មក​ស្គាល់​​កីឡាការិនី​ម្ចាស់​មេដាយ​មាស​ចំបាប់ពិភព​លោកឥណ្ឌា​ Ritu ​ដៃ​គូ​របស់​ នៅ ស្រីពៅ​ ចុងខែនេះ​

223

 

កីឡា​ការិនី​ចំបាប់​ជម្រើស​ជាតិ​ឥណ្ឌា​ Ritu Phogat បាន​ចូល​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ ONE​ Championship បន្ទាប់​ពី​នាង​បានឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ ​Commonwealth​ Wrestling​ Championship​។

នាង​បាន​ចាប់ផ្ដើម​ហ្វឹក​ហាត់​កីឡា​ចំបាប់​តាំង​ពី​អាយុ​ ៨​ឆ្នាំ​មក​ម្ល៉េះ​ ហើយធ្លាប់បាន​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ឥណ្ឌា​ ២​ លើក​ជាប់​គ្នា​ពោល​គឺ​នៅ​ឆ្នាំ​ ២០១៥​ និង ​២០១៦​​។ បន្ទាប់​មក​ នាង​បាន​សាង​ស្នាដៃ​អន្តរជាតិ​ជា​ច្រើន​ជូន​ជាតិ​ នៅ​ឆ្នាំ​ ២០១៦​ នាង​បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ពី​ព្រឹត្តិការណ៍​ប្រកួត​ Commonwealth Wrestling Championship។ នៅ​ឆ្នាំ​ ២០១៧​ ​ឈ្នះ​មេដាយ​សំរឹទ្ធ​​ជើង​ឯក​ចំបាប់​អាស៊ី​ និង​​ឈ្នះ​មេដាយ​ប្រាក់​​ជើង​ឯក​ចំបាប់​យុវជន​អាយុ​ក្រោម​ ២៣​ឆ្នាំ​ World U23 Championship។​ ហើយនាង​បាន​ក្លាយ​ជា​កីឡា​ការិនី​ឥណ្ឌា​ទី​ ១​ ដែល​បាន​ឈ្នះ​មេដាយ​​​ប្រាក់​ពី​ ព្រឹត្តិការណ៍​ពិភព​លោក​នោះ។

ផ្អែក​តាម​បទ​ពិសោធ​ និង​សមិទ្ធផលនេះគឺ​មាន​ន័យ​ថា​ គុណភាព​កីឡា​ចំបាប់​របស់​នាង​គឺ​ខ្ពស់​កម្រិត​ពិភព​លោក​ដែល​ នឹងអាច​​បង្ក​ហានិភ័យ​ដល់​អ្នក​លេង​គុន​ខ្មែរ​ នៅ​ ស្រីពៅ ដែល​​នឹងត្រូវជួប​គ្នា​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា ខាង​មុខ​នេះ​នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX ក្នុង​ប្រទេស​សិង្ហបុរី។

កីឡា​ការិនី​កម្ពុជា​ នៅ ស្រីពៅ​ ក៏​ធ្លាប់​មាន​បទ​ពិសោធ​ ២ ​លើក​ដែរ​ នៅ​សង្វៀន​ ONE Championship ក្នុង​នោះ​ឈ្នះ​ពិន្ទុ​កីឡា​ការិនី​ថៃ​ Rika​ “Tiny ​Doll”​ Ishige​  និង​ចាញ់​ពិន្ទុ​កីឡាការិនី​ឥណ្ឌូណេស៊ី​ Priscilla​ Hertati​ Lumban​ Gaol​។ ថ្វី​បើ​កីឡាការិនី​កម្ពុជារូប​នេះ​ខ្វះ​បទ​ពិសោធ​ចំបាប់​ ប៉ុន្តែ​នាង​មាន​បទ​ពិសោធ​គុន​ខ្មែរ​ និង​ប្រដាល់​សកល​ច្រើន។

