កីឡាករគុនខ្មែរ ឡៅ ចិត្រានឹងចេញទៅប្រកួតនៅ ONE Championshipជាលើកដំបូងនៅខែកុម្ភៈ

1882

កីឡាករប្រដាល់ល្បីឈ្មោះរបស់កម្ពុជា ឡៅ ចិត្រា នឹងចេញទៅប្រកួតនៅលើសង្វៀន ONE Championship នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។ ការប្រកួតនេះ គឺជាការប្រកួតលើកដំបូងបំផុតរបស់កីឡាករគុនខ្មែរ ឡៅ ចិត្រា នៅសង្វៀន ONE Championship។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីក្លិប Cambodian Top Team ។

ក្លិបCambodian Top Team របស់លោកហ៊ុន ច័ន្ទរាជ ដែលតែងតែនាំកីឡាករប្រដាល់ខ្មែរទៅប្រកួតនៅក្រៅប្រទេស បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៩នេះថា៖ “ អបអរសាទរ! កីឡាករគុនខ្មែរ ឡៅ ចិត្រាមានឈ្មោះប្រកួតនៅលើសង្វៀន ONE Championship ជាផ្លូវការនៅថ្ងៃទី ១៦ កុម្ភៈ ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ ដែលជាថ្ងៃតែមួយជាមួយនឹងកីឡាការនីនៅ ស្រីពៅ”។

ដៃគូប្រកួតរបស់ជើងខ្លាំងកម្ពុជាឡៅ ចិត្រា គឺកីឡាករម្ចាស់ផ្ទះថៃ ស៊ូភើលេក ខេត្តមូកៅ (Superlek kiatmoo9)។ ការប្រកួតរបស់ឡៅ ចិត្រា និងកីឡាករប្រដាល់ថៃ គឺជាការប្រដាល់សេរី(គុនខ្មែរ) ប្រភេទទម្ងន់៦១ គីឡូក្រាម។ ការប្រកួតនេះ មានរយៈពេល៣ទឹក ដោយក្នុងមួយទឹកមានថេរវេលា ៣នាទី និងមានពេលសម្រាក១នាទី៕

Loading...