គ្រូបង្វឹកប្រដាល់សកល ទទួលបានចំណេះដឹងបន្ថែមលើចំណុចដែលខ្វះខាតរបស់គ្រូបង្វឹក

87

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកប្រដាល់សកលត្រូវបានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយបានបញ្ជ្រាបនូវចំណេះដឹងបន្ថែមលើចំណុចដែលខ្វះខាតរបស់គ្រូបង្វឹក ដើម្បីបំពេញនូវគុណភាពបន្ថែម ក៏ដូចជារួមចំណែកអភិវឌ្ឍវិស័យកីឡាប្រដាល់សកលនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលើកឡើងថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបានច្រើនទាក់ទងនឹងមូលដ្ឋានគ្រឹះនៃជំនាញកីឡាសកល។ ពីមុនមក ទោះពួកគាត់ជាគ្រូបង្វឹកមែន ប៉ុន្តែមិនសូវបានចូលរួមវគ្គបណ្តុះបណ្តាលជាផ្លូវការច្រើនទេ ដោយវគ្គនេះគឺជាឱកាសទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះខាត ដែលកំពុងធ្វើការរាល់ថ្ងៃ ព្រោះវគ្គនេះបង្រៀនដោយគ្រូឧទ្ទេសជនជាតិអង់គ្លេស ដែលមានបទពិសោធន៍ជិត៣០ឆ្នាំមកហើយ។ នេះគឺជាគោលដៅដ៏ធំចម្បងរបស់ខ្លួន សម្រាប់បង្កើនទាំងបរិមាណ និងគុណភាពទាំងគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាល សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ សិក្ខាកាមចូលរួមមានចំនួន២៩នាក់ មកពីរាជធានីភ្នំពេញ កំពង់ឆ្នាំង កំពត និងមកពីខេត្តមណ្ឌលគីរី ដោយក្នុងចំណោមនេះមានគ្រូបង្វឹកចំនួន៤នាក់ ទទួលបាននិទ្ទេសល្អ មធ្យម២០នាក់ និង ៥នាក់ខ្សោយ។

អគ្គលេខាធិការូបនេះអះអាងទៀតថា បច្ចុប្បន្នបណ្តាក្លឹបមួយចំនួន ភាគច្រើនមានកីឡាប្រដាល់គុនខ្មែរ ហើយ ក្រោយពីវគ្គនេះតទៅ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានលើកទឹកចិត្តជូនដល់ក្លឹបនានាឲ្យមានរៀបចំកីឡាប្រដាល់សកលរួមជាមួយគ្នាផងដែរ។ បើប្រៀបធៀបទៅនឹងប្រដាល់សកល និងប្រដាល់គុនខ្មែរ គឺប្រដាល់គុនខ្មែរមានភាពល្អប្រសើរជាង មានប្រជាប្រិយភាពខ្លាំងជាងឆ្ងាយពីប្រដាល់សកល ដោយសារមានការប្រកួតនៅតាមស្ថានីយទូរទស្សន៍ច្រើន ប៉ុន្តែបើពិនិត្យមើលលើការប្រកួតប្រជែងមេដាយ នៅលើឆាកអន្តរជាតិ គឺមានភាពប្រហាក់ប្រហែលគ្នា ជាក់ស្តែងដូចជា ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ ប្រទេសហ្វីលីពីនកន្លងទៅ គឺប្រភេទកីឡាប្រដាល់សកលដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង ដែលនេះគឺជាសមិទ្ធផលដ៏ល្អរបស់វិស័យកីឡាប្រដាល់សកល ក្នុងការប្រជែងយកមេដាយមកជូនជាតិ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាប្រដាល់សកលត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដោយពិធីបិទនេះទទួលបានការផ្តល់កិតិ្តយសពីលោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកល៕ CAMSOC

Loading...