កម្ពុជា បំបាក់ទីម័រខាងកើត ៥-០ ឡើងឈរកំពូលតារាងបណ្ដោះអាសន្នក្នុងពូល

513

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិទីម័រខាងកើត អាយុក្រោម ២២ឆ្នាំ ក្នុងជំនួបទី២ ក្នុងពូល A នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយលទ្ធផល ៥​ ទល់ ០ ។ លទ្ធផលនេះ បានធ្វើឲ្យកម្ពុជា ឈរនៅលេខ១ ជាបណ្ដោះអាសន្នក្នុងពូល A ។

នៅដើមនាទីវគ្គទី១ កម្ពុជា មានឱកាសគ្រប់ដណ្ដប់ច្រើនជាង ថែមទាំងមានឱកាសជាច្រើនលើកច្រើនសារ រហូតដល់អាចរកគ្រាប់បាល់នាំមុខមុនដោយកីឡាករ ស៊ិន កក្កដា តាមរយៈបាល់ទាត់ Free​ kick នៅនាទី៨ ហើយបានរក្សាលទ្ធផល ១ទល់០ នេះ រហូតដល់ចប់វគ្គទី១។

ចូលដល់វគ្គទី២ ការប្រកួតកាន់តែជក់ចិត្តស្របពេល កម្ពុជា កាន់តែមានទំនុកចិត្តជាងមុនតាមរយៈការបង្ហាញទម្រង់លេងបានយ៉ាងល្អ ក៏មានឱកាសច្រើនផងដែរប៉ុន្តែមិនអាចធ្វើអ្វីបានឡើយ រហូតដល់នាទី៧០ កីឡាករ រ៊ឹង ប៊ុនហៀង បានរកគ្រាប់ទី២ សៀង ចន្ធា រកគ្រាប់ទី៣ កែវ សុខផេង បានបន្ថែមគ្រាប់ទី៤ ឲ្យកម្ពុជា និងរហូតដល់ម៉ោងបន្ថែមទៅហើយ រ៊ឹង ប៊ុនហៀង បន្ថែមរកបានមួយគ្រាប់ទៀត ចប់ការប្រកួត កម្ពុជា ៥:០ ទីម័រខាងកើត៕

Loading...