Messi ចង់ចាកចេញពី Barcelona នៅរដូវក្តៅនេះ

126
Lionel Messi 'wants to leave Barcelona this summer'
Lionel Messi ‘wants to leave Barcelona this summer’

កំពូលតារាឆ្នើមរបស់អាហ្សង់ទីន Lionel Messi ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងដល់ក្លិប FC Barcelona រួចហើយពីបំណងចាកចេញនារដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ 7M Sport ។

Messi មានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពី Barcelona ត្រូវបានធ្លាក់ចេញពី UCL​​ យ៉ាងអាម៉ាស់ កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ ក្រោមថ្វីជើងរបស់ក្រុម Bayern Munich របស់អាល្លឺម៉ង់ដោយលទ្ធផល ៨-២ មិននឹកស្មានដល់។

តាមសេចក្តីរាយការណ៍ Messi បានគំរាមថានឹងលាឈប់ប្រសិនបើមិនមានការរៀបចំរចនាសម្ព័ន្ធឡើងវិញទេនោះ ប៉ុន្តែគាត់មិនមានឆន្ទៈក្នុងការរង់ចាំការផ្លាស់ប្តូរនេះទេ គឺគាត់ចង់ចាកចេញភ្លាមៗតែម្ដង។

ប្រភពដែលជិតស្និទ្ធនឹង Messi ត្រូវបានគេដកស្រង់ចេញផ្សាយថា «គាត់មិនដែលបានឃើញ Leo តាំងចិត្តចាកចេញដូចពេលនេះទេ ដូចករណី Neymar បានចាកចេញពី Barcelona ទៅចូលរួមជាមួយ PSG ក្នុងឆ្នាំ២០១៧ អីចឹង»។

តែបើយោងតាមការចេញផ្សាយរបស់ SportCatalan បានឲ្យដឹងថា Barcelona បានបដិសេធចំពោះការអះអាងនេះ និងបានលើកឡើងថា «គាត់មានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២១ ជាមួយតម្លៃទិញផ្តាច់កិច្ចសន្យាដល់ទៅ ៦៣៣លានផោន ដែលស្មើនឹង ៨២៩លានដុល្លារឯណោះ»។

Messi វ័យ ៣៣ឆ្នាំមានភាពស្រងាកចិត្តក្នុងជីវិតនៅឯក្លិបអ្នកមានបុណ្យតាំងពីកុមារភាពរបស់គាត់ បន្ទាប់ពីមានបញ្ហាជាច្រើនក្នុងរយៈពេលចុងក្រោយនេះ ក្រោមកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅក្រោយ ពេលគាត់អាចចាកចេញពីទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួន ប៉ុន្តែគាត់ហាក់ដូចជាប្តេជ្ញាថា នឹងចាកចេញនៅរដូវក្តៅនេះណាស់។

គួរបញ្ជាក់ថា Messi រកបាន ៣១គ្រាប់ និងបញ្ជូនបាល់បាន ២៦ដងពីការបង្ហាញខ្លួន ៤៤ប្រកួតគ្រប់កម្មវិធីប្រកួតទាំងអស់នៅរដូវកាលនេះដោយពុំឈ្នះពានរង្វាន់ណាមួយឡើយ៕

Loading...