ក្រុមហ៊ុន​សំណង់​ជាង​២០០​នឹង​ចូលរួម​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជាចុង​សប្ដាហ៍​នេះ​

256

ភ្នំពេញៈ សម្រាប់​ពិព័រណ៍​ឧស្សាហកម្ម​សំណង់ ឆ្នាំ ២០១៩​នេះ នឹង​រៀបចំឡើង​ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ​៥​ដល់​ថ្ងៃទី​៧​ខែធ្នូ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ ​ដែល​នឹងមាន​ការចូលរួម​ពី​ក្រុមហ៊ុន ​ក្នុងស្រុក​និង​ក្រៅប្រទេស​លើ​វិស័យ​សំណង់​ចំនួន ២០៧ ក្រុមហ៊ុន ​ដោយមាន​ដាក់តាំង​បង្ហាញ​លក់​ផលិតផល​ជាង ១០០០​ប្រភេទ​ផងដែរ​។

ការរៀប​ចំការ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់ ឆ្នាំ ២០១៩​នេះ គឺជា​ការរៀបចំ​ដោយ​សមាគម​អ្នក​សាងសង់​កម្ពុជា​។

​វា​ជា​ការ​ប្រមូលផ្ដុំ​ធំ​បំផុត​ប្រចាំឆ្នាំ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា ​ដោយមាន​ក្រុមហ៊ុន​ក្នុង ​និង​ក្រៅប្រទេស​សរុប​ចំនួន ២០៧ ក្រុមហ៊ុន និង​មាន​ស្តង់​ពិព័រណ៍​ចំនួន ៣៥០​ស្តង់ ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​សម្ភារ ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ​ប្រមាណ​ជាង ១០០០ ប្រភេទ រួមទាំង ​មាន​សេវា​លក់​អចលនទ្រព្យ ផ្ទះសម្បែង សេវា​ធនាគារ ធានារ៉ាប់រង និង​សេវា​ជាច្រើន​ផ្សេងទៀត ​នេះ​បើតាម​ការ​លើកឡើង​រប​ស់លោក ​ជីវ ស៊ីវ​ផេង ជា​ប្រធាន​អ្នករៀបចំ​កម្មវិធី​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​។

លោក​បន្តថា សម្រាប់​ការ​ពិព័រណ៍​នេះ​ក៏​ជា​ការ​បង្ហាញឱ្យឃើញថា​ កម្ពុជា​មានការ​រីកចំរើន​ជាខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម​សំណង់ ​ហើយ​ពិព័រណ៍​នេះ​ ក៏​ជា​ឱកាស​បង្កើត​ធុរកិច្ច​បន្ថែម​លើ​វិស័យ​សំណង់​ផងដែរ​។

សម្រាប់​ឱកាស​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នេះ ក៏​នឹងមាន​ការរៀបចំ កម្មវិធី​ជួប​សំណេះសំណាល ពិភាក្សា​ធុរកិច្ច​សម្រាប់​ឱ្យ​សមាជិកសមាគម និង​ក្រុមហ៊ុន​លើ​វិស័យ​សំណង់​ដទៃទៀត ពិភាក្សា​ពី​តម្រូវការ​ជាក់ស្ដែង​តាម​ការរីកចំរើន និង​អភិវឌ្ឍន៍​ប្រទេសជាតិ​នាពេល​បច្ចុប្បន្ន​។

ចំពោះ​អ្នក​ដែល​នឹង​ចូលរួម​ក្នុង​កម្មវិធី​នេះ​រួមមាន ក្រុមហ៊ុន​ប្រកប​អាជីវ​កម្ម សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាងសង់ ម្ចាស់​រោងចក្រ​ផលិត និង​លក់​សម្ភារ ​បរិក្ខារ ឧបករណ៍ គ្រឿងចក្រ​សំណង់​គ្រប់​ប្រភេទ ​ក្រុមហ៊ុន​អចលនទ្រព្យ រោងចក្រ​ផលិត​បេតុង ក្រុមហ៊ុន​ដំឡើង​ ប្រព័ន្ធ​អគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុន​ដឹកជញ្ជូន​សម្ភារ​សំណង់ ក្រុមហ៊ុន​ធ្វើ​ពិសោធន៍​ដី ​ក្រុមហ៊ុន​ធ្វើ​សសរ​គ្រឹះ ​និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​ជាច្រើន​ផ្សេងទៀត​។

វិស័យ​សំណង់​ជា​វិស័យ​មួយ​ដែល​មាន​ការរីក​ដុះដាល​ខ្លាំង​មួយ​នៅ​កម្ពុជា ជាក់ស្ដែង​តាម​របាយការណ៍ របស់​ក្រសួង​រៀបចំ​ដែនដី​ បញ្ជាក់ថា សម្រាប់​ខែតុលា​ឆ្នាំ ២០១៩​ កន្លងទៅនេះ​ មាន​គម្រោង​វិនិយោគ​សរុប​ចំនួន ៥៣៤​គម្រោង និង​មាន​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត ១​ពាន់ ៩០​លាន​ដុល្លារ​៕

Loading...