ចាន់ វឌ្ឍនាកា អះអាងថា មួយ​គ្រាប់​យប់មិញ ជា​កម្លាំង​ជំរុញ​ទឹកចិត្ត​របស់គេ​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី

711

ម៉ាឡេស៊ី៖ នៅ​យប់មិញ​នេះ ក្រុម PKNS របស់​កីឡាករ​ឆ្នើម​កម្ពុជា​ចាន់ វ​ឌ្ឈ​នា​កា​បាន​យកឈ្នះ ក្រុម Melaka ៣-២ ក្នុង​ពានរង្វាន់ Malaysia FA Cup។ ៣គ្រាប់​របស់​ក្រុម PKNS ក៏​រកបាន​មួយ​គ្រាប់​ដោយ​កីឡាករ​ចាន់ វឌ្ឍនាកា​របស់​កម្ពុជា​ផងដែរ។

សម្រាប់​កីឡាករ​ចាន់ វឌ្ឍនាកា មួយ​គ្រាប់​នៅ​យប់មិញ​នេះ គឺជា​កម្លាំង​ជំរុញ​ទឹកចិត្ត​ឱ្យគេ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​សម្រាប់​ក្រុម​របស់គេ​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី។ កីឡាករ​រូបនេះ​បញ្ជាក់ប្រាប់​វេ​ប​សាយ​គណៈកម្មការ​ប្រកួត​បាលទាត់ជាតិ​កម្ពុជា​យ៉ាង​ដូច្នេះ​ថា៖ «វា​ជា​ក្ដី​រីករាយ​មួយ​សម្រាប់​ខ្ញុំ ដែល​បាន​ទាត់​បញ្ចូល​ទី និង​ជួយ​ក្រុម​ទៅ​វគ្គ​បន្ត។ គ្រាប់​បាល់​នេះ ជា​កម្លាំង​ជំរុញ​មួយ​បន្ថែមទៀត ឲ្យ​ខ្ញុំ​កាន់តែ​អារម្មណ៍​ស្រស់ថ្លា ហើយ​ផ្ដោតលើ​ការធ្វើការ​ឲ្យ​បានល្អ​ក្នុង​ក្រុម។ ខ្ញុំ​សូម​អរគុណ​ដល់​លោកគ្រូ Rajagopal មិត្ត​រួម​ក្រុម រួម​និង​អ្នកគាំទ្រ PKNS ពិសេស​អ្នកគាំទ្រ​ខ្ញុំ​នៅ​កម្ពុជា​ទាំងអស់ ដែល​តែង​ផ្ដល់​កម្លាំងចិត្ត និង​ពាក្យ​ដាស់តឿនល្អៗដល់​ខ្ញុំ»។

ជាមួយគ្នានេះ កីឡាករ​ឆ្នើម​ចាន់ វឌ្ឍនាកា ក៏បាន​លើកឡើង​ផងដែរ​ថា ការរកបាន​គ្រាប់​បាល់​របស់គេ​នេះ គឺ​គ្រាន់តែ​ជាការ​ចាប់ផ្ដើម​ប៉ុណ្ណោះ​សម្រាប់​ដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ និង​សម្បូរ​ដោយ​ឧបសគ្គ។ បើទោះជា​បែបនេះ​ក្តី ចាន់ វឌ្ឍនាកា បានបង្ហាញ​ការតាំង​ចិត្ត​ថា នឹងធ្វើ​ឱ្យបាន​កាន់តែ​ប្រសើរ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត ដើម្បី​រក្សា និង​ពង្រីក​កិត្តិនាម​របស់ខ្លួន​ក្នុង​កម្រិត​អន្តរជាតិ។ នេះ​បើតាម​ការចុះផ្សាយ​របស់​វេ​ប​សាយ​គណៈកម្មការ​ប្រកួត​បាលទាត់ជាតិ​កម្ពុជា។

សូម​ជម្រាបថា កីឡាករ​ចាន់ វឌ្ឍនាកា រក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​ហើយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ក្រោយពី​គេ​បាន​ផ្លាស់​ទៅលេង​ឱ្យ​ក្លិប PKNS។ កីឡាករ​រូបនេះ បាន​ទាត់​ចូល​គ្រាប់​ទី១ នៅក្នុង​ក្របខណ្ឌ Malaysia Super League និង បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​បញ្ចប់​ទី​បាន​ចំនួន៣លើក​ថែម​ទៀត​។ ចំណែក នៅ​យប់មិញ​នេះ គឺជា​គ្រាប់​បាល់​ដំបូង​នៅក្នុង​ក្របខណ្ឌ Malaysia FA Cup និង​ បាន​ជួយ​ក្រុម​PKNS ឡើងទៅ​វគ្គ១/៨ក្រុម៕

ទស្សនាវីដេអូខាងក្រោម៖

Loading...