្នុង​ស្តាដ​ចាស់​បាន​ផ្តល់​សម្ភាស​ន៍​ថា​៖​មិន​ហ៊ាន​អះ​អាង​មុន​ប្រ​កួត​ទេ​ពី​ព្រោះ​ជើង​ថ្មី​ទាំង​ពីរ​នាក់​ដែល​ត្រៀម​នោះ​ប្រ​សិន​ចាប់​ឆ្នោត​ប៉ះ​ប្រ​កួត​គ្នា​ពិត​ជា​លំបាក​ឈ្នះ​ណាស់​ពី​ព្រោះ​គេ​កម្លាំង​ថ្មី​វ៉ៃ​សម្រុក​ខ្លាំង​មិន​ញញើត​នោះ​ឡើយ​។​ទោះ​ជា​ការ​ប្រកួត​នេះ​ជា​មួយ​ជើង​ថ្មី​តែ​ជា​ការ​លំបាក​និង​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​។​ លោក​ធន​សុភា​និយាយ​ថា​៖​សេន​កុសល​មក​ហាត់​ត្រៀម​នៅ​ជា​មួយ​ខ្ញុំ​ហើយ​ស្ថាន​ភាព​ដូច​ជា​មិន​សូវ​បាន​ល្អ​និង​លំបាក​ឈ្នះ​ជើង​ថ្មី​ៗ​ណាស់​ពី​ព្រោះ​បើ​ប៉ះ​ជា​មួយ​ជើង​ថ្មី​ដូច​ជា​កីឡាករ​សំ​អាន​ពិត​ជា​ឧបសគ្គ​ធំ​ហើយ​។​ហើយ​បើ​ប៉ះ​ជា​មួយ​សេក​ថាវរី​ក៍​មិន​ងាយ​ស្រួល​ដែរ​ពី​ព្រោះ​ជើង​ថ្មី​ជំនាន់​ក្រោយ​ទាំង​ពីរ​នាក់​នេះ​ហាត់​ល្អ​ប្រ​កួត​ល្អ​ណាស់​និង​បាន​ឈ្នះ​ជើង​ចាស់​មួយ​ចំនួន​ផង​មក​ដែរ​។​លោក​ធន់​សុភា​បញ្ជាក់​ថា​៖​តាម​ខ្ញុំ​ពិនិត្យ​លើ​សមត្ថភាព​របស់​សេន​កុសល​និង​ដៃ​គូ​ទាំង​៣​នាក់​ទៀត​គឺ​យ៉ាប់​ឈ្នះ​គេ​គឺ​ចាញ់​ប្រៀប​ផ្នែក​កម្ពស់​ពិសេស​កម្លាំង​តែ​ម្តង​ហេតុ​នេះ​រម្ពឹង​ឈ្នះ​​មិន​លើស​៥០​ភាគ​រយ​ទេ​។​ លោក​ជា​រិទ្ធ​គ្រូ​បង្វឹក​របស់​គង់​ហូវ​មិន​អាច​ទាក់​ទង​បាន​ដោយ​សារ​លោក​មិន​លើក​ទូរស័ព្ទ​ប៉ុន្តែ​កីឡាករ​គង់​ហូវ​និយាយ​ថា​ហ្វឹក​ហាត់​មិន​សូវ​បាន​ល្អ​ជាប់​លាប់​ទេ​ដោយ​ជីវភាព​ខ្វះខាត​ឆ្លៀត​ពេល​ដើរ​ព្រៃ​រក​ឃ្មុំ​លក់​នៅ​ស្រុក​សន្ទុក​​ខេត្ត​កំពុង​។​គង់​ហូវ​បន្ត​ថា​ក្នុង​បន្ទុក​គ្រួសារ​ខ្ញុំ​មើល​ថែ​ទាំ​ចឹញ្ចឹម​ឪពុក​ម្តាយ​ចាស់​ផង​មាន​ប្រពន្ធ​និង​កូន​ហេតុ​នេះ​ពេល​វេលា​ហ្វឹក​ហាត់​បាន​តិច​តួច​ហើយ​មួយ​រយៈ​នេះ​ប្រ​កួត​មិន​សូវ​បាន​ល្អ​។​គង់​ហូវ​ទទួល​ស្គាល់​ថា​៖​ពួក​ជើង​ថ្មី​ទាំង​ពីរ​នេះ​ខ្ញុំ​មិន​ដែល​ប៉ះ​ប្រ​កួត​ជា​មួយ​ទេ​គឺ​ពួក​គេ​ខ្លាំង​ជំនាន់​ក្រោយ​ខ្ញុំ​មិន​ហ៊ាន​និយាយ​មុន​ទេ​ប៉ុន្តែ​សេន​កុសល​ខ្ញុំ​ធ្លាប់​ប្រ​កួត​៤​លើក​ឈ្នះ​២​​ចាញ់​២​លើក​។​ខ្ញុំ​សង្ឃឹម​ឈ្នះ​៥០​ភាគ​រយ​និង​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​។​ក្នុង​បី​ប្រ​កួត​ចុង​ក្រោយ​របស់​គង់​ហូវ​ចាញ់​ទូច​ដេវីដ​ចាញ់​អេ​អាំម៉ារីន​និងចាញ់​រឿម​វណ្ណៈ​នៅ​សង្វៀន​ហង្ស​មាស​។​ លោក​ឡៅ​ស៊ី​ណាត​គ្រូ​ជំនួយ​កីឡាករ​សំអាន​និយាយ​ថា​៖​សំអាន​ហាត់​ឡើង​វ៉ៃ​បាន​ពីរ​ឆ្នាំ​ប៉ុន្តែ​សមត្ថភាព​ល្អ​។​នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​៤​នាក់​នេះ​ខ្ញុំ​មើល​ឃើញ​ថា​សមត្ថភាព​វា​កំពុង​ល្អ​ខ្លាំង​អាច​មាន​លទ្ធភាព​យក​ឈ្នះ​ជើង​ចាស់​ទាំង​នោះ​បាន​ហើយ​ស្នៀត​ល្អ​របស់​គេ​គឺ​កណ្តាប់​ដៃ​ធ្ងន់​និង​កម្លាំង​ល្អ​និង​ធន​ទៅ​និង​ការ​វ៉ៃ​ឡុក​របស់​ដៃ​គូ​។​ឡៅ​ស៊ីណាត​បញ្ចាក់​ថា​៖​ខ្ញុំ​សង្ឃឹម​ឈ្នះ​៨០​ភាគ​រយ​បាន​ ប្រាក់​រង្វាន់​ហើយ​កន្លង​មក​ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​នេះ​ម្តង​ដែរ​។​ សេក​ថាវរី​មិន​ជើង​ថ្មី​មិន​អាច​ទាក់​ទង​សម្ភាស​បាន​ប៉ុន្តែ​លោក​ជួប​វុត្ថា​អ្នក​ផ្គូ​ផ្គង​និយាយ​ថា​៖​ខ្ញុំ​មើល​ឃើញ​ប៉ុន្មាន​ប្រ​កួត​ចុង​ក្រោយ​នេះ​ប្រ​កួត​ល្អ​ហើយ​សមត្ថភាព​ប្រហាក់​ប្រហែល​ជា​មួយ​សំ​អាន​ដែរ​ហេតុ​នេះ​ការ​ចាញ់​ឈ្នះ​តឹង​តែង​។​តាម​ប្រ​វត្តិ​ប្រ​កួត​របស់​គូ​ដណ្តើម​ប្រាក់​លាន​សប្តាហ៍​ទី​៦៨​នេះ​អ្នក​ទាំង​៤​គឺ​មាន​ជើង​ចាស់​ពីរ​រូប​និង​ជើង​ថ្មី​ពីរ​រូប​ខណៈ​ដែល​ជើង​ចាស់​មិន​សូវ​ហ៊ាន​អួត​ជា​មួយ​ជើង​ថ្មី​នោះ​ឡើយ​។​សំ​អាន​ប្រ​កួត​បាន​ចំនួន​៣២​លើក​ឈ្នះ​២៣​លើក​ចាញ់​៦​ស្មើ៣​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៤​លើក​។​សេក​ថាវរី​ប្រ​កួត​បាន​ចំនួន​៣៥​លើក​ឈ្នះ​២៥​លើក​ចាញ់​៥​លើក​ស្មើ​៥​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៦​លើក​។​គង់​ហូវ​មាន​ប្រ​វត្តិ​ប្រកួត​បាន​ចំនួន​៧៧លើក​ឈ្នះ​៦៦​ចាញ់​១០​លើក​ស្មើ​១​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​១១​លើក​។​សេន​កុសល​ប្រ​កួត​បាន​ចំនួន​៨៩​លើក​ឈ្នះ​៧១​លើក​ចាញ់​១៦​លើក​ស្មើ​២​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​១៧​លើក​៕​​

លោកគ្រូសួន​ប៊ុន​សូត្រ​​នៅតែបន្តបើក​ក្លិបធម្មតាខណៈ​ក្លិបមួយ​ចំនួន​ត្រូវ​បាន​ផ្អាក​បណ្តោះ​អាសន្ន

ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​បណ្តោះ​អាសន្ន​ដើម្បី​រក្សា​ការ​ពារ​បញ្ហា​ជម្ងឺ​ឆ្លង​នៃ​កូវីដ​១៩​និង​បន្ថយ​ការ​ជួប​ជុំ​គ្នា​ច្រើន​ក្នុង​ការ​ហ្វឹក​ហាត់​ប៉ុន្តែ​សម្រាប់​ក្លិប​បក្សី​ស្លាប​ដែក​របស់​លោក​គ្រូ​បង្វឹក​សួន​ប៊ុន​សូត្រ​មិន​អាច​បិទ​បាន​ដោយ​សារ​តែ​កីឡាករ​ហ្វឹក​ហាត់​គ្មាន​កីឡាករ​ណា​ក្រៅ​ពី​កូន​បង្កើត​របស់​លោក​ទាំង​៤​នោះ​ឡើយ​ពោល​គឺ​ការ​ហ្វឹកហាត់​ហូប​ចុក​ស្នាក់​នៅ​ក្នុង​ដំបូល​ផ្ទះ​តែ​មួយ​ដោយ​គ្មាន​អ្នក​ដទៃ​។​ហើយ​អ្វី​ដែល​ពិសេស​ក្នុង​សប្តាហ៍​នេះ​ដែល​មាន​សង្វៀន​ប្រដាល់​ដែល​ធ្លាប់​មាន​ប្រ​កួត​​ច្រើន​ក៍​ត្រូវ​បន្ថយ​សល់​កម្ម​វិធី​ប្រ​កួត​តិច​ប៉ុណ្ណោះ​ប៉ុន្តែ​កូន​បង្កើត​របស់​លោក​សួន​ប៊ុន​សូត្រ​ចេញ​ប្រ​កួត​ទាំង​៤​នាក់​នៅ​សង្វៀន​CNC ​ក្នុង​សប្តាហ៍​នេះ​។​ លោក​សួន​ប៊ុន​សួត្រ​ជា​គ្រូ​បង្វឹក​និង​ជា​ម្ចាស់​ក្លិប​បក្សី​ស្លាប​ដែក​ផ្ទាល់​មាន​ប្រពន្ធ​និង​កូន​ទាំង​អស់​ជា​អ្នក​ហាត់​និង​ឡើង​ប្រដាល់​ជា​មុខ​របរ​តែ​មួយ​គត់​ដើម្បី​ទ្រ​ទ្រង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​។​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​ក្លិប​របស់​លោក​គ្មាន​កីឡាករ​ណា​ម្នាក់​នៅ​ហ្វឹក​ហាត់​ក្រៅ​ពី​កូន​ទាំង​៤​នាក់​នេះ​ឡើយ​ខណៈ​ដែល​ទី​ផ្សារ​ប្រ​កួត​របស់​កូនៗ​លោក​ទាំង​៤​នាក់​កំពុង​ពេញ​និយម​ពី​ព្រោះ​​សមត្ថភាព​ក្បាច់​គុន​របស់​ពួក​គេ​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ជួរ​មុខ​ទាំង​អស់​។​ លោក​សួន​ប៊ុន​សូត្រ​អតីតកាល​របស់​លោក​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ជា​កីឡាករ​ល្អ​ឆ្នើម​នោះ​ឡើយ​ប៉ុន្តែ​ការ​គ្រប់​គ្រង​និង​បង្វឹក​កូនៗ​ទាំង​៤​នាក់​ឲ្យ​ជា​កីឡាករ​ឱ្យ​មាន​សមត្ថភាព​វិជ្ជាគុន​ល្អ​លំដាប់​ជួរ​មុខ​ព្រម​ទាំង​រក​ប្រាក់​ចំណូល​ពី​ប្រ​កួត​នេះ​បាន​គួរ​សម​ដែល​អាច​ទ្រ​ទ្រង់​ជី​វ​ភាព​បាន​យ៉ាង​ល្អ​ប្រ​សើរ​និង​មាន​ផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន​។​ លោក​សួន​ប៊ុន​សូត្រ​និយាយ​ថា​៖​ខ្ញុំ​មិន​ធ្លាប់​ជា​កីឡាករ​ឆ្នើម​នោះ​ទេ​ក្នុង​មួយ​ជីវិត​ខ្ញុំ​ធ្លាប់​ប្រ​កួត​ប្រដាល់​សកល​បាន​៣​លើក​ឈ្នះ​១​លើក​ចាញ់​២​លើក​ប៉ុន្តែ​ខ្ញុំ​ភាគ​ច្រើន​ដើរ​ជា​មួយ​អ្នក​ប្រដាល់​ល្បីៗ​មួយ​ចំនួន​។​សម្រាប់​បញ្ហា​កូវីដ​១៩​កំពុង​រាត​ត្បាត​ក៍​ខ្ញុំ​មិន​អាច​បិទ​ក្លិប​បាន​ទេ​ពី​ព្រោះ​ក្នុង​ក្លិប​ទាំង​មូល​មាន​តែ​កូន​ប្រពន្ធ​និង​ខ្ញុំ​ផ្ទាល់​ប៉ុណ្ណឹង​គ្មាន​អ្នក​ណា​ក្រៅ​មក​ហាត់​ទៀត​ឡើយ​។​ លោក​សួន​ប៊ុន​សូត្រ​ថា​៖​កូន​ៗ​របស់​ខ្ញុំ​មាន​សេវា​ប្រ​កួត​ជា​ប្រចាំ​គឺ​មិន​លំបាក​ស្វែង​រក​សង្វៀន​ប្រ​កួត​នោះ​ទេ​ពី​ព្រោះ​វា​មាន​សមត្ថភាព​ល្អ​ហាត់​ល្អ​ជា​ប្រចាំ​ហើយ​ប្រាក់​ចំណូល​បាន​មក​ពី​តម្លៃ​ខ្លួន​ប្រ​កួត​វិញ​គឺ​កាន់​តែ​ប្រ​សើរ​អាច​គ្រប់​គ្រង​ជីវភាព​បាន​ល្អ​សមរម្យ​។​កូន​ដែល​ល្អ​ជាង​គេ​មាន​ទី១​សូត្រ​ប៊ុន​ធី​ជា​គូ​ឯក​ទម្ងន់​៦៣,៥​គីឡូក្រាម​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​២​ស្ថាប័ន​និង​ទទួល​បាន​ក្រប​ខ័ណ្ឌ​ប៉ូលិស​យូរ​ហើយ​។​កូន​ទី​២​សូត្រ​ខេវិន​លំដាប់​ល្អ​បន្ទាប់​ធ្លាប់​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ទម្ងន់​៦៣,៥​គីឡូក្រាម​កូន​ទី​៣​សូត្រ​វាសនា​ទម្ងន់​៦០​គីឡូក្រាម​និង​កូន​ទី​៤​កូន​ពៅ​សូត្រ​សុខ​ឃីម​ទម្ងន់​៥៤​គីឡូក្រាម​ធ្លាប់​ជាប់​ជា​ជម្រើស​ជាតិ​ថ្នាល​ចំនួន​ពីរ​ឆ្នាំ​។​ លោក​បន្ត​ថា​៖​ការ​គ្រប់​គ្រង​ហ្វឹក​ហាត់​បាន​ល្អ​និង​ធ្វើ​ឱ្យ​កូនៗ​មាន​សមត្ថភាព​ល្អ​បែប​នេះ​គឺ​ខ្ញុំ​និង​ប្រពន្ធ​គ្រប់​គ្រង​ផ្ទាល់​ដាក់​វិន័យ​តឹង​តែង​ខណៈ​ដែល​មុខ​របរ​នេះ​គឺ​រួម​គ្នា​ជួយ​គ្នា​ទាំង​អស់​គ្មាន​មុខ​របរ​ក្រៅ​ពី​នេះ​ឡើយ​។​នៅ​សប្តាហ៍​នេះ​ពួក​គេ​ចេញ​ប្រ​កួត​ទាំង​៤​នាក់​គឺ​សូត្រ​ប៊ុន​ធី​ត្រូវ​ប្រ​កួត​សង​សិក​ជា​មួយ​ជើង​ខ្លាំង​លន​បញ្ញា​មក​ពី​ក្រ​សួង​ការ​ពារ​ជាតិ​។​សូត្រ​ខេវិន​ប្រ​កួត​ជា​មួយ​សេក​គឹម​រួន​មក​ពី​ក្លិប​មកុដ​រាឆជ​សីហ៍​។​សូត្រ​វាសនា​ប្រ​កួត​ជា​មួយ​កីឡាករ​ពុទ្ធ​ពិឃាត​(​ពី​មុន​ប្រើ​ឈ្មោះ​ទេស​ជីវ៉ា​នៅ​ក្លិប​ង​៧០​)។​និង​សូត្រ​សុខ​ឃីម​ប្រ​កួត​ជា​មួយ​សេក​ពិសិដ្ឋ​មក​ពី​ភូមិ​គាប​ខេត្ត​បន្ទាយ​មាន​ជ័យ​៕

រិនដេវីត ប្តេជ្ញាយកឈ្នះប្រាក់រង្វាន់នៅសង្វៀន TOWN សប្ដាហ៍នេះ

ភ្នំពេញ៖ នៅក្នុងសប្តាហ៍នេះដែលសង្វៀនថោនបានបើកការប្រកួតឡើងវិញបន្ទាប់ពីប្រកាសផ្អាក ១ សប្ដាហ៍ ខណៈបេក្ខភាពម៉ារ៉ាតុងប្រជុំដោយជើងខ្លាំងទម្ងន់៥៧ គីឡូក្រាមនោះ រិនដេ វីដ សម្រេចតម្លើងទម្ងន់មកប្រកួតជាមួយជើងខ្លាំង ៣នាក់ទៀតមានកីឡាករ ឡាំ កូស៊ឺន, ហ៊ឹម គឹមរៀង និងជី ឆៃលី ដែលជាការប្រកួតដណ្តើមប្រាក់រង្វាន់ប្រចាំសប្តាហ៍ជាលក្ខណៈម៉ារ៉ាតុងដែលមានវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។ ជាមួយការផ្គូផ្គងឱ្យប៉ះប្រកួទគ្នាជាមួយជើងខ្លាំងនេះ រិន ដេវីដ អះអាងថាពួកគេទាំង ៣នាក់សុទ្ធតែជើងខ្លាំងលំបាកយកឈ្នះប៉ុន្តែខ្ញុំត្រូវការប្រាក់នោះម្តងទៀតដើម្បីទិញម៉ូតូពីព្រោះកាលពីថ្ងៃចន្ទចោរលួចម៉ូតូខ្ញុំបាត់ហើយ។​ កាលពីសប្ដាហ៍មុនសង្វៀនប្រដាល់ TOWN បានផ្អាក...