ភ្នំពេញក្រោន និងណាហ្គា ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Hun Sen Cup

95

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន ២ក្រុមហើយ គឺក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៏ បន្ទាប់ពីទម្លាក់ក្រុមគិរីវង់សុខសែនជ័យ និងក្រុមព្រះខ័នរាជស្វាយរៀង នាល្ងាចថ្ងៃទី០៧ ខែតុលានេះ។

ភ្នំពេញក្រោន បានយកឈ្នះក្រុមគិរីវង់ សរុបទាំង ២ជើង ៤-២ ក្រោយពួកគេបន្ដយកឈ្នះ ២-១ ក្នុងជើងទី២ នៅកីឡដ្ឋានគិរីវង់។ ជំនួបកាត់សេចក្ដីនេះ វគ្គទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ។ ចូលវគ្គទី២ ក្រុមម្ចាស់ផ្ទះគិរីវង់ បានបើកការនាំមុខ ១គ្រាប់មុន ដែលជាគ្រាប់តាមស្មើ បើគិតទាំងលទ្ធផលជើងទី១។ តែឱកាសដណ្ដើមកៅអីវគ្គបន្ដនេះ ត្រូវបាត់បង់ បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ រកបាន ២គ្រាប់ម្នាក់ឯង ជួយក្រុមសិង្ហក្រហមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែម្ដង។

ចំណែកក្រុមណាហ្គាវើលដ៏វិញ បានទម្លាក់ក្រុមជើងឯករងឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង ក្រោយយកឈ្នះ ២-១ ក្នុងជំនួបកាត់សេចក្ដីជើងទី២ នៅកីឡដ្ឋានខេត្តស្វាយរៀង ដ្បិតជើងទី១ ក្រុមទាំងពីរស្មើគ្នា ២-២។ ២គ្រាប់ជួយឲ្យក្រុមលោក មាស ចាន់ណា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺបានកើតឡើងតាំងពីវគ្គទី១ ដែលធ្វើបានសម្រេចដោយកីឡាករ សុះ ស៊ូហាណា និង ឃឹម បូរី។ រីឯក្រុមលោក Conor Nestor បានត្រឹមសោកស្ដាយ ក្រោយព្យាយាមវាយបកបាន ១គ្រាប់ចុងម៉ោង ដោយកីឡាករ ទៀង ទីនី។

តាមរយៈជ័យជម្នះខាងលើនេះដែរ បានធ្វើឲ្យក្រុមភ្នំពេញក្រោន និងក្រុមណាហ្គាវើលដ៏ ដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមទាំងពីរ ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រផងដែរ ខណៈកាលបរិច្ឆេទប្រកួត គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅមិនទាន់កំណត់នោះទេ ស្របពេលការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទី២ នៅសល់ ២ប្រកួតទៀត នាថ្ងៃស្អែក ដោយខេត្តព្រៃវែង ត្រូវជួបក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមវិសាខា បើកទ្វារផ្ទះទទួលក្រុមជើងឯកឆ្នាំចាស់បឹងកេត៕

Loading...