បន្ទាប់​ពី​ជោគជ័យ​ក្នុង​អាជីព​ចំបាប់​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ កីឡាការិនី​ Ritu Phogat បាន​សម្លឹង​ឃើញ​ឱកាស​ល្អ​ទៀត​គឺ​ចាប់​យក​អាជីព​ប្រដាល់​គុន​ចម្រុះ​។ ដូច្នេះ​ហើយ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នាង​បាន​ចុះ​កុងត្រា​ចូល​ស្ថាប័ន​ ONE​ Championship ជា​មួយ​នឹង​គោល​បំណង​ធំ​សម្រាប់​ប្រទេស​ជាតិ​របស់​ខ្លួន។​ Ritu Phogat បាន​ប្រាប់​ពី​គោល​បំណង​ធំ​របស់​ខ្លួន​ថា​ នាង​នឹង​ខិត​ខំ​គ្រប់​បែប​យ៉ាង​ក្នុង​អាជីព​គុន​ចម្រុះ​ដើម្បី​ក្លាយ​ជា​​ កីឡា​ការិនី​ឥណ្ឌា​ទី​១ ​ដែល​ឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ ​ខណៈ​រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​កីឡា​ការិនី​គុន​ចម្រុះ​ឥណ្ឌា​ណា​ឈ្នះ​នៅ​ឡើយ​ទេ។

ចាប់​តាំង​ពី​ចូល​ ONE ជា​ផ្លូវ​ការ​មក​ កីឡា​ការិនី​ឥណ្ឌា​រូប​នេះ​បាន​ឡើង​ប្រកួត​គុន​ចម្រុះ​ពីរ​ដង​ហើយ​ពោល​គឺ​ ឈ្នះ​ទាំង​ពីរ​លើក។ ​លើក​ទី​១​នាង​ផ្តួល​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ Kim Nam Hee ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់ ​ក្នុង​ទឹក​ទី​១​ តាម​រយៈ​កណ្តាប់​ដៃ​នៅ​ប្រទេស​ចិន​ និង​លើក​ទី​២​ ឈ្នះ​ពិន្ទុ​កីឡា​ការិនី​តៃវ៉ាន់​ Chiao​ Chen​ Wu​​ នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២០។ 

​ថ្ងៃ​សុក្រ​ ទី​៣០ ខែ​តុលា​ខាង​មុខ​នេះ ​Ritu ត្រូវ​ជួប​កីឡាការិនី​កម្ពុជា​នៅ​ប្រទេស​សិង្ហបុរី​ដែល​ម្នាក់​ៗ​ សុទ្ធ​តែ​ត្រូវ​បង្ហាញ​ខ្លួន​ប្រកួត​លើក​ទី​ ៣​ដូច​គ្នា។ ប្រសិន​បើ​កីឡាការិនី​ឥណ្ឌា​រូប​នេះ​អាច​យក​ឈ្នះ​ នៅ ស្រីពៅ​បាន​នោះ​មាន​ន័យ​ថា ឈ្នះ​ ៣ ​ប្រកួត​ជាប់​គ្នា​លើ​ឆាក​សង្វៀន​អន្តរជាតិ​នេះ។ 

ជា​ពិសេស​ទៀត​នោះ​ Ritu មាន​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​ដែល​ជា​គោល​ដៅ​ ធំ​បំផុត​របស់​នាង។ យ៉ាង​ណា វា​មិន​ងាយ​ស្រួល​នោះ​ទេ​ ខណៈ​ ស្រីពៅ ជា​កីឡា​ការិនី​ម្នាក់​ដែល​មាន​ជំនាញ​គុន​ខ្មែរ​ ប្រដាល់​សកល និង​គុន​ចម្រុះ​ ដូច្នេះ​ច្បាស់​ណាស់​ថា​ នឹង​ក្លាយ​ជា​ឧបសគ្គ​ធំ​សម្រាប់​កីឡាការិនី​ឥណ្ឌា៕

Loading...