ក្រុមហនុមាន ឈ្នះជើងឯកកីឡាបាល់ឱប ថ្នាក់ជាតិឆ្នាំ២០១៩

737
Hanuman player of the tournament

ភ្នំពេញ៖ ក្រុមហនុមានបានឈ្នះជើងឯកកីឡាបាល់ឱបជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ បន្ទាប់ពី​បានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ នៅទីលានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក នួន ឡេង អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ឱបកម្ពុជាបានឱ្យដឹងថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ក្រោមការគាំទ្រកញ្ចប់ថវិកាអភិវឌ្ឍរបស់ក្រសួងអប់រំ យុវជន និង​កីឡា គឺមានការបែងចែកចេញជាកម្រិតអាយុ ហើយជាលទ្ធផលផ្នែកក្រុមធំ ចំណាត់ថ្នាក់លេខ១​ មេដាយមាស បានទៅលើក្រុមហនុមាន, មេដាយប្រាក់ ក្រុមក្រសួងមហាផ្ទៃ និងមេដាយសំរឹទ្ធិ បានទៅលើក្រុមហ្គារូដ៉ា-B។ លោកបន្ដថា ជ័យលាភីយុវជនអាយុក្រោម១៨ឆ្នាំ ចំណាត់ថ្នាក់លេខ១ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ (PSE  U18), លេខ២ ក្រុមគ្រួសារថ្មី។ ផ្នែកយុវជននារី លេខ១​ ក្រុម​អង្គការដើម្បីភាពញញឹមនៃកុមារ និងលេខ២ ក្រុម Sunrise Cambodia ខណៈផ្នែក កុមារអាយុ​ក្រោម១២ឆ្នាំ ចំណាត់ថ្នាក់លេខ១ ក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ និងលេខ២ ក្រុម Sunrise Cambodia​ ។

លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបាន​លើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងឈុតធំ និងឈុតថ្នាល​គ្រប់កម្រិតទាំងអស់គប្បីត្រូវខិត​ខំប្រឹង​ប្រែងការហ្វឹកហាត់ និងការប្រកួតឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីគោលដៅនៃការអភិវឌ្ឍ​វិស័យកីឡា​បាល់ឱបនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ពីព្រោះថា ការប្រកួតនេះមិនត្រឹមតែមានការប្រកួត​ថ្នាក់​ជាតិ ឬក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ យើងក៏មានការប្រកួតលក្ខណៈអន្តរជាតិជាច្រើនទៀត នាថ្ងៃអនាគត ជាពិសេសគឺស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕

Loading...