CBF រំពឹងបង្កើនបានមេដាយ ២គ្រឿងបន្ថែមទៀតនៅស៊ីហ្គេម ២០១៩​ ប្រទេសហ៊្វីលីពីន

518

ភ្នំពេញ៖ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា (Cambodia Boxing Federation – CBF) លោក ប៊ុយ សុភ័ណ្ឌ បានបង្ហាញគោលដៅដល់ថ្នាក់ដឹកនាំរបស់ខ្លួនថា សម្រាប់ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ៊្វីលីពីនពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សហព័ន្ធបានប្តេជ្ញាចិត្តថាធ្វើយ៉ាងណាខិតខំប្រជែងយកមេដាយឱ្យបាន ២គ្រឿង បន្ទាប់ពីស៊ីហ្គេម ២លើកចុងក្រោយ ប្រដាល់សកលធ្លាប់ឈ្នះមេដាយប្រាក់ ១គ្រឿង និងសំរឹទ្ធិ ១គ្រឿងប៉ុណ្ណោះ។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា សម្រាប់ការហ្វឹកហាត់ត្រៀម ស៊ីហ្គេម ឆ្នាំ២០១៩ នេះ គឺសហព័ន្ធបានត្រៀមខ្លួនយ៉ាងល្អប្រសើរជាងលើកមុន ហើយបង្កើនអត្តពលិករហូតដល់ ៧នាក់ ដែលត្រូវប្រកួតលើ ៧ប្រភេទទម្ងន់។ ជាមួយនឹងការប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចជាកីឡាករ កីឡាការិនីនោះ គឺប្រដាល់សកលប្តេជ្ញាធ្វើយ៉ាងណាដណ្តើមមេដាយឱ្យបាន ២គ្រឿង មិនថាមេដាយមាស ប្រាក់ ឬ សំរឹទ្ធិឡើយ។ ផែនការដណ្តើមយកមេដាយឱ្យបាន ២គ្រឿងនេះ គឺដើម្បីបំបែកកំណត់ត្រាចាស់ ដែលខ្លួនធ្លាប់ឈ្នះត្រឹមមេដាយសំរឹទ្ធិ ១គ្រឿង កាលពីស៊ីហ្គេម ឆ្នាំ២០១៧ និងធ្លាប់ឈ្នះមេដាយប្រាក់ ១គ្រឿង កាលពីស៊ីហ្គេម ឆ្នាំ២០១៥ ដើម្បីសម្រេចគោលដៅ ក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

អគ្គលេខាធិការរូបនេះបានអះអាងទៀតថា ក្រៅពីការហ្វឹកហាត់នៅក្នុងស្រុក គឺសហព័ន្ធបានត្រៀមបញ្ជូនកីឡាករម្នាក់ និងកីឡាការិនី ២នាក់ ទៅហ្វឹកហាត់នៅប្រទេសជប៉ុន ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដោយឡែកកីឡាករ ៤នាក់ផ្សេងទៀតនឹងត្រូវទៅហ្វឹកហាត់នៅប្រទេសថៃ រយៈពេល១ខែ មុន ស៊ីហ្គេម ចូលមកដល់។

ការហ្វឹកហាត់ក្រៅប្រទេសនេះ គឺជាឱកាសបង្កើនគុណភាពបច្ចេកទេសបន្ថែម សម្រាប់ពួកគេ ក្នុងការដណ្តើមមេដាយយកមកជូនជាតិ។ សម្រាប់ការហ្វឹកហាត់នៅប្រទេសជប៉ុនមាន៤នាក់ រួមទាំងគ្រូបង្វឹក គឺទទួលបានកញ្ចប់ថវិកាឧបត្ថម្ភប្រមាណ ៥ពាន់ដុល្លារ លើថ្លៃសំបុត្រយន្តហោះពី CAMSOC ។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនីចំនួន ៧នាក់នេះ មានកីឡាករ ៥នាក់ រួមមាន៖ សៅ រង្សី, បាំង ណុន, ណាត សៀកនិន (ហៅពេជ្រ ម្ទេសខ្មាំង), ស៊ឹម វិសិដ្ឋ និងកីឡាករ យ៉ុន ដារ័ត្ន ។ រីឯកីឡាការិនី រួមមាន៖ នៅ ស្រីពៅ និង វី ស្រីខួច។ កីឡាប្រដាល់សកលនេះត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា ចាត់ចូលជាប្រភេទកីឡាមានសក្តានុពលមួយក្នុងប្រភេទកីឡាសក្តានុពលចំនួន៩ ក្នុងការដណ្តើមយកមេដាយ៕​ AKP

Loading...