តោះ​គាំ​ទ្រ​កម្ពុជាប៉ះហុងកុងម៉ោង៦កន្លះល្ងាចនេះក្នុង​វគ្គចម្រុះ​ World Cup

405

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសហុងកុង នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតដំបូងក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី។

នេះគឺជាការជួបគ្នាសារជាថ្មី ក្រោយខកខាន ៣ឆ្នាំ បន្ទាប់ពីក្រុមទាំងពីរធ្លាប់ប្រកួតមិត្តភាពផ្លូវការ ២លើក កាលពីខែកញ្ញា និងខែតុលា ឆ្នាំ២០១៦។ ប៉ុន្ដែក្រឡេកទៅមើលប្រវត្តិធ្លាប់ជួបគ្នា ៥លើកចាប់ពីឆ្នាំ១៩៥៧ រហូតដល់ឆ្នាំ២០១៦ កម្ពុជា ពុំធ្លាប់ឈ្នះ ឬស្មើហុងកុងម្ដងឡើយ។ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមគោព្រៃកម្ពុជា អាចបំបែកកំណត់ត្រាអាក្រក់មួយនេះបានឬក៏អត់?

លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ការប្រកួតដ៏សំខាន់ និងអស្ចារ្យនេះ ដ្បិតលោកទទួលស្គាល់ហុងកុង គឺជាក្រុមខ្លាំង និងកីឡាករមានកាយសម្បទាល្អ។ យ៉ាងណាមិញលោកថា ក្រុមខ្លួននឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើន ពិសេសគឺការលេងដោយទំនុកចិត្ត ក្លាហាន និងមានឆន្ទៈក្នុងការប្រយុទ្ធជានិច្ច។

ចំណែកលោក Mixu Paatelainen គ្រូបង្វឹកហុងកុងក៏បានបញ្ជាក់ក្នុងសន្និសីទដែរថា ទោះបីកីឡាករមួយចំនួនរបួស តែមិនមានបញ្ហាសម្រាប់ក្រុមឡើយ។ ប៉ុន្ដែលោកក៏បានទទួលស្គាល់កម្ពុជា គឺជាក្រុមមានសមត្ថភាព និងមានការរៀបចំក្រុមបានល្អ ពោលគឺកម្ពុជាបច្ចុប្បន្ន មិនមែនកម្ពុជាពីមុននោះទេ។ ហេតុនេះលោកជឿជាក់ការប្រកួតល្ងាចនេះ នឹងក្លាយជាការប្រកួតដ៏ធំ និងទាក់ទាញផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីការប្រកួតនេះ កម្ពុជា និងហុងកុង នឹងដើរតួធ្វើជាម្ចាស់ផ្ទះរៀងៗខ្លួន សម្រាប់ការប្រកួតទី២ ក្នុងពូល C ក្នុងនោះកម្ពុជា ត្រូវបន្ដបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិបារ៉ែនវិញម្ដង ខណៈហុងកុង ត្រូវត្រឡប់ទៅបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលជាក្រុមខ្លាំងក្នុងពូលនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕

Loading...