ថ្ងៃបើក​ឆាក​ប្រដាល់សកល ​SEA Games កម្ពុជា​ឈ្នះឡាវតែ​ចាញ់ម៉ីយ៉ានម៉ា​

690

ម៉ានីលៈ ការប្រកួតកីឡាប្រដាល់សកល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បានចាប់ផ្ដើមការប្រកួតហើយកាលពីល្ងាចថ្ងៃទី០៤ ខែធ្នូម្សិលមិញ ដោយមានអត្តពលិកកម្ពុជា ២រូប បានចូលរួមប្រកួត ខណៈលទ្ធផលទទួលបានឈ្នះ១ និងចាញ់១។

ការប្រកួតបើកទំព័រព្រឹត្តិការណ៍ប្រចាំតំបន់ផ្នែកកីឡាប្រដាល់សកលនេះ កីឡាករកម្ពុជា ស៊ីវ សុខម៉េង បានប្រកួតឈ្នះពិន្ទុដាច់លើកីឡាករឡាវ Khotsombath Kalan ក្នុងវិញ្ញាសាទម្ងន់ ៦៥គីឡូក្រាម ក្រោយចំណាយពេលអស់ ៣ទឹកពេញ។ ជ័យជម្នះនេះបានធ្វើឲ្យកីឡាករវ័យចំណាស់កម្ពុជារូបនេះ បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយនឹងបន្ដការប្រកួតថ្ងៃនេះ។

កីឡាករ ណាត សៀកនិន ហៅ ពេជ្រ ម្ទេសខ្មាំង បានប្រកួតជាមួយកីឡាករមីយ៉ាន់ម៉ា Latt Naing ហើយក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ ៣ទឹកពេញ ចៅក្រមបានកាត់សេចក្ដីឲ្យកីឡាករមីយ៉ាន់ម៉ាឈ្នះដោយពិន្ទុ។ នេះគឺជាលទ្ធផលមួយដ៏គួរឲ្យសោកស្ដាយសម្រាប់ ពេជ្រ ម្ទេសខ្មាំង ដែលជាជើងខ្លាំងរបស់កម្ពុជា បានរងបរាជ័យ និងអស់ឱកាសត្រឹមថ្ងៃប្រកួតបើកឆាកដូច្នេះ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី០៤ ខែធ្នូម្សិលមិញ កម្ពុជា បានបន្ដរក្សាការដណ្ដើមបានមេដាយសរុប ២១គ្រឿងដដែល រួមមានមេដាយមាស ១, ប្រាក់ ៣ និងសំរឹទ្ធ ១៧ ដែលដណ្ដើមបានដោយក្រុមអត្តពលិក៖

  • កីឡាគុនល្បុក្កតោ ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
  • កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១ លើវិញ្ញាសាសីកន្ត្រក់។

យ៉ាងណាក៏ដោយ កម្ពុជានៅមានអត្តពលិក និងកីឡាសក្ដានុពលជាច្រើនទៀត ដែលកំពុងធ្វើការប្រកួត និងមិនទាន់ធ្វើការប្រកួត ហើយស្ថិតក្នុងការរំពឹងដណ្ដើមមេដាយជូនជាតិបន្ថែម។ ហេតុនេះថ្នាក់ដឹកនាំកីឡាកម្ពុជា នៅតែមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការប្រកួតប្រជែងរបស់អត្តពលិកកម្ពុជា ដើម្បីបង្កើនមេដាយ និងដណ្ដើមលទ្ធផលល្អជូនជាតិក្នុងបេសកកម្មស៊ីហ្គេមឆ្នាំនេះ៕

Loading...