អ្នកចាំទីរបស់ក្រុមកាំភ្លើងធំ Petr Cech ប្រកាសចូលនិវត្តន៍នៅចុងរដូវកាលនេះ

275

ក្រោយពីប្រឡូកក្នុងអាជីពបាល់ទាត់២០ឆ្នាំ នៅពេលនេះ អ្នកចាំទីដៃស្អិតរបស់ក្រុមកាំភ្លើងធំAsernal គឺPetr Cech បានប្រកាសថា ខ្លួននឹងចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ បច្ចុប្បន្ន Petr Cech គឺជាអ្នកចាំទីដៃទីមួយរបស់ក្រុមកាំភ្លើងធំ ប៉ុន្តែនៅក្នុងរដូវកាលនេះ គេធ្វើមិនសូវបានល្អប៉ុន្មានឡើយ។

Petr Cech ដែលមានវ័យ៣៦ឆ្នាំ បានសរសេរនៅលើបណ្តាញសង្គមថា រដូវកាលនេះ គឺជារដូវកាលទី២០របស់គេហើយក្នុងនាមជាអ្នកលេងបាល់ទាត់អាជីព ហើយវាក៏មានរយៈពេល២០ឆ្នាំហើយដែរ។ អ្នកចាំទីរូបនេះ បានបន្ថែមថា ពេលនេះ គឺជាពេលដ៏ត្រឹមត្រូវហើយក្នុងការឲ្យគេប្រកាសពីការចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ Petr Cech បានសរសេរថា៖ “លេងអស់រយៈពេល១៥ឆ្នាំនៅPremier League{លីគកំពូលអង់គ្លេស} និងឈ្នះពានរង្វាន់តាមដែលអាចធ្វើបាន ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានសម្រេចនូវអ្វីដែលខ្ញុំបានគិតទុកអស់ហើយ”។ បើទោះបីប្រកាសចូលនិវត្តន៍នៅចុងរដូវកាលនេះមែន ប៉ុន្តែអ្នកចាំទី Petr Cech ក៏បានប្តេជ្ញាថា នឹងបន្តខិតខំឲ្យអស់ពីសមត្ថភាពសម្រាប់ក្រុមកាំភ្លើងធំ ហើយសង្ឃឹមថា អាចឈ្នះពានណាមួយនៅក្នុងរដូវកាលនេះមុនគេត្រូវព្យួរស្បែកជើងលែងចូលក្នុងទីលាន​ប្រកួត។

សូមបញ្ជាក់ថា Petr Cech គឺជាកីឡាករបាល់ទាត់របស់សាធារណរដ្ឋឆែក ហើយធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន១២៤លើកចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០១៦។ Petr Cech ចាប់ផ្តើមលេងបាល់ទាត់តាំងពីអាយុ៧ឆ្នាំ ដោយលេងឲ្យក្លិបក្នុងស្រុក FC Viktoria Plzeň។ គេបានវិវឌ្ឍខ្លួនក្នុងវិស័យបាល់ទាត់បានយ៉ាងល្អជាបន្តបន្ទាប់។ លុះដល់ឆ្នាំ២០​០២ Petr Cech បានចេញទៅលេងឲ្យក្លិប Rennes របស់បារាំង។

នៅបារាំងបាន២ឆ្នាំ Petr Cech ត្រូវបានក្លិបតោខៀវ Chelsea ទិញយកមកលេងនៅលីគកំពូលអង់គ្លេសក្នុងតម្លៃខ្លួន ៧លានផោន ដែលនៅពេលនោះ Petr Cech បានក្លាយជាអ្នកចាំទីមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លិបតោខៀវ Chelsea។ នៅChelsea ជាង១០ឆ្នាំ Petr Cech ត្រូវបានផ្ទេរមកកាន់ក្លិបកាំភ្លើងធំAsernal នៅក្នុងឆ្នាំ២០១៥ ហើយគេក៏បានបន្តលេងឲ្យក្លិបនេះរហូតមកដល់ពេលបច្ចុប្បន្ននេះ៕

Loading...