Man City ទទួលបានសមាជិកថ្មីទី​៣ ក្នុងតម្លៃ ៦៥លានផោន នារដូវក្តៅនេះ

112

ក្លិបបាល់ទាត់អង់គ្លេស Manchester City បានចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយកីឡាករខ្សែការពារ Ruben Dias ក្រោយទិញបានពីក្លិប Benfica ក្នុងតម្លៃ ៦៥លានផោននាថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០។

កីឡាករដែលលេងនៅតំបន់ការពារកណ្តាលវ័យទើបតែ ២៣ឆ្នាំ បានក្លាយជាសមាជិកថ្មីទី៣ នារដូវក្តៅនេះក្រោមការបង្វឹករបស់លោក Pep Guardiola បន្ទាប់ពីការមកដល់របស់កីឡាករខ្សែការពារដូចគ្នា Nathan Ake និងខ្សែប្រយុទ្ធ Ferran Torres។

Dias ជាអតីតកីឡាករចេញពីថ្នាលយុវជននៃក្លិបក្នុងស្រុក Benfica ដែលត្រូវបានកោះហៅចូលលេងឈុតធំបាន ១១៣ប្រកួតមកហើយ ជាមួយនឹងការឈ្នះពានលីគកំពូលនៃប្រទេស ស្ថិតនៅអឺរ៉ុបមួយនេះផងដែរនារដូវកាលឆ្នាំ២០១៨-២០១៩ ជាមួយនឹងការបង្ហាញខ្លួនក្នុងជម្រើសជាតិព័រទុយហ្គាល់បាន ១៩ដងមកហើយដែរ៕

Loading...