កីឡារាំកម្ពុជាជឿជាក់កាន់តែ​ខ្លាំងក្នុងការប្រជែងយកមេដាយមាសនៅស៊ីហ្គេម

372

ភ្នំពេញ៖ បន្ទាប់ពីដណ្តើមបានមេដាយមាស ១គ្រឿង និងប្រាក់ ២គ្រឿង ពីព្រឹត្តិការណ៍កីឡារាំអាស៊ី អគ្គ​លេខាធិការសហព័ន្ធកីឡារាំកម្ពុជា លោកស្រី ហង់ ស៊ីមន បានដាក់នូវភាពជឿជាក់កាន់តែ​ខ្លាំង ក្នុងការប្រជែងយកមេដាយមាស សម្រាប់ការចូលរួមជាលើកដំបូងរបស់ខ្លួន នៅក្នុង ស៊ីហ្គេម លើកទី៣០ ប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ។

លោកស្រីអគ្គលេខាធិការបានបង្ហាញភាពជឿជាក់បែបនេះ នៅក្នុងឱកាសវិលត្រឡប់មកដល់​មាតុប្រទេសរបស់ជម្រើសជាតិកីឡារាំកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពី​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ២០១៩។

លោកស្រី ហង់ ស៊ីមន បានលើកឡើងថា ជាមួយ នឹងលទ្ធផលដ៏គាប់ប្រសើរលើស​ពីការរំពឹងទុកមួយនេះប្រភេទកីឡារាំកម្ពុជាសង្ឃឹម កាន់តែខ្ពស់ ក្នុងការប្រជែងយកមេដាយ​មាស សម្រាប់ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។ លោកស្រីបន្ថែមថា កីឡាករ កីឡាការិនីរាំកម្ពុជា បានចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡា រំាអាស៊ី និងពិភពលោក នៅតៃប៉ិ ដោយមាន១៧ប្រទេសចូលរួម។ ក្នុងនាមសហព័ន្ធ អ្នកស្រីបានបង្ហាញនូវ មោទន​ភាព ដែលកីឡាករកីឡាការិនីជម្រើសជាតិកីឡារាំកម្ពុជាបានខិតខំអស់ពីសមត្ថភាព​ទាំងពេល​ហ្វឹកហាត់ និងការប្រកួត ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះទទួលលទ្ធផលជាផ្លែផ្កាយកមកជូន​ជាតិ។ លោកស្រីបានចាត់ទុកថា នេះគឺជាជោគជ័យថ្មីមួយបន្ថែមទៀត សម្រាប់វិស័យកីឡារាំ​កម្ពុជា ដើម្បីត្រៀមខ្លួនចូលស៊ីហ្គេម ឆ្នាំនេះផងដែរ។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនីកីឡារាំបានបញ្ចប់បេសកកម្មដោយជោគជ័យ ដោយ​បាននាំយកមេដាយ ៣គ្រឿង ដោយកីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ដណ្តើមបានមេដាយមាស ១ វិញ្ញាសា ក្នុងការប្រកួត ADSF Asian Adult Open Latin Dance 2019 និង មេដាយប្រាក់ ចំនួន ២គ្រឿង ក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Double និងចំណាត់ថ្នាក់លេខ ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019។ កីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ដណ្តើមបាន​ចំណាត់​ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារំាអាស៊ី ADSF Single Dance Jive និងចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 & Youth Open Grade C Latin Dance៕

Loading...