ច្បាស់ការណ៍ហើយ!​ សុខ​ ធី​ ត្រូវប៉ះជើងខ្លាំងថៃ Rodtang នៅ​សង្វៀន​ ONE FC

2184

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​មាន​ដើម​កំណើត​មក​ពី​បន្ទាយ​មានជ័យ​ សុខ​ ធី​ ហៅ កាកា នឹងមានវត្តមាន​នៅ​សង្វៀន​ ONE Championship​ ដោយត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយនឹងជើងខ្លាំងរបស់ប្រទេសថៃ រថថាំង (Rodtang)​ នា​ថ្ងៃ​ទី១០​ ខែ​ឧសភា​ ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​។​

ជើងខ្លាំងថៃ Rodtang

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​រូប​នេះ​ នឹង​ត្រូវ​វិល​ចូល​សង្វៀន​ ONE ជា​លើក​ទី ៣​ បន្ទាប់​ពី​រូប​គេ​អាក់ខាន​បង្ហាញ​មុខ​ក្នុង​សង្វៀន​ ខ្នាត​អន្តរជាតិ​មួយ​នេះ​រយៈពេល​ប្រហែល​ជាងកន្លះ​ឆ្នាំ​កន្លង​ទៅ។​ បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​ផេក​ផ្លូវ​ការ​របស់​ ONE​ និង ផេក​ផ្លូវ​ការ​របស់ក្លឹប Cambodian Top Team បានបង្ហាញ​ថា​ ជើង​ខ្លាំង​វ័យក្មេងរបស់​កម្ពុជា​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត ​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ក្នុង​គូ​ទី៩ ជា​មួយ​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ ​របស់​ថៃ រថថាំង។​ ហើយនេះ​ជា​រឿង​កម្រ​មួយ ​ដែរ​សម្រាប់​កម្ពុជា​ ដែល​មាន​ឱកាស​បាន​ជួប​កីឡាករ លំដាប់​របស់​ប្រទេស​ថៃ​ បែប​នេះ​ ព្រោះ​មិន​ងាយ​ឡើយ​បាន​ប៉ះ​ ជើង​ខ្លាំង​ទាំង​នោះ​ទេ ដោយ​សារ​តែ​តម្លៃ​ខ្លួន​ និង​កម្រិត​កម្មវិធី​ធំៗ​ទើប​ពួកគេ​ប្រកួត។​

គួររំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ ធ្លាប់​ប្រកួត​ក្នុង​សង្វៀន​ ONE Championship​ ពីរ​លើក​រួច​មក​ហើយ​ ពោល​គឺ​ចាញ់​ពិន្ទុ​ អ្នក​ប្រដាល់​ថៃ​ Lerdsila​ ទាំង​ពីរ​លើក ហើយនេះគឺជាការប្រកួតលើកទី ៣ របស់គេនៅសង្វៀនខ្នាត​អន្តរជាតិ​មួយ​នេះ៕​

Loading...