កក្រើកហើយ! ក្រុមបាល់ទាត់ តារាកម្ពុជា ប៉ះ តារាថៃ​​ នៅថ្ងៃទី២៩ សីហានេះ

505

ភ្នំពេញ៖ ក្រុមបាល់ទាត់ តារាកម្ពុជា និងក្រុមបាល់ទាត់ តារាថៃ នឹងត្រូវជួបគ្នាក្នុងជំនួបមិត្តភាពសប្បុរសធម៌ ដើម្បីរកថវិកាជូនមូលនិធិគន្ធបុប្ឋាកម្ពុជា នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ខណៈគណៈកម្មការរៀបចំ រំពឹងព្រឹត្តិការណ៍នេះ នឹងទទួលបានការគាំទ្រខ្លាំងពីមហាជន មិនចាញ់ក្រុមអាជីព ឬក្រុមជម្រើសជាតិប្រកួតឡើយ។

លោក អ៊ិន សុភិន ដែលជាអគ្គនាយកផលិតកម្មមហាហង្ស និងជាដៃគូសហការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះ បានបញ្ជាក់ថា ទាំងក្រុមបាល់ទាត់ តារាកម្ពុជា និង ថៃ នឹងបង្ហាញនូវបច្ចេកទេស​ និងការប្រកួតប្រជែងដ៏ស្វិតស្វាញលើទីលាន នាសប្ដាហ៍ក្រោយនេះ។ 

 

លោកបន្ដថា ក្រៅពីការជួបគ្នា រវាងក្រុមតារា កម្ពុជា និង តារាថៃ ក៏មានការប្រកួតរវាងក្រុម បឹងកេត និងក្រុមមផលិតកម្មមហាហង្ស ហើយក៏មានការប្រគុំតន្ដ្រី ដោយមានការចូលរួមពីតារាល្បីៗកម្ពុជា និងថៃទៀតផង។ 

ដូច្នេះគណៈកម្មការបានត្រៀមសំបុត្រចូលរួមទស្សនារហូតដល់ទៅ ៤០,០០០សន្លឹកឯណោះ សម្រាប់ត្រៀមស្វាគមន៍អ្នកគាំទ្រជាតិ និងអន្ដរជាតិ ខណៈសំបុត្រចូលរួមទស្សនាមានតម្លៃ ១ម៊ឺនរៀល  និង ៥ពាន់រៀល។

គួរបញ្ជាក់ថា ចំពោះថវិកាទទួលបានពីការលក់សំបុត្រ និងការឧបត្ថម្ភនានា ក្រោយសល់ពីការចំណាយ នឹងត្រូវប្រគល់ជូនមូលនិធិគន្ធបុប្ឋាកម្ពុជាទាំងអស់៕

 រូបភាព៖ ផលិតកម្មមហាហង្ស – Mohahang Production

Loading...