កុក បូរីស៖ កីឡាករក្មេងៗភ្នំពេញក្រោនមានការរីកចម្រើនជាងមុន

121

ខ្សែការពារ កុក បូរីស បានវិលមករួមរស់ជាមួយភ្នំពេញក្រោនសាជាថ្មីនៅរដូវកាល ២០២០ នេះ ក្រោយវិលទៅបារាំងវិញកាលដើមឆ្នាំ ២០១៨។  គេធ្លាប់ចំណាយពេលនៅក្រុមជើងឯក MCL ៦សម័យពី ២០១២ ដល់ដំណាច់ ២០១៧ ។

បន្ទាប់ពីខកខានលេងជាមួយគ្នាពីររដូវកាលមក បូរីស មើលឃើញថា កីឡាករក្មេងៗភ្នំពេញក្រោនភាគច្រើនមានការរីកចម្រើនជាងមុន ព្រោះពួកគេបានប្រលូកច្រើនក្នុងការប្រកួត Metfone Cambodian League និងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន។ យ៉ាងណា ប្រសិនបើសមាជិកវ័យក្មេងទាំងនោះទទួលបានបទពិសោធច្រើនថែមទៀត គេជឿជាក់ថា ភ្នំពេញក្រោននឹងមានលទ្ធភាពឈ្នះពានរង្វាន់ធំៗក្នុងស្រុកទាំងពីរ។

បូរីស បង្ហាញការយល់ឃើញបែបនេះ៖ “នៅមុនរដូវកាល២០១៨ ពួកគេជាកីឡាករក្មេងៗ តែឥឡូវនេះពួកគេធំៗអស់ហើយ មានការរីកចម្រើនជាងមុនហើយ ដូចជា ប៉ូលីន, បារាំង, មូស្លីម, សាហ្វី អីជាដើមដែលពួកគេលេងនៅ MCL និងពានសម្ដេចបានច្រើន។ ខ្ញុំគិតថា ពួកយើងនឹងមានលទ្ធភាពឈ្នះ MCL និងពានសម្ដេចនៅរដូវកាលក្រោយ” ។

កុក បូរីស បានរួមចំណែកជួយភ្នំពេញក្រោន ឈ្នះជើងឯក Metfone Cambodian League ពីរលើកនៅឆ្នាំ ២០១៤ និង ២០១៥ ហើយពីពេលនោះមក ពួកគេក៏ប្រើធនធានយុវជនផ្ទាល់ខ្លួនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

ដោយឡែក នៅរដូវកាល២០២០នេះ ភ្នំពេញក្រោន ទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្របខណ្ឌ Metfone Cambodian League។ ចំណែកក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិវិញ ក្រុមលោក ស៊ុំ វណ្ណា បានចាញ់ណាហ្គាវើលដ៍ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នៅថ្ងៃពុធ ទី២១ ខែតុលា៕

ប្រភព៖ CNCC

Loading...