FA ដាក់​​ពិន័យ​​គ្រូបង្វឹក Wolves លោក Santo ករណី​រត់​ចូល​ទីលាន

279

ក្រុងឡុងដ៍ៈ លោក Nuno Espirito Santo ដែលជាគ្រូបង្វឹករបស់ក្លឹប Wolverhampton Wanderers បាន​ប្រឈម​នឹង​ការពិន័យបន្ថែមពីលើការទទួលបានកាតក្រហម ពីសហព័ន្ធបាល់ទាត់អង់គ្លេស (FA) បន្ទាប់​ពីត្រូវអាជ្ញាកណ្តាល Chris Kavanagh បណ្តេញចេញពីទីលានប្រកួតកាលពីថ្ងៃសៅរ៍ ទី១៩ ខែមករា ចុងសប្តាហ៍មុន។

ការប្រកួតក្នុងក្របខណ្ឌ Premier League រដូចកាលឆ្នាំ២០១៨-២០១៩ ក្នុងសប្តាហ៍ទី២៣ ដែលក្រុម Wolves បានយកឈ្នះក្រុមភ្ញៀវ Leicester City ក្នុងលទ្ធលផ ៤-៣ ខណៈកីឡាករវ័យក្មេង Diogo Jota ជាអ្នកស៊ុតគ្រាប់ជ័យជម្នះនៅនាទីទីចុងម៉ោង ពេលនោះលោក Nuno បានរំភើបចិត្តខ្លាំងរហូតភ្លេចខ្លួន ស្ទុះរត់ចូលទៅក្នុងទីលាន ទៅសាទរគ្រាប់បាល់ជ័យជម្នះជាមួយកីឡាកររបស់ខ្លួន ក៏ធ្វើឲ្យលោក Kavanagh មើលឃើញពីកំហុសរបស់គ្រូបង្វឹកវ័យ ៤៤ឆ្នាំ ហើយបានផ្តល់កាតក្រហមតែម្តង និងមិនឲ្យឈរនៅក្នុងទីលានប្រកួត។

នៅរដូវកាលថ្មីនេះ ក្របខណ្ឌអង់គ្លេស Premier League សហព័ន្ធបាល់ទាត់អង់គ្លេស FA បានចេញច្បាប់ឲ្យដូចក្របខណ្ឌធំៗផ្សេងទៀតដែរ នោះគឺគ្រូបង្វឹក ឬបុគ្គលិករបស់ក្លឹបទាំងអស់ អាចនឹងទទួលបានកាតលឿង ឬកាតក្រហម ពិន័យដូចកីឡាករលើទីលានដែរ ប្រសិនបើពួកគេទាំងនោះ បានធ្វើឲ្យមានភាពអសណ្តាប់ធ្នាប់ក្នុងពេលប្រកួតគ្រប់ទម្រង់រូបភាព៕

Loading